34 C
Phnom Penh

លោក ហ៊ុន សែន៖ កម្ពុជា​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារ​មាន​កំហុស​ខាង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ប្រទេស​នេះ​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារតែ​មាន​កំហុស​ខាង​នយោបាយ តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ចេញពី​ព្រះ​ប្រមុខ​រដ្ឋ។

លោក ហ៊ុន សែន បាន​និយាយ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​វេស្ទើន នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប និង​មាន​ស្ថានភាព​អំណោយ​ផល ដោយ​គ្មាន​គ្រោះ​ធម្មជាតិ រញ្ជួយ​ផែនដី ផ្ទុះ​ភ្នំភ្លើង ខ្យល់​ព្យុះ​ដូច​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​ដោយសារ​កំហុស​នយោបាយ​ដែល​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច នរោត្តម សីហនុ ចេញពី​ប្រមុខ​រដ្ឋ ទើប​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម និង​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ក្រីក្រ​បែប​នេះ។

លោក ហ៊ុន សែន អះអាង​ថា កំហុស​ខាង​នយោបាយ​នៃ​ការ​សម្រេច​ចិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នាំ​ឱ្យ​ប្រទេស​នេះ​មិន​ត្រឹមតែ​មិន​អាច​អភិវឌ្ឍ​បាន​ទេ ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​ដល់​ឫសគល់​តែម្តង ព្រោះ​ថា​សង្គ្រាម​បាន​ដុត​រោល​ទូទាំង​ប្រទេស​ឱ្យ​ឆេះ​សន្ធោសន្ធៅ​អស់​ជាច្រើន​ទសវត្សរ៍។

លោក​បន្ត​ថា ដោយសារតែ​កំហុស​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ​ក្នុង​ពេល​ដែល​ប្រទេស​ដទៃ​ដើរ​ទៅ​មុខ ដូច្នេះ​កំហុស​ខាង​នយោបាយ​នេះ​ត្រូវតែ​ចៀសវាង ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ខិតខំ​ថែរក្សា​សន្តិភាព​ឲ្យខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ហើយ​កំហុស​ខាង​នយោបាយ​បែប​នេះ​មិន​ត្រូវ​ឱ្យ​មាន​បន្ត​ទៀត​ឡើយ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មករា នេះ​ថា ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​អតីតកាល ដូចជា​ទំព័រ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទំព័រ​របប​ប្រល័យ​ពូជសាសន៍​របប ប៉ុល ពត ទំព័រ​ផែនការ «ក​៥» សម្លាប់​បុរស​ខ្មែរ​ជាង ២០​ម៉ឺន​នាក់ និង​ទំព័រ​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ជាដើម គឺ​ត្រូវ​បាន​បិទ​បញ្ចប់ និង​ទប់ស្កាត់​កុំ​ឱ្យ​កើតមាន​ឡើងវិញ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួច​អស់​ទៅ​ហើយ។

លោក​បន្ថែម​ថា ប៉ុន្តែ​អ្នក​ដែល​បំផ្លាញ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ទៅវិញ​ទេ​ដែល​កំពុង​បើក​ឱ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​អតីតកាល​ទាំងនោះ ឲ្យ​វិលត្រឡប់​មក​វិញ ហើយ​អ្នក​ដែល​បំផ្លាញ​កិច្ចសន្យា​ដែល​ចុះហត្ថលេខា​ដោយ​មហាអំណាច​ពិភពលោក និង​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​នេះ គឺ​លោក ហ៊ុន សែន ផ្ទាល់​តែម្តង។

លោក គឹម សុខ លើកឡើង​ថា ការ​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​លោក ហ៊ុន សែន គឺ​ធ្វើ​ឡើង​តាមរយៈ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​ដោយ​ការ​កែប្រែ​ច្បាប់​តាម​ទំនើង​ចិត្ត​គ្រប់​បែប​យ៉ាង លួច​សន្លឹកឆ្នោត ប្លន់​លទ្ធផល​នៃ​ការ​បោះឆ្នោត បង្កើត​បក្ខពួក​ក្នុង​រដ្ឋបាល​ជាតិ ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ បង្កើត​អយុត្តិធម៌​សង្គម ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​បាត់​ឯករាជ្យ និង​ងាយ​រង​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង​យ៉ាង​ផុយ​ស្រួយ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ បញ្ជាក់​ថា ដោយសារតែ​ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ​ហើយ ទើប​ត្រូវ​សហគមន៍​អន្តជាតិ​ផ្តាច់​ជំនួយ ដែល​ជា​ជំនួយ​មនុស្សធម៌ និង​ជំនួយ​អនុគ្រោះ​សេដ្ឋកិច្ច ដូចជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគមន៍​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក។

លោក​បន្ត​ថា ទង្វើ​បែប​នេះ​ជា​ការ​បំផ្លាញ​ផលប្រយោជន៍​យ៉ាង​ធំ​របស់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​កម្ពុជា ក៏​ត្រូវ​លោក ហ៊ុន សែន បំផ្លាញ​ចោល ដោយ​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស ដែល​គ្រប់គ្រង​តាម​គ្រួសារ​និយម​ដូច​សព្វថ្ងៃ​នេះ​ថែម​ទៀត។

យ៉ាងណាក៏ដោយ ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​តែ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ និង​បង្កើត​ភាព​សម្អប់​កាន់តែ​ខ្លាំង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​កាន់តែ​ខ្លាំង​ឡើងៗ​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ការ​ដឹកនាំ​ដោយ​រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​របស់​គាត់ គឺ​មាន​តែ​បំផ្លាញ​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ មិនមែន​ជា​ការ​ជួយ​ជាតិ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស