27.5 C
Phnom Penh

រុស្ស៊ី​បាញ់​មីស៊ីល​ជាង​៣០​គ្រាប់​លើ​អ៊ុយក្រែន​ឆ្លើយតប​បស្ចិម​ប្រទេស​បញ្ជូន​រថក្រោះ​ទំនើបៗ​ឱ្យ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​វេលា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា នេះ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​មើល​ទៅ​ទំនង​ជា​ប្រតិកម្ម​ទៅ​នឹង​ក្រុម​បស្ចិម​ប្រទេស ដែល​សម្រេច​បញ្ជូន​រថក្រោះ Leopard-2 ចំនួន ១០០​គ្រឿង ហើយ​សហរដ្ឋ​អាមេរិក​សម្រេច​បញ្ជូន​រថក្រោះ Abrams ចំនួន ៣១​គ្រឿង​ឱ្យ​អ៊ុយក្រែន។

នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០២៣។

រដ្ឋាភិបាល​អ៊ុយក្រែន អះអាង​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល​ប្រហែល​ជាង ៣០​គ្រាប់ តែ​ក្នុង​នោះ ១៥​គ្រាប់​ត្រូវ​បាន​អ៊ុយក្រែន​បាញ់​ទម្លាក់ ខណៈ​សឺរ៉ែន​ប្រកាស​អាសន្ន​ពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ត្រូវ​បាន​បន្លឺ​ឡើង​ទូទាំង​ប្រទេស។

បើ​តាម​អភិបាល​ក្រុង​គៀវ មនុស្ស​ម្នាក់​បាន​ស្លាប់ និង ២​នាក់​រង​របួស​នៅ​ពេល​គ្រាប់​មីស៊ីល ១​គ្រាប់​ធ្លាក់​ចំ​អគារ​មួយ​កន្លែង​នៅ​ខាងត្បូង​ទីក្រុង។

ចំណែក​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ នេះ រុស្ស៊ី​ក៏​បាន​បញ្ជូន​យន្តហោះ​ដ្រូន​ចំនួន ២៤​គ្រឿង​ផង​ដែរ ប៉ុន្តែ​ដ្រូន​ទាំងនោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ទាំងអស់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន។

ការ​វាយប្រហារ​របស់​រុស្ស៊ី​កើតមាន​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​រថក្រោះ​ប្រយុទ្ធ​របស់​ខ្លួន គឺ​រថក្រោះ Abrams ជាង ៣០​គ្រឿង ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ។

ចំណែក​អាល្លឺម៉ង់​ក៏​បាន​ប្រកាស​យល់ព្រម​ផ្តល់​រថក្រោះ Leopard ដល់ទី​ក្រុង​គៀវ ផង​ដែរ ហើយ​ថែមទាំង​បាន​អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​ធ្វើ​ដូច​អាល្លឺម៉ង់​ដែរ ទោះជា​រថក្រោះ Leopard គឺជា​សព្វាវុធ​របស់​អាល្លឺម៉ង់​ក៏ដោយ។

តាម​ទស្សនាវដ្ដី News Week ប្រទេស​ចំនួន​១២ បាន​សម្រេច​ផ្ដល់​រថក្រោះ Leopard ចំនួន ១០០​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន។ ប្រទេស​ទាំង​១២ នេះ រួម​មាន ប៉ូឡូញ ប៉មទុយហ្គាល អេស្ប៉ាញ ហុឡង់ដ៍ ដាណឺម៉ាក ន័រវែស សាធារណរដ្ឋ​ឆេក ម៉ុលហ្គារី អង់គ្លេស អាល្លឺម៉ង់ ហ្វាំងឡង់ និង​បារាំង។

ប្រទេស​ទាំង​១២ នេះ​គឺ​សមាជិក​អង្គការ​ណាតូ (NATO) ក្នុង​ចំណោម ៣០​ប្រទេស។ ដោយឡែក​សហរដ្ឋ​អាមេរិក ជា​មេដឹកនាំ​ធំ​ជាងគេ​នៃ​ក្រុម​យោធា​ណាតូ ប្រកាស​បញ្ជូន​រថក្រោះ Abrams ចំនួន ៣១​គ្រឿង​ជា​ការ​បន្ថែម​លើ​រថពាសដែក Bradley និង​រថពាសដែក Stryker សរុប ១៦០​គ្រឿង។ សហរដ្ឋ​អាមេរិក​ប្រកាស​ថា នឹង​បញ្ជូន​រថពាសដែក​ប្រភេទ​នេះ​ចំនួន ៥០០​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន។

យ៉ាងណា សព្វាវុធ​ដែល​អាច​ធ្វើ​ឱ្យ​រុស្ស៊ី ប្រតិកម្ម​ខ្លាំង គឺ​រថក្រោះ Abrams របស់​អាមេរិក និង​រថក្រោះ Leopard -2 ផលិត​នៅ​អាល្លឺម៉ង់។ រថក្រោះ​ពីរ​ប្រភេទ​នេះ គឺជា​សព្វាវុធ​ដ៏​មាន​អនុភាព​បំផុត​ក្នុង​ការ​វាយប្រហារ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​រថក្រោះ Abrams ចំនួន ៣១​គ្រឿង​ឱ្យ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

លោក ចូ បៃដិន ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​លោក ខណៈ​លោក​ថ្លែង​នៅ​ឯ​សេតវិមាន និង​បន្ទាប់ពី​អាល្លឺម៉ង់​យល់ព្រម​ផ្ដល់​រថក្រោះ Leopard-2 ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​នៅ​ជំហាន​ដំបូង​ទីក្រុង​ប៊ែរឡាំង នឹង​ផ្តល់​រថក្រោះ​នេះ​ចំនួន ១៤​គ្រឿង។

ថ្លែង​នៅ​ខាងមុខ​ទ្វារ​ចូល​សេតវិមាន លោក បៃដិន បាន​បញ្ជាក់​ថា៖ ការ​បញ្ជូន​រថក្រោះ​ទាំងនេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​ទ័ព​អ៊ុយក្រែន ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន និង​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​របស់​ពួកគេ ពីព្រោះ​ថា​រថក្រោះ​នេះ​ជា​សព្វាវុធ​មាន​សមត្ថភាព​បំផុត។

ប្រធានាធិបតី​អាមេរិក​រូប​នេះ​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ក៏​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល និង​ការ​ផ្គត់ផ្គង់​ចាំបាច់​នានា​ដល់​ទីក្រុង​គៀវ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រតិបត្តិការ​រថក្រោះ Abrams។ តែ​ជាមួយ​គ្នា​នេះ លោក បៃដិន នៅតែ​បញ្ជាក់​ឡើងវិញ​ថា​ការ​ផ្ដល់​រថក្រោះ Abrams ចំនួន ៣១​គ្រឿង​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៤០០​លាន​ដុល្លារ គឺ​មាន​គោលដៅ​ជួយ​អ៊ុយក្រែន ក្នុង​ការ​ការពារ​ខ្លួន និង​ទឹកដី​ដោយ​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​រុស្ស៊ី​អ្វី​នោះ​ទេ។

ដោយឡែក​រដ្ឋាភិបាល លោក ហ្សេឡេនស្គី នៅតែ​ទទូច​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​ផ្ដល់​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៤ ដូចជា​យន្តហោះ​ចម្បាំង​របស់​អាមេរិក F-16។

លោក Yuriy Sak ដែល​ជា​ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន បាន​និយាយ​ថា បច្ចុប្បន្ន អ៊ុយក្រែន​នឹង​ចាប់ផ្ដើម​ជំរុញ​ឱ្យ​លោក​ខាងលិច​ផ្ដល់​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៤ ដូចជា​យន្តហោះ​ចម្បាំង​អាមេរិក F-16 ជាដើម ដែល​លោក​ថា បើ​ទ័ព​អ៊ុយក្រែន ទទួល​បាន​យន្តហោះ​ចម្បាំង​ទំនើបៗ នោះ​វា​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ថែមទៀត​ក្នុង​ការ​ធ្វើ​សង្គ្រាម ហើយ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៤ ដូចជា F-16 គឺជា​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​ជា​ខ្លាំង​នៅ​ពេលនេះ។

តែ​យ៉ាងណា ការ​សម្រេច​ចិត្ត​ផ្ដល់​រថក្រោះ Abrams របស់​អាមេរិក និង​រថក្រោះ Leopard-2 ផលិត​នៅ​អាល្លឺម៉ង់ ទៅ​ឱ្យ​អ៊ុយក្រែន កើតមាន​ឡើង​នៅ​ចំ​ពេល​ក្រុម​មេទ័ព​អ៊ុយក្រែន និង​លោក ហ្សេឡេនស្គី ព្រមាន​ថា​រុស្ស៊ី​អាច​នឹង​បើក​ប្រតិបត្តិការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ម្ដង​ទៀត​ឆាប់ៗ​នេះ និង​បន្ទាប់ពី​ទ័ព​អ៊ុយក្រែន បាន​ដក​ទ័ព​ចេញពី​ទីក្រុង Soledar នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ដោយសារ​ការ​វាយលុក​ដ៏​សន្ធប់​របស់​ទ័ព​រុស្ស៊ី និង​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​របប​លោក ពូទីន។

ជាមួយ​គ្នា​នេះ រុស្ស៊ី​កំពុង​វាយ​សម្រុក​ដើម្បី​កាន់កាប់​ទីក្រុង Bakhmut មក​វិញ​ពី​អ៊ុយក្រែន ហើយ​សំដៅ​វាយ​យក​ឱ្យ​បាន​ខេត្ត Donetsk ទាំងស្រុង។

ខេត្ត Donetsk និង Luhansk ស្ថិត​ក្នុង​តំបន់ Donbas ដែល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ តែ​យ៉ាងណា ចំពោះ​ខេត្ត Luhansk រុស្ស៊ី​មិនទាន់​ដាក់​ផែនការ​វាយ​យក​ពី​អ៊ុយក្រែន នូវ​តំបន់​ណា​ដែល​អ៊ុយក្រែន​ទើប​វាយ​យក​បាន​ពី​ទ័ព​រុស្ស៊ី​នៅឡើយ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស