សង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន មានចំនួន ៣៣៧ថ្ងៃហើយ និង ១២ខែហើយ បើគិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ។
អ្វីដែលពិភពលោកចាប់អារម្មណ៍ជាងគេនោះ គឺលោកប្រធានាធិបតីអ៊ុយក្រែន បន្តវាយចំអកឲ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ថាជាមេដឹកនាំឥតបានការ ហើយលែងសមជាមេដឹកនាំរបស់ប្រជាជនរុស្ស៊ីទៀតហើយ។ មិនតែប៉ុណ្ណោះ លោកថ្លែងថា លោកមិនចរចាជាមួយមេដឹកនាំប្រទេសមួយដែលឥតបានការនោះទេ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានអង់គ្លេស Sky News កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ មករា លោក ហ្សេឡេនស្គី បានប្រាប់ថា លោក ពូទីន គឺជាមនុស្សគ្មានប្រយោជន៍។ លោក ហ្សេឡេនស្គី ថ្លែងដូចនេះនៅពេលអ្នកព័ត៌មានសួរលោកថា តើលោកចង់ជួបផ្ទាល់តទល់មុខជាមួយនឹងលោក ពូទីន ដែរឬទេ បើលោក ពូទីន ដាក់សំណើជួបលោកដើម្បីបញ្ចប់សង្គ្រាម។
សំណួររបស់អ្នកកាសែត Sky News បានសួរទៅលោក ហ្សេឡេនស្គី ទៀតថា បើលោក ពូទីន សុំជួបលោកនៅក្នុងបន្ទប់ប្រជុំមួយតែ ២នាក់ ហើយពិភាក្សាអំពីសន្តិភាពរវាងប្រទេសទាំងពីរដោយការបញ្ចប់សង្គ្រាមថាតើគួរតែជួបលោក ពូទីន ឬទេ?
បន្ទាប់ពីការដាក់សំណួរនេះមក លោក ហ្សេឡេនស្គី បានថ្លែងតបមកវិញថា មិនសំខាន់សោះសម្រាប់លោក ពូទីន ចំពោះរូបលោក។ លោកបន្តថា វាមិនសំខាន់ទេចំពោះការជួបគ្នានេះ ហើយគ្មានអ្វីដែលត្រូវជួបគ្នារវាងប្រតិភូនៃប្រទេសទាំងពីរនោះទេ ពីព្រោះភាគីទាំងពីរធ្លាប់បានជួបគ្នាជាច្រើនលើកច្រើនសារួចមកហើយ តែពុំមានអ្វីជាការទុកចិត្តទៀត ហើយម្យ៉ាងទៀត លោក ពូទីន លែងសមជាមេដឹកនាំតំណាងឲ្យរុស្សី ឬប្រជាជនរុស្ស៊ីទៀតហើយ។
សម្ដីរបស់លោក ហ្សេឡេនស្គី ទៅលើលោក ពូទីន បាននាំឱ្យមានប្រតិកម្មពីអ្នកនាំពាក្យវិមានក្រឹមឡាំង ដោយបង្ហាញការខឹងសម្បាជាខ្លាំង។ លោក Dmitry Peskov និយាយថា លោក ហ្សេឡេនស្គី មិនអាចប្រៀបស្មើនឹងលោក ពូទីន បានឡើយ។
លោក Dmitry Peskov បន្ថែមថា លោក ហ្សេឡេនស្គី មិនត្រឹមតែមិនធ្វើទៅតាមកិច្ចព្រមព្រៀង Minsk ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមរៀបចំសង្គ្រាមថែមទៀត ហើយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន បានត្រៀមលក្ខណៈរៀងៗខ្លួនទុកជាមុនក្នុងការធ្វើសង្គ្រាមដ៏ធំមួយទៀតក្នុងរដូវផ្ការីកមកដល់។
កាលពីថ្ងៃពុធ ទី២៥ ខែមករា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង ១១ប្រទេសទៀត បានប្រកាសការបញ្ជូនរថក្រោះប្រយុទ្ធរបស់ខ្លួនប្រភេទ Abram M1 និង Leopard2 ទៅឱ្យអ៊ុយក្រែន ខណៈបណ្តាប្រទេសមួយចំនួនក្នុងអង្គការណាតូ បានសន្យាផ្តល់គ្រឿងឧបករណ៍យោធាផ្សេងៗរៀងៗខ្លួនជួយដល់អ៊ុយក្រែន ដើម្បីត្រៀមធ្វើការវាយប្រហារដើម្បីយកតំបន់ដុនបាស់ ពីរុស្ស៊ី មកវិញ។
ការថ្លែងរបស់លោក ហ្សេឡេនស្គី ក៏ជួនពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា សេតវិមាន និងសហភាពអឺរ៉ុប បានសហការរួមគ្នាទាំងស្រុង គឺខុសពីអ្វីដែលមេដឹកនាំរុស្ស៊ីលោក ពូទីន ធ្លាប់បានគិតថាមានការបែកបាក់គ្នា។
លោក ចូ បៃដិន បញ្ជាក់ថា លោកបានធ្វើការសន្ទនាជាមួយក្រុមសម្ព័ន្ធមិត្តណាតូ ដោយជជែកជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងនាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni។ លោកថា មេដឹកនាំប្រទេសទាំងនោះសន្យាបន្ត និងធ្វើកិច្ចសហការសម្របសម្រួលដោយជិតស្និទ្ធ និងបញ្ជាក់លើការគាំទ្រអ៊ុយក្រែនទាំងស្រុង។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ចុងក្រោយបានប្រាប់លោក ពូទីន ថា ត្រូវដកកងទ័ពរុស្ស៊ីចេញពីក្នុងទឹកដីអ៊ុយក្រែន ព្រោះវាជាដំណោះស្រាយតែមួយគត់ក្នុងការបញ្ចប់សង្គ្រាម។ ការថ្លែងរបស់លោកប្រធានាធិបតី ចូ បៃដិន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលពេលនោះលោកបានប្រកាសការផ្តល់រថក្រោះទំនើបបំផុត Abram M1 ចំនួន ៣១គ្រឿង ខណៈសម្ព័ន្ធមិត្តអាមេរិក ១១ប្រទេសទៀតសន្យាបញ្ជូនរថក្រោះ Leopard-2 ចំនួន ១០០គ្រឿងទៅឱ្យអ៊ុយក្រែន ដែលត្រៀមរៀបចំការវាយប្រហារដ៏ធំមួយលើទាហានរុស្ស៊ី ក្នុងរដូវផ្ការីកជិតមកដល់នេះ ហើយរំពឹងថាអ៊ុយក្រែន នឹងប្រើសព្វាវុធទាំងនេះដើម្បីវាយលុករំដោះឧបទ្វីបគ្រីមៀរ មកវិញ៕