34 C
Phnom Penh

លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​បើក​ប្រាក់​បៀវត្ស​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ផង និង​អាច​ការពារ​អំពី​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​ប្រាក់​សុទ្ធ​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​ការ​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ រាជរដ្ឋាភិបាល​បាន​រក​ឃើញ​មន្ត្រី​ខ្មោច​រាប់​ម៉ឺន​នាក់​ដែល​មាន​តែ​ឈ្មោះ​ក្នុង​ស្ថាប័ន តែ​មិន​មាន​មនុស្ស​ធ្វើ​ការ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា ការ​បើក​ប្រាក់ខែ​រដ្ឋ​តាម​ធនាគារ គឺជា​បច្ចេកវិទ្យា​មួយ​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដូចជា​ការ​លុប​បំបាត់​មន្ត្រី​ខ្មោច​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ជាដើម។ ជាង​នេះ​ទៀត គឺជា​ការ​កាត់បន្ថយ​ពេលវេលា​បាន​យ៉ាង​ច្រើន ដែល​មិន​តម្រូវ​ឱ្យ​តំណាង​អង្គភាព ឬ​ស្ថាប័ន​នីមួយៗ​មក​បើក​លុយ​ចេញពី​ធនាគារ ដើម្បី​ចែកចាយ​ដល់​បុគ្គលិក​ក្នុង​ស្ថាប័ន​រៀង​ខ្លួន​ដូច​ពេល​មុន។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល គឺ​អាច​ជំរុញ​ល្បឿន​នៃ​ដំណើរការ​ឱ្យ​រហ័ស​ផង និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ផង​ដែរ ដូចជា​បញ្ហា​បង់​ពន្ធ​នានា គឺ​អាច​បង់​ពន្ធ​តាម​ប្រព័ន្ធ​អនឡាញ ដោយ​ទូទាត់​ថវិកា​តាម​ធនាគារ ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​មាន​ចំណុច​មួយ​ចំនួន​ដំណើរការ​ទៅ​ដោយ​មាន​ភាព​ប្រសើរ ប៉ុន្តែ​លោក​ថា​សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ និង​មិន​មាន​តម្លាភាព ចំណែក​ការ​បង្កើត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ។

លោក ប៉ិច ពិសី បន្ថែម​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន​មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ភាព​អសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ធ្វើ​ឱ្យ​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ចុះ​ខ្សោយ។ ជាង​នេះ​ទៀត នឹង​កើត​មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​សិទ្ធិ និង​សេរីភាព​ទាំងនេះ​អន់​ថយ​បន្តិច​ម្ដងៗ ហើយ​លទ្ធិប្រជាធិបតេយ្យ​ក៏​កាន់តែ​ធ្លាក់​ចុះ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​កាន់តែ​រីក​ធំធាត់​ឡើងៗ ដែល​រួម​ចំណែក​ដល់​ការ​កើនឡើង​នៃ​កម្រិត​អំពើពុករលួយ​កាន់តែ​ខ្ពស់​ថែម​ទៀត។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ឆ្នាំ​២០២១ ហើយ​ចំណាត់ថ្នាក់​នេះ​បាន​ថយ​ជាង​ឆ្នាំ​២០២០ បន្តិច ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់​លេខ​១៥៧ នេះ នៅតែ​បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស