អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រយៈពេល ៤ឆ្នាំ (២០១០-២០១៤) និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែលមានដើមទុនវិនិយោគដំបូងត្រឹមតែ ១ម៉ឺន ១ពាន់ដុល្លារ បន្ទាប់ពីធ្វើជាកម្មករនៅកូរ៉េបានពីរឆ្នាំ បានក្លាយជាអ្នកឧកញ៉ាវ័យក្មេងជាងគេ ដែលឈរលើលេខរៀងទី១២ ក្នុងចំណោមឧកញ៉ាចាស់វស្សាចំនួន ១៨រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសកម្ពុជា ក្នុងចំណោមឧកញ៉ាសរុបចំនួន ១០៧០នាក់ គិតត្រឹមឆ្នាំ២០២០ ហើយក៏ជាឧកញ៉ាម្នាក់ផ្ដល់ថវិកាជាង ២០លានដុល្លារក្នុងរយៈពេល ៥ឆ្នាំឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងសកម្មភាពសប្បុរសធម៌នានា។
ឧកញ៉ាដែលមហាជនទូទៅតែងរិះគន់ថាកំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យគ្រួសារត្រកូល «ហ៊ុន» នោះ គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បញ្ជីរាយនាម “ឧកញ៉ា” ឬ “អ្នកឧកញ៉ា” តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនោះ គិតមកត្រឹមឆ្នាំ២០២០ យ៉ាងហោចណាស់មានឧកញ៉ា ឬអ្នកឧកញ៉ាចំនួន ១០៧០នាក់នៅកម្ពុជា។
គេហទំព័រ Wikipedia ដែលបានដាក់ចំណងជើងថា «អ្នកណាមានជាងគេនៅក្នុងប្រទេសកម្ពុជា» បានបង្ហាញថា ឧកញ៉ា ឡេង ណាវ៉ាត្រា ជាឧកញ៉ាវ័យក្មេងជាងគេដែលឈរលើលេខរៀងទី១២ ក្នុងចំណោមឧកញ៉ាចាស់វស្សាចំនួន ១៨នាក់។
គេហទំព័រនោះបានលើកឡើងថា ពួកគេជាជនជាតិខ្មែរដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការរាតត្បាត Covid-19 មហាសេដ្ឋីកម្ពុជាទាំងនោះបានបរិច្ចាគប្រាក់បន្តបន្ទាប់ ខណៈប្រទេសជួបការលំបាកជាមួយនឹងបរិបទប្រទេស។
Wikipedia បានឲ្យដឹងថា អ្នកដែលមានប្រាក់ច្រើនបំផុតដែលឈរលើលំដាប់លេខរៀងទី១ គឺជាអ្នកឧកញ៉ា គិត ម៉េង ម្ចាស់អាជីវកម្មក្រុមហ៊ុន Royal Group គ្របដណ្តប់អាជីវកម្មសំខាន់ៗជាច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុននេះជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតវិនិយោគលើវិស័យទូរគមនាគមន៍ ដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង ការអភិវឌ្ឍអចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ពាណិជ្ជកម្ម និងកសិកម្ម។

ឧកញ៉ាដែលឈរលំដាប់ថ្នាក់លេខរៀងទី២ គឺអ្នកឧកញ៉ា ពុង ឃាវសែ គ្រប់គ្រងធនាគារកាណាឌីយ៉ា និង OCIC។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនធំជាងគេមួយដែលបាននិងកំពុងវិនិយោគលើគម្រោងអចលនទ្រព្យធំៗមួយចំនួននៅកម្ពុជា។
ក្រោមការគ្រប់គ្រងរបស់លោក ពុង ឃាវសែ ក្រុមហ៊ុនបានវិនិយោគរាប់ពាន់លានដុល្លារលើអគារលំនៅឋាន និងអគារពាណិជ្ជកម្មធំៗនៅកណ្តាលរាជធានីភ្នំពេញ ដូចជាបុរីទន្លេបាសាក់ សួនរុក្ខសាស្ត្រ កោះពេជ្រ ទីក្រុងអូឡាំព្យា (ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក)។ ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបរតនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ថ្មី) ផ្សារទំនើប និងខុនដូ។

ចំណែកអ្នកស្រី ភាព ហៀក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ឈរលំដាប់លេខរៀងទី៣។ ក្រុមហ៊ុននេះបាននិងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើការសាងសង់គម្រោងលំនៅឋានលំដាប់ខ្ពស់។ ជីប ម៉ុង ក៏មានរោងចក្រធំៗ ម៉ាស៊ីនកិនចំណីសត្វ និងស៊ីម៉ងត៍ផងដែរ។ អាជីវកម្មលេចធ្លោមួយចំនួនរបស់ក្រុមហ៊ុននេះ រួមមាន Khmer Brewery និងភេសជ្ជៈជាច្រើន។ ផលិតផលគ្រឿងសំណង់ ការតុបតែងគេហដ្ឋាន និងផលិតផលម្ហូបអាហារនាំចូល និងធនាគារ (ធនាគារ ជីប ម៉ុង)។ ក្រុមហ៊ុនរបស់អ្នកស្រី ភាព ហៀក មានការគាំទ្រពីកូនប្រុសដ៏ល្បីពីររូប គឺឧកញ៉ា លាង ម៉េង និងឧកញ៉ា លាង ឃុន។

ចំណែកជំទាវឧកញ៉ា លឹម ឈីវហូ ក្រុមហ៊ុន Attwood Import Export Co ឈរលំដាប់ថ្នាក់លេខរៀងទី៤ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា លឹម ឈីវហូ តាំងពីទសវត្សរ៍ទី៩០ មក។ Attwood បានបន្តកិត្យានុភាព និងកសាងអាណាចក្រអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះមានភាពល្បីល្បាញតាមរយៈការនាំចូល និងនាំចេញស្រាម៉ាកយីហោល្បីៗក្នុងប្រទេសកម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona។
លើសពីនេះ ក្រុមហ៊ុន Attwood បានវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដូចជាទីក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលបាននិងកំពុងផ្តល់ឱកាសវិនិយោគ ក៏ដូចជាការបង្កើតការងារដល់ប្រជាជនកម្ពុជា។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបោះទុនសាងសង់សាលាអន្តរជាតិដ៏ធំមួយទៀត ហើយគ្រោងនឹងវិនិយោគលើការសាងសង់មជ្ឈមណ្ឌលថ្មីមួយទៀត គឺមជ្ឈមណ្ឌលមនុស្សចាស់ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ ក្រៅពីរក្សាភាពរឹងមាំក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន Attwood ក៏បានប្រតិបត្តិការនៅប្រទេសឡាវ ផងដែរ។

ឧកញ៉ា លី យ៉ុងផាត់ ក្រុមហ៊ុន L.Y.P Group ឈរលើលំដាប់លេខរៀងទី៥។ ក្រុមហ៊ុនមួយនេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមិនតិចជាង១០។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយលោកឧកញ៉ា លី យ៉ុងផាត់ ក្នុងនាមជា “ស្តេចកោះកុង” ដោយសារតែមានដើមកំណើត និងប្រកបអាជីវកម្មចាក់ឫសយ៉ាងជ្រៅចេញពីខេត្តកោះកុង ជាប់នឹងប្រទេសថៃនេះ។
ក្រៅពីឧស្សាហកម្មសណ្ឋាគារ និងរមណីយដ្ឋាន LYP Group ក៏បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកោះកុង និងខេត្តឧត្តរមានជ័យ ផងដែរ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានវិនិយោគលើវិស័យកសិកម្ម ដូចជារោងចក្រស្ករអំពៅ វិនិយោគក្រោមថវិកាប្រហែល ២០០លានដុល្លារនៅខេត្តកំពង់ស្ពឺ និងវិនិយោគលើដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំ ជាដើម។ ក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ក៏បានវិនិយោគលើទីក្រុងរណប តំបន់សេដ្ឋកិច្ចពិសេស និងស្ថានីយទូរទស្សន៍ដ៏ធំបំផុតមួយរបស់កម្ពុជា គឺភីអិនអិន (PNN)។

ឈរលើលំដាប់លេខរៀងទី៦ គឺឧកញ៉ា សុខ គង់។ ក្រោមការគ្រប់គ្រងរបស់លោកឧកញ៉ា សុខ គង់ ក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំមួយនេះកំពុងដំណើរការអាជីវកម្ម ក៏ដូចជាគម្រោងវិនិយោគលើអចលនទ្រព្យធំៗ រួមមាន សុខា ភ្នំពេញ, រមណីយដ្ឋានអង្គរ សុខា រីសត, ខេត្តព្រះសីហនុ ផារ៉ាឌីស សៃហ្គន រីសត កាស៊ីណូ។ រោងចក្រកាត់ដេរ វារីអគ្គិសនី ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ដែលជាម្ចាស់ឃ្លាំងស្តុក និងធ្វើការចែកចាយប្រេងដ៏ធំបំផុតក្នុងប្រទេសកម្ពុជាផងដែរ។

ឈរលើលំដាប់លេខរៀងទី៧ គឺឧកញ៉ា ម៉ុង ឫទ្ធី។ ក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានវិនិយោគលើការសាងសង់រោងចក្រផលិតចំណីសត្វដ៏ធំសម្បើម ដោយចំណាយប្រាក់រាប់លានដុល្លារ។ ក្រៅពីក្រុមហ៊ុនសំណង់ជោគជ័យ និងចម្ការដូងប្រេងលើផ្ទៃដីជាង ១៦០០ហិកតារ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏បានដំណើរការលើអាជីវកម្មធំៗ ដូចជាកំពង់ផែក្នុងខេត្តព្រះសីហនុ ជាដើម។ ក្រុមហ៊ុននេះវិនិយោគក្នុងទឹកប្រាក់រាប់លានដុល្លារក្នុងចម្ការកៅស៊ូ ដាំ និងនាំចេញផ្លែស្វាយ ផលិត និងនាំចេញស្រូវ មានកសិដ្ឋានចិញ្ចឹមជ្រូក នាំចូល និងចែកចាយផលិតផលគ្រឿងម៉ាស៊ីនសម្រាប់កសិកម្ម និងវិស្វកម្ម។

ចំណែកឧកញ៉ា សៀ ឫទ្ធី កំពុងគ្រប់គ្រងលើក្រុមហ៊ុន World Bridge Group។ ឧកញ៉ារូបនេះឈរលំដាប់លេខរៀងទី៨ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក សៀ រិទ្ធី ដែលបានចាប់ផ្តើមបង្កើតក្រុមហ៊ុនដឹកជញ្ជូនតូចមួយមកទល់ពេលនេះ។ ក្រុមហ៊ុនរបស់លោកកំពុងទទួលបានសន្ទុះពង្រីកបន្ថែមទៀត និងវិនិយោគលើវិស័យផ្សេងៗនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ។
សព្វថ្ងៃ លោកកំពុងវិនិយោគលើខុនដូ The Bridge, The Peak និង The Palm និងគម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់ពលរដ្ឋដែលមានចំណូលទាប។

ឈរលើលំដាប់លេខរៀងទី៩ គឺឧកញ៉ា លី ហួរ ម្ចាស់ក្រុមហ៊ុន លី ហួរ គ្រុប។ ក្រុមហ៊ុន លី ហួរ គ្រុប នេះ បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា លី ហួរ ហាងបញ្ចាំ ហាងលក់គ្រឿងអលង្ការ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ហ្វាយនែន (Finance) ក្រុមហ៊ុន ទេពី កៅស៊ូកសិឧស្សាហកម្ម និង លី ហួរ អេលីស៊ីង ដែលជាក្រុមហ៊ុនជួលរថយន្ត។

ឈរលើលំដាប់លេខរៀងទី១០ គឺឧកញ៉ា សំ អាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ។ ក្រុមហ៊ុននេះវិនិយោគយ៉ាងច្រើនលើអគារវឌ្ឍនៈថោវើ ដ៏ខ្ពស់មួយនៅកណ្តាលរាជធានីភ្នំពេញ។ លើសពីនេះ វឌ្ឍនៈ អ៊ិនវេសម៉ិន កាន់កាប់ធនាគារវឌ្ឍនៈ សួនវឌ្ឍនៈពីរ រោងចក្រជាច្រើន និងផ្តល់ការងារដល់មនុស្សរាប់ម៉ឺននាក់។

ឈរលើលំដាប់លេខរៀងទី១១ គឺអ្នកឧកញ៉ា ចេន ហ្ស៊ី។ អ្នកឧកញ៉ារូបនេះជាប្រធានក្រុមហ៊ុន Prince Holding Group។ ក្នុងនាមជាមហាសេដ្ឋីខ្មែរ-ចិន អ្នកឧកញ៉ា ចេន ហ្ស៊ី ដឹកនាំក្រុមហ៊ុន Prince Group ក្នុងចំណោមអាជីវកម្មជាច្រើនផ្សេងទៀតក្នុងនាមជាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោកបានបោះទុនជាង ១ពាន់លានដុល្លារក្នុងការបណ្ដាក់ទុនរួមគ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឈរលើលំដាប់លេខរៀងទី១២ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែលល្បីល្បាញដោយសារគម្រោងបុរីរបស់គាត់នៅទូទាំងរាជធានីដែលដាក់ឈ្មោះតាមឈ្មោះរបស់គាត់។ ឧកញ៉ាដ៏វ័យក្មេងរូបនេះបានផ្សព្វផ្សាយព័ត៌មានជាញឹកញាប់សម្រាប់ការបរិច្ចាគរបស់គាត់ក្នុងអំឡុងពេល Covid-19។

ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ហើយមានទស្សនវិស័យ និងបេសកកម្មចម្បងក្នុងការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេស គឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញជូនដល់ពលរដ្ឋខ្មែរទាំងអស់គ្នា។
ក្រុមហ៊ុននេះមានប្រតិបត្តិការលើវិស័យសំខាន់ដូចជា៖
- វិស័យអចលនទ្រព្យ បុរី ឡេង ណាវ៉ាត្រា
- គម្រោងក្រុងរណបឆាយណា-ប៉ោយប៉ែត (China Poipet Satellite City)
- វិស័យសិល្បៈកម្សាន្ត ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា
- វិស័យកសិកម្ម ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា
- វិស័យមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក
- វិស័យអេកូទេសចរណ៍
- និងវិស័យបច្ចេកវិទ្យាកសិឧស្សាហកម្មជាដើម។
ក្នុងចក្ខុវិស័យទៅពេលអនាគត ក្រុមហ៊ុនក៏នឹងពិនិត្យឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសលើវិស័យជាសក្ដានុពលដូចជា វិស័យអប់រំ វិស័យទេសចរណ៍ អេកូទេសចរណ៍ និងវិស័យអចលនទ្រព្យអគារខុនដូ សំណង់ខ្ពស់ផងដែរ។
មហាសេដ្ឋីខ្មែរជាច្រើនទៀតមានដូចជា ឧកញ៉ា ស៊ីគង់ ទ្រីវ ឧកញ៉ា កុក អាន ឧកញ៉ា ឡៅ ម៉េងឃីន យាយភូ និងឧកញ៉ា ស៊ីគង់ ទ្រី។
យោងតាមឯកសារ Wikipedia បានឲ្យដឹងថា ពាក្យ «ឧកញ៉ា» ជាគោរមងារនៃមន្ត្រីដែលមានបណ្ដាសក្តិថ្នាក់ខ្ពស់ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំងនាសម័យបុរាណ ដែលងារ “ឧកញ៉ា/លោកឧកញ៉ា“ នេះមានពីរប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។
- ទី១ ឧកញ៉ា ជាងារនៃបណ្ដាសក្តិមន្ត្រីថ្នាក់ខ្ពស់ក្នុងជួររាជការ និងភាគច្រើនជានាហ្មឺនមន្ត្រីដែលនៅបម្រើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រះ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំង មានស្នាដៃល្អជោគជ័យក្នុងកិច្ចការងារជូនរាជការ ហើយទទួលបានការគោរពស្រឡាញ់ពីនាហ្មឺន មន្ត្រីរាជការដែលនៅជុំវិញខ្លួន។
- ទី២ អ្នកឧកញ៉ា ជាងារកិត្តិយសដែលព្រះករុណាម្ចាស់ផែនដីស្ដេចទ្រង់សព្វព្រះទ័យប្រទានដល់កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំណែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គមក្នុងព្រះនគរ ហើយទទួលបានការគោរពស្រឡាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយសជាឧកញ៉ា។
នៅក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចធ្វើការផ្លាស់ប្ដូរ ឬដំឡើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបោះត្រា និងចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សប្បុរសជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិដោយមានតម្លៃចាប់ពី ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា»។
ក្រឡេកមកមើលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នលេចមុខមាត់ក្នុងសង្គមតាមរយៈការផ្ដល់ថវិកា ២៣,៣លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទប់ទល់គ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ឧកញ៉ា ឡេង ណាវ៉ាត្រា មានឈ្មោះពិត ឡេង ភត្រាដែលភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច ត្រូវបានប្រភពច្បាស់ការណ៍មួយទម្លាយឲ្យដឹងថា ជាក្មួយស្រីលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

នៅឆ្នាំ២០១៨ លោកបានប្រកាសជាសាធារណៈថា មានទ្រព្យសម្បត្តិបានកើនឡើងដល់ ២០លានដុល្លារ បន្ទាប់ពីប្រឡូកលើវិស័យអចលនទ្រព្យបានពីរឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មក លោក ឡេង ណាវ៉ាត្រា មិនបានប្រកាសជាសាធារណៈទៀតនោះទេ។
លោក ឡេង ណាវ៉ាត្រា ចាប់ផ្ដើមលេចមុខមាត់ខ្លាំងក្រោយពេលលោកទទួលបានងារជាឧកញ៉ានៅឆ្នាំ២០១៨ និងជាអ្នកឧកញ៉ានៅឆ្នាំ២០២១។ លោកមានរថយន្តម៉ាកល្បីៗប្រមាណ ១០គ្រឿង ដូចជា រ៉ូលរ៉យស៍ (Roll Royce) ឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche) និងប៊ែនលី (Bentley) ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងទៀតដែលសរុបជាទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក។ រថយន្តភាគច្រើនរបស់លោកមានស្លាកលេខ G1:1111។

នៅខែសីហា ឆ្នាំ២០២២ ថ្លែងនៅក្នុងពិធីជួបជុំបុគ្គលិករបស់ខ្លួនជាង ១ពាន់នាក់នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប របស់លោកតែងតែប្រកាន់ខ្ជាប់ការចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានចូលរួមជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយមនុស្សធម៌ ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពជាប្រយោជន៍សង្គមដទៃជាច្រើនទៀតដែលសរុបជាទឹកប្រាក់ជាង ២៣,៣លានដុល្លារអាម៉េរិក។
ដោយសារតែទ្រព្យសម្បត្តិរបស់លោកកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បើទោះបីជាក្រុមហ៊ុនជាច្រើនប្រឈមមុខនឹងការក្ស័យធនដោយសារបញ្ហារាលដាលជាសកលពីជំងឺកូវីដ-១៩ នោះ ទើបមានមន្ទិលសង្ស័យថា ឧកញ៉ារូបនេះកំពុងធ្វើសកម្មភាពលាងលុយកខ្វក់ឲ្យអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺត្រកូលហ៊ុននេះតែម្តង។

ប្រភពម្នាក់ដែលស្និទ្ធនឹងលោក ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននោះ បានឲ្យដឹងថា តាមការកត់សម្គាល់ អតីតកម្មករនៅប្រទេសកូរ៉េខាងត្បូងរូបនោះពុំមានលុយច្រើនពីការងារជាកម្មករនោះទេ។ ដូច្នេះចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ កម្មកររូបនោះតែងតែច្រៀងលេងបង្ហាញអំពីសកម្មភាពកម្សត់ឯកា សកម្មភាពរបស់កម្មករនៅប្រទេសកូរ៉េ ដើម្បីដាក់ YouTube រកលុយបន្ថែមពីការងារជាពលករ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយសារតែមានទំនាក់ទំនងជាមួយភរិយាបច្ចុប្បន្ន គឺលោកស្រី ឈឺន ស្រីម៉ាច ជាក្មួយស្រីរបស់លោក ហ៊ីង ប៊ុនហៀង នៅឆ្នាំ២០១៤ លោកត្រូវបានអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានទាក់ទងធ្វើសកម្មភាពបញ្ចុះបញ្ចូលកម្មករឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រភពដដែលបានលើកឡើងថា ដោយសារឧកញ៉ារូបនោះធ្វើសកម្មភាពបានជោគជ័យ ក៏ត្រូវបានលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបបានដំឡើងឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើតួនាទីបច្ចុប្បន្ន ជាអគ្គនាយកនៃនាយកដ្ឋានស្រាវជ្រាវចារកម្មនៃក្រសួងការពារជាតិ ទុកចិត្តយកមកប្រើ។
លោកថា មានមតិមួយចំនួនលើកឡើងថា ឧកញ៉ារូបនេះឈរឈ្មោះរកស៊ីឲ្យលោក ហ៊ុន ម៉ាណែត ប៉ុន្តែធាតុពិត គឺគាត់ឈរឈ្មោះរកស៊ីឲ្យលោក ហ៊ុន ម៉ានិត ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនល្បែងស៊ីសងនៅកណ្តាលទីក្រុងភ្នំពេញ គឺណាហ្គាវើលដ៍។ នៅឆ្នាំ២០១៦ ឧកញ៉ារូបនេះត្រូវបានត្រកូលហ៊ុនទុកចិត្តខ្លាំង ក៏ចាប់ផ្តើមលេចមុខលេចមាត់ជាមួយនឹងទ្រព្យធនស្តុកស្ដម្ភ ដែលអាចនិយាយបានថា ចង់ទិញអ្វី ធ្វើអ្វីក៏បាន ដែលមានរថយន្តថ្លៃៗរាប់គ្រឿង ហើយក៏មានលទ្ធភាពប្រើប្រាស់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនថែមទៀត។
ប្រភពដដែលបានឲ្យដឹងថា ប្រសិនបើឧកញ៉ារូបនេះមិនមានភរិយាដែលជាខ្សែស្រឡាយរបស់លោក ហ៊ីង ប៊ុនហៀង ទេ នោះគ្រួសារត្រកូលហ៊ុនក៏មិនហ៊ានយកមកប្រើដែរ ព្រោះអ្នកមានអំណាចនៅប្រទេសកម្ពុជាមិនងាយទុកចិត្តមនុស្សក្រៅពីសាច់ញាតិរបស់ខ្លួននោះទេ ព្រោះវាជារឿងផ្ទៃក្នុងរបស់បក្ស និងក្រុមគ្រួសាររបស់គេ។
ប្រភពដដែលឲ្យដឹងទៀតថា អាចដឹងថាលុយរបស់ឧកញ៉ារូបនេះជាលុយកខ្វក់ ឬយ៉ាងណា សូមក្រឡេកមើលសកម្មភាពចាយលុយតាមរយៈសកម្មភាពសប្បុរសធម៌ គឺឧកញ៉ារូបនេះពុំដែលមានលុយតាមប្រព័ន្ធធនាគារនោះទេ គឺតែងតែយកលុយសុទ្ធទាំងឡានៗយកទៅប្រគល់ឲ្យដល់ដៃតែម្តង ដែលខុសពីឧកញ៉ាផ្សេងៗទៀតដែលគេធ្វើការផ្ទេរលុយតាមរយៈធនាគារ។

ប្រភពដដែលបន្តឲ្យដឹងទៀតថា លុយរបស់លោក ឡេង ណាវ៉ាត្រា គឺជាលុយធ្លាក់មកពីលើមេឃទាំងកុងតឺន័រៗ ។បច្ចុប្បន្ននេះ គេកំពុងតែផ្ទេរលុយនោះឲ្យទៅជាលុយស្របច្បាប់តាមរយៈបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើអគារលេខ H07B នៃមហាវិថីអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពដដែលឲ្យដឹងទៀតថា ទៅថ្ងៃក្រោយនៅពេលដែលលុយកខ្វក់របស់គ្រួសារត្រកូលហ៊ុនដែលឧកញ៉ារូបនេះបានលាងទៅជាលុយស្របច្បាប់ហើយនោះ គេនឹងចាប់ផ្តើមប្រើប្រាស់លុយតាមរយៈចរន្តធនាគារវិញម្តង ព្រោះលុយនោះបានក្លាយទៅជាលុយស្របច្បាប់ទៅហើយ។
ចំណែកឯស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា មុខជំនួញរបស់លោក ឡេង ណាវ៉ាត្រា មានចំណុចមិនប្រក្រតី និងសង្ស័យជាច្រើន ដោយសារក្រុមហ៊ុននេះជាក្រុមហ៊ុនក្នុងស្រុក និងធ្វើជំនួញតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែរជាមានលុយវាល់លានដុល្លារ ខណៈពលរដ្ឋខ្មែរជាច្រើនមានជីវភាពក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែបែរជាលោក ឡេង ណាវ៉ាត្រា មានលទ្ធភាពផ្ដល់លុយសុទ្ធដល់រដ្ឋាភិបាលរាប់លានដុល្លារទៅវិញ។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន អះអាងថា បើប្រទេសមានប្រព័ន្ធច្បាប់រឹងមាំ លុយបរិច្ចាគរាប់លានដុល្លារជាសាច់ប្រាក់បែបនេះ នឹងគេចមិនផុតពីការចោទសួរពីសំណាក់ស្ថាប័នជំនាញរបស់រដ្ឋាភិបាល ឬសភារបស់ប្រទេសនោះឡើយ ពីព្រោះគេបារម្ភថា លុយនេះជាលុយកខ្វក់ដែលបានមកពីអំពើទុច្ចរិត ហើយកំពុងត្រូវបានលាងសម្អាតក្រោមរូបភាពជាជំនួយមនុស្សធម៌។
លោក អាឡិច អះអាងថា លោកជឿជាក់ថា លោក ឡេង ណាវ៉ាត្រា ប្រាកដជាកំពុងឈរឈ្មោះរកស៊ី និងលាងលុយកខ្វក់ឱ្យគ្រួសារលោក ហ៊ុន សែន តែម្តង។

ចំណែកឯបណ្ឌិត សូ ណារ៉ូ អតីតជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ឧកញ៉ាដែលនៅហែហមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានពីរប្រភេទ គឺឧកញ៉ា «ប្រចាំត្រកូល» និងឧកញ៉ា «អញជួយឯង ឯងជួយអញ»។ លោកថា ឧកញ៉ា «ប្រចាំត្រកូល» មានតិចបំផុត ហើយឧកញ៉ាទាំងនេះហ៊ានស្លាប់រស់ជាមួយត្រកូលហ៊ុនតែម្តង។ ឧកញ៉ាទាំងនោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយមានអំណាច។ ឧកញ៉ាទាំងអស់នោះប៉ះមិនបាននោះទេ។
លោកបន្តថា ចំណែកអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា គឺស្ថិតក្នុងប្រភេទឧកញ៉ា «អញជួយឯង ឯងជួយអញ» ដែលលោក ហ៊ុន សែន ត្រូវការលុយពេលណា គឺលុយមានពេលនោះ ហើយលុយនោះទៀតសោត គឺសម្រាប់តែធ្វើកិច្ចការនយោបាយប៉ុណ្ណោះ។ ជាពិសេសដូចជាករណីលោក ហ៊ុន សែន ត្រូវការលុយជួយកូវីដ លុយសាងសង់សាលារៀន លុយសាងសង់ផ្លូវ គឺលោក ឡេង ណាវ៉ាត្រា អាចបញ្ចេញលុយនោះមកតែម្តង ប៉ុន្តែលោក ហ៊ុន សែន ក៏នឹងរកវិធីដើម្បីឲ្យឧកញ៉ាទាំងអស់នោះបានលុយមកវិញដែរ តាមរយៈផ្តល់នេះផ្តល់នោះឲ្យវិនិយោគ ដូចជាករណីសួនសត្វភ្នំតាម៉ៅ ជាដើម។

លោក ឡេង ណាវ៉ាត្រា តែងតែបង្ហាញភាពជិតស្និទ្ធជាមួយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាក់ស្តែង លោកធ្លាប់លុតជង្គង់ថ្វាយបង្គំលោក ហ៊ុន សែន និងភរិយា។ ហែហមលោក ហ៊ុន សែន ចុះចែកអំណោយដល់ពលរដ្ឋ ចុះធ្វើការងារសង្គមជាមួយកូនៗលោក ហ៊ុន សែន ព្រមទាំងប្រកាសគាំទ្រឥតងាករេចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ទៀតផង។
រីឯលោក ហ៊ុន សែន វិញ លោកធ្លាប់បានលើកសរសើរលោក ឡេង ណាវ៉ាត្រា ជាសាធារណៈជាច្រើនដង ស្របពេលមង្គលការប្អូនស្រីលោក ឡេង ណាវ៉ាត្រា ក៏មានវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងមន្ត្រីគ្រាក់ៗមួយចំនួនចូលរួមដែរ។

ក្នុងវ័យ ៣៤ឆ្នាំ អ្នកឧកញ៉ា ឡេង ភត្រាដែលប្រិយមិត្តភាគច្រើនបានស្គាល់ឈ្មោះ ឡេង ណាវ៉ាត្រា ធ្លាប់បានរៀបរាប់ជីវិតកម្សត់កាលពីអតីតកាលនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ថា ខ្លួនមានដើមកំណើតនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
អតីតកាលរបស់លោកគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ អាហារកុំថាឡើយម្ហូបគ្រប់គ្រាន់ សូម្បីតែអង្ករក៏ដាច់ម្តងម្កាលដែរ។ ម្ដាយរបស់លោកជាស្ត្រីគ្រប់លក្ខណ៍ដែលមានសុខភាពមិនសូវមាំទាំ ឪពុកជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រា មិនសូវមានគេរាប់អាន។ លោកធ្លាប់លក់ហ្គាស៍ លក់មី ដឹកស្រាលក់ និងបុកល្ហុង ជាដើម តែគាត់បរាជ័យរហូត។
លោកបន្តថា លុះក្រោយមក អ្នកឧកញ៉ាធ្វើការនៅកូរ៉េបាន ២ឆ្នាំ (ឆ្នាំ២០១២) អ្នកឧកញ៉ាមានគំនិតរកស៊ី ក៏ប្រមែប្រមូលលុយកាក់បាន ១ម៉ឺន ១ពាន់ដុល្លារ ខ្ចីបងប្អូន និងធនាគារបានជាង ៣ម៉ឺនដុល្លារទៀត ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ 28m X 50m ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារ។
មួយឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អចលនទ្រព្យដំបូងរបស់អ្នកឧកញ៉ាលក់បាន ១២ម៉ឺនដុល្លារ ពោលគឺចំណេញបាន ៨ម៉ឺនដុល្លារ ហើយអ្នកឧកញ៉ាបានបន្តទៅទិញដីតូចៗ ៤កន្លែងផ្សេងសម្រាប់ទុកមួយចំណែក ប៉ុន្តែចៃដន្យមានមិត្តភ័ក្ដិបានសុំចែកដីពីគាត់ 5m ដើម្បីធ្វើផ្ទះរស់នៅ ហើយក៏មានអ្នកសុំចែកដីជាបន្តបន្ទាប់ទៀត រហូតអ្នកឧកញ៉ាមានគំនិតពុះដីឡូត៍លក់ ដោយខ្ចីលុយគេបន្ថែមទៀតសម្រាប់ទិញដីនៅផ្លូវជាតិលេខ៣ ចូលហ៊ុនជាមួយមិត្តភ័ក្ដិ ២នាក់ ចាប់ផ្តើមដំបូងនៅទំហំដី ២៥អា ស្មើនឹង ៣០ឡូត៍ រយៈពេលប្រហែល ៥ ទៅ ៦ខែ ពង្រីកបានជាង ៧ហិកតារ ជិត ៧០០ឡូត៍ (កាលនោះមួយឡូត៍ ១ពាន់ដុល្លារជាងទៅ ២ពាន់ដុល្លារជាង)។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់និយាយកាលពីឆ្នាំ២០១៨ ថា ទ្រព្យ និងដីរបស់លោកមានតម្លៃប្រហែល ១០លានដុល្លារ ក្រោយលោកទទួលបានជោគជ័យរហូតដល់ឆ្នាំ២០២១ ហើយក៏បានទទួលបានងារជាអ្នកឧកញ៉ាថែមទៀត។
ដើម្បីលើកមុខមាត់លោក ឡេង ណាវ៉ាត្រា ឲ្យកាន់តែល្បី និងទាក់ទាញវិនិយោគទុនថែមទៀតនោះ នៅខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាលសម្រាប់ជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
ជាងនេះទៅទៀត កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានកាត់ដីគម្របព្រៃឈើចំនួន ១៧២ហិកតារនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីផ្ដល់ជាកម្មសិទ្ធិទៅឱ្យលោក ឡេង ណាវ៉ាត្រា ហើយដែលសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថាជាសកម្មភាពលាងលុយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការលាងលុយកខ្វក់ និងការចោទប្រកាន់នានាអំពីវត្តមានរបស់អ្នកធំនៅពីក្រោយនោះ ក្នុងខ្សែអាត់សំឡេងមួយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោក ឡេង ណាវ៉ាត្រា បានចាត់ទុកការចោទប្រកាន់ទាំងនេះថាជាការបំផ្លើស និងជាការបំផ្លាញកិត្តិយសរបស់លោក និងក្រុមគ្រួសារ។ លោកនឹងប្រើប្រាស់ផ្លូវច្បាប់ប្រឆាំងនឹងអ្នកទាំងឡាយណាដែលហ៊ានលើកឡើងអំពីបញ្ហាទាំងនេះនៅពេលខាងមុខទៀត។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលសម្រេចយល់ព្រមឱ្យក្រុមហ៊ុនរបស់លោកអភិវឌ្ឍនៅភ្នំតាម៉ៅ គឺដើម្បីឱ្យពលរដ្ឋមានឱកាសទិញបានលំនៅឋានក្នុងតម្លៃថោក។

ឧកញ៉ាវ័យក្មេងរូបនេះចាត់ទុកការចោទប្រកាន់មកលើរូបលោក និងក្រុមហ៊ុនរបស់លោកដែលមានបុគ្គលិករាប់ពាន់នាក់នាពេលកន្លងមក ថាជាការប្រមាថ និងជាការចោទប្រកាន់ដ៏អាក្រក់ ដែលធ្វើឱ្យលោកឈឺចាប់បំផុត និងជាការលាបពណ៌ដ៏សាហាវបំផ្លាញដល់កិត្តិយសរបស់លោក រួមទាំងក្រុមគ្រួសារ និងក្រុមហ៊ុនរបស់លោក។
លោក ឡេង ណាវ៉ាត្រា បញ្ជាក់ថា លោកនឹងមិនបន្តអនុញ្ញាតឱ្យមានការចោទប្រកាន់លោកទៀតឡើយ ដូចជាចោទថាលោកជាអ្នកកាប់ឈើលក់ ជាអ្នកលាងលុយកខ្វក់ និងមានអ្នកនៅពីក្រោយ ហើយប្រសិនបើនៅតែមានអ្នកចោទប្រកាន់លើរូបលោកទាំងបីចំណុចនេះទៀត នោះលោកនឹងមិននៅស្ងៀមទេ។
ចំណែកឯកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា ក៏បានចេញមុខបដិសេធថា លោក ឡេង ណាវ៉ាត្រា មិនមែនជាអ្នកឈរឈ្មោះរកស៊ីឱ្យលោកឡើយ ប៉ុន្តែសេដ្ឋីវ័យក្មេងរូបនេះជាសមាជិកក្រុមយុវជនរបស់លោក។

របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) រកឃើញថា គ្រួសារត្រកូលហ៊ុនបានកាន់កាប់ដោយផ្ទាល់ និងដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើន ដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារ ប៉ុន្តែនេះគ្រាន់តែជាតួលេខដែលគេបង្ហាញឱ្យឃើញក្នុងការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ។
អង្គការអន្តរជាតិដដែលអះអាងថា គ្រួសារត្រកូលហ៊ុនមានភាគហ៊ុនច្រើនជាងនេះដែលមិនបានប្រកាសឱ្យដឹង ប៉ុន្តែប្រើអ្នកឈរឈ្មោះក្លែងក្លាយ និងជ្រកក្រោមស្លាកក្រុមហ៊ុនផ្សេងៗ។
របាយការណ៍ស៊ើបអង្កេតដដែលលើកឡើងថា គ្រួសារត្រកូលហ៊ុនកំពុងក្ដោបក្ដាប់មុខជំនួញរាប់មិនអស់នៅកម្ពុជា រាប់ចាប់តាំងពីវិស័យអចលនទ្រព្យ ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ធនាគារ សារព័ត៌មាន និងវិស័យជាច្រើនទៀត។
មជ្ឈដ្ឋានមួយចំនួនជឿជាក់ថា ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នោះ មិនមែនជារបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា នេះឡើយ ហើយលោកទំនងជាអ្នកឈរឈ្មោះរកស៊ីឱ្យគេ ដើម្បីបំភ័ន្តភ្នែកសាធារណជនប៉ុណ្ណោះ។ ការវាយតម្លៃបែបនេះ អាចផ្អែកទៅលើអង្គហេតុពីរសំខាន់ គឺទី១ ការកើនឡើងដ៏ឆាប់រហ័សនៃទ្រព្យសម្បត្តិ ហើយទី២ គឺឥទ្ធិពលរបស់លោក៕