32 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល៖ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កំពុង​ធ្វើ​ប្រជាភិថុតិ​ពាក់ព័ន្ធ​នឹង​បំណុល​កម្ពុជា​ជំពាក់​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ការ​ខ្ចី​បុល​បរទេស​របស់​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់ គឺ​ត្រូវ​ឆ្លងកាត់​នូវ​ការ​សួរ​ដេញដោល និង​ត្រួតពិនិត្យ​អំពី​គណនេយ្យភាព និង​វត្ថុបំណង​នៃ​ការ​ខ្ចី​លុយ​បរទេស​ទាំងនោះ​យ៉ាង​ហ្មត់ចត់ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​អាច​ខ្ចី​បុល​បរទេស​យក​មក​ប្រើប្រាស់​បាន។

លោក​បន្ថែម​ថា ដោយឡែក​ការ​ខ្ចី​បុល​បរទេស​របស់​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពិបាក​នឹង​រក​តម្លាភាព ដោយសារតែ​ដំណើរការ​គ្រប់​បែប​យ៉ាង​របស់​រដ្ឋបាល​ជាតិ​សព្វថ្ងៃ​នេះ ត្រូវ​សម្រេច​ចេញពី​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​តែ​មួយ។

លោក មឿន តុលា លើកឡើង​ថា រដ្ឋាភិបាល​តែងតែ​អះអាង​ថា​ការ​ខ្ចី​បុល​របស់​បរទេស គឺ​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​សព្វថ្ងៃ​នេះ ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា ធនធាន​ជាតិ​របស់​កម្ពុជា​ទាំង​លើ​គោក និង​ក្រោម​ទឹក​ចេះតែ​បាត់បង់​ទៅៗ ខណៈ​បំណុល​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច្នេះ​បើ​ប្រៀបធៀប​ថា កម្ពុជា​ល្អ​ជាង​ប្រទេស​ទាំងនោះ គឺជា​រឿង​ដែល​មិន​សម​ហេតុផល​នោះ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ខ្ចី​បុល​បរទេស​តិច ឬ​ច្រើន ជា​រឿង​សំខាន់​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ប្រកប​ដោយ​តម្លាភាព គឺជា​រឿង​សំខាន់ ហើយ​ចាំបាច់​ទៀត ត្បិត​បំណុល​ទាំងនោះ​គឺ​ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ត្រូវ​សង​តាមរយៈ​នៃ​ការ​បង់​ពន្ធ​គ្រប់​បែប​យ៉ាង ដូច្នេះ​ការ​ប្រើប្រាស់​ថវិកា​កម្ចី​បរទេស​ទាំងនោះ​គ្មាន​តម្លាភាព គឺជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ​នៃ​រដ្ឋាភិបាល​នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ថា កម្ពុជា​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​ប្រ៊ុយណេ។

លោក វង្សី វិស្សុត លើកឡើង​ថា បើ​គិត​បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​សរុប គឺ​ស្មើ​នឹង​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ជំពាក់​បរទេស​ប្រមាណ​ជា ៦០០​ដុល្លារ​អាមេរិក ដែល​ខុសពី​ពលរដ្ឋ​អាមេរិក​ជំពាក់​បំណុល​បរទេស​ដល់​ទៅ​ជិត ១​សែន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​នៃ​បំណុល​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ខ្ចី ដូច្នេះ​ករណី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ជំពាក់​បំណុល​បរទេស​របស់​កម្ពុជា​នៅតែ​មាន​ចំនួន​តិច និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​ទៀត ហើយ​នេះ​ក៏​ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា បើ​ប្រៀបធៀប​បំណុល​របស់​កម្ពុជា និង​បំណុល​របស់​សហរដ្ឋ​អាមេរិក ក្រសួង​សេដ្ឋកិច្ច​ក៏​គួរ​បង្ហាញ​លម្អិត​ពី​ការ​ប្រើប្រាស់​បំណុល​រវាង​កម្ពុជា និង​អាមេរិក​ដែរ ថា​តើ​ការ​ប្រើប្រាស់​កម្ចី​ទាំងនោះ ប្រទេស​ណា​មួយ​អនុវត្ត​មាន​តម្លាភាព និង​មាន​ផល​ប្រយោជន៍​សម្រាប់​ជាតិ និង​ពលរដ្ឋ​ជាង។

លោក សេក សុជាតិ លើកឡើង​ថា អាមេរិក​ជា​ប្រទេស​មហាអំណាច និង​ជា​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​ល្បីល្បាញ​ក្នុង​ការ​ដឹកនាំ​ដែល​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ដោយ​ធានា​បាន​នូវ​តម្លាភាព​យ៉ាង​ពេញលេញ ប៉ុន្តែ​កម្ពុជា​វិញ​គឺជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស និង​រង​នូវ​ការ​រិះគន់​ថា​ដឹកនាំ​ដោយ​គ្មាន​តម្លាភាព ជាដើម ដូច្នេះ​ការ​ប្រៀបធៀប​រវាង​កម្ពុជា និង​អាមេរិក​របស់​ក្រសួង​សេដ្ឋកិច្ច​បែប​នេះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​របស់​កម្ពុជា​នោះ​ទេ។

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​មាន​រហូត​ដល់​ទៅ ៧០% ហើយ​ក្នុង​បំណុល​ទ្វេភាគី ៧០% នេះ កម្ពុជា​បាន​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង ៤២% ដែល​ជា​តួលេខ​ខ្ពស់​មួយ​នៃ​បំណុល​កម្ពុជា​ដែល​កំពុង​ជំពាក់​ប្រទេស​ដទៃ​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​នេះ។

អង្គការ​តម្លាភាព​កម្ពុជា បញ្ជាក់​ថា កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ចំនួន ៥​ប្រទេស ក្នុង​នោះ​រួម​មាន ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឥណ្ឌា ថៃ និង​វៀតណាម ខណៈ​បំណុល​ទាំងនេះ​រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ចរចា​ដោះស្រាយ​ត្រឹមតែ​ក្នុង​ទំហំ ៦% ប៉ុណ្ណោះ។

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​កម្ចី​បរទេស​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ក្នុង​ទំហំ​ទឹកប្រាក់ ១​ម៉ឺន ៥​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​ចំណាយ​អស់ ១​ម៉ឺន ៥៥១​លាន​ដុល្លារ​អាមេរិក​ហើយ ខណៈ​បំណុល​ជាក់ស្តែង​ដែល​កម្ពុជា​មិនទាន់​បាន​ទូទាត់​សង​ម្ចាស់​បំណុល​សព្វថ្ងៃ​នេះ គឺ​មាន​ដល់​ទៅ​ជាង ៩​ពាន់ ៤០០​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស