34 C
Phnom Penh

ក្រុម​ឃ្លាំមើល៖ និទ្ទណ្ឌភាព​នៅ​កម្ពុជា​នឹង​បន្ត​កើត​មាន​នៅ​ថ្ងៃ​មុខ បើ​ពលរដ្ឋ​មិន​ចូលរួម​លុប​បំបាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​នឹង​នៅតែ​បន្ត​កើតមាន​ទៅ​ថ្ងៃ​មុខ ប្រសិនបើ​ពលរដ្ឋ​មិន​ចូលរួម​លុប​បំបាត់ និង​មិន​ឱ្យ​តម្លៃ​លើ​វីរភាព​របស់​អ្នក​ដែល​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​សម្រាប់​សង្គម​ជាតិ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា ទេ​នោះ។

អតីត​តំណាង​សហជីព​សេរី​កម្មករ និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា អស់​រយៈពេល​ជិត ២០​ឆ្នាំ​ហើយ ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​លោក ជា វិជ្ជា នៅតែ​គ្មាន​ពន្លឺ​យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​ដដែល ដែល​បញ្ហា​នេះ​នឹង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ប្រទេស​មួយ​ដែល​កើតមាន​នូវ​អំពើ​និទ្ទណ្ឌភាព​ធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​រក​មុខ​ឃាតករ​ពិត​មិន​ឃើញ​នេះ មិនមែន​កើតឡើង​តែ​ទៅ​លើ​លោក ជា វិជ្ជា នោះ​ទេ ប៉ុន្តែ​ឧក្រិដ្ឋកម្ម​បែប​នេះ​ក៏​បាន​កើតឡើង​ទៅ​លើ​មនុស្ស​ល្បីៗ​ជាច្រើន​ផ្សេង​ទៀត​ដែល​ឃាតករ​ពិត​នៅតែ​មិន​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ដូច​គ្នា។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ​រូប​នេះ​អះអាង​ថា តំណាង​សហជីព តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅតែ​ទន្ទឹង​រង់ចាំ​ចំណាត់ការ​របស់​រដ្ឋាភិបាល​វែក​មុខ​រក​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា គ្រប់​គ្នា បើ​ទោះបីជា​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ​កន្លង​ទៅ​ជិត ២​ទសវត្ស​ទៅ​ហើយ​ក្តី។

លោក វន់ ពៅ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា និង​សកម្មជន​សង្គម​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​ទាំង​អយុត្តិធម៌ ដែល​ឃាតករ​ពិត​មិន​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​រហូត​មក​ដល់​ពេលនេះ ដើម្បី​បញ្ចប់​នូវ​វប្បធម៌​និទ្ទណ្ឌភាព​កុំ​ឱ្យ​កើតមាន​បន្ត​ទៀត និង​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម​ផង​ដែរ។

កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ ថ្នាក់​ដឹកនាំ សមាជិក​សហព័ន្ធ​សហជីព​សេរី​កម្មករ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដូចជា​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្ដិ​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​មក​ជួបជុំ​គ្នា​ស្ថិត​នៅ​ទីតាំង​តម្កល់​រូបសំណាក​របស់​លោក ជា វិជ្ជា ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ កន្លងទៅ។

ក្រុម​សហជីព​ប្រារព្ធ​ពិធី​រំលឹក​ខួប ១៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា។ (រូបថត​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ ដោយ VOD)

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​អះអាង​ថា ការ​ជួបជុំ​គ្នា​ក្នុង​ពិធី​រំលឹក​ខួប ១៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា នេះ គឺ​ដើម្បី​រំលឹក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា និង​​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក​កាល​នៅ​រស់​រាន​មាន​ជីវិត ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​កម្មការិនី ដែល​លោក​ធ្លាប់​បាន​ដឹកនាំ និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កន្លងមក។

ថ្នាក់​ដឹកនាំ សមាជិក​សហព័ន្ធ​សហជីព​សេរី​កម្មករ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់ គ្រប់​ផ្នែក ជាពិសេស​រដ្ឋាភិបាល​កម្ពុជា ចាត់ការ​ស៊ើបអង្កេត​តាម​នីតិវិធី​ស្វែងរក​មុខ​ឃាតករ​ពិតប្រាកដ និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ សាច់ញាតិ​ជនរងគ្រោះ ឈាន​ទៅ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​កម្មករ​ចាត់ទុក​ថា​ជា​មេ​សហជីព​ដ៏​ក្លាហាន ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​កែង​របង​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ ប៉ុន្តែ​មុន​ឃាតករ​បាញ់​សម្លាប់ លោក ជា វិជ្ជា បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​គំរាម​ផ្ដាច់​ជីវិត​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៣ ជា​មុន​ផង​ដែរ ស្រប​ពេល​ដែល​លោក​កំពុង​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ទាមទារ​ឱ្យ​កម្មករ​ហ៊ាន​តវ៉ា​ចំពោះ​ថៅកែ​រោងចក្រ ដើម្បី​កុំ​ឱ្យ​ជិះជាន់​កម្លាំង​ពលកម្ម​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​នោះ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​បន្ត​ដាក់​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាប​បន្ត​ទៀត​ឲ្យ​ឈរ​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ក្រោយ​គេ​រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស