35 C
Phnom Penh

ភ្នាក់ងារ​អាមេរិកាំង​កំពុង​វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​បទល្មើស​នាំ​សត្វ​ស្វា​ពី​កម្ពុជា​មក​កាន់​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុខរបរ អាជីវកម្ម​ខ្លះ កម្ពុជា​ពុំ​មាន​នរណា​ដឹង​ច្បាស់​ថា តើ​វា​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់​ឡើយ គឺ​ស្រេច​តែ​មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ជនល្មើស​ច្បាប់​អាច​មិន​ដឹង​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ លុះត្រា​ជន​នោះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បរទេស​ចាប់​ខ្លួន និង​បើក​ការ​ស៊ើបអង្កេត​តែប៉ុណ្ណោះ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ អាជ្ញាធរ​អាមេរិកាំង​បាន​ចាប់​មន្ត្រី​ពី​ក្រសួង​កសិកម្ម ដែល​នាំ​សត្វ​ស្វា​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក។

ទ្រឹស្ដី​សេដ្ឋកិច្ច​ទីផ្សារ​សេរី (free market economy) ជាទូទៅ​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ អាជីវករ​មាន​សេរីភាព​ប្រកប​មុខរបរ ជំនួញ​ជួញដូរ ដោយ​ពុំ​មាន​រដ្ឋាភិបាល​ជ្រៀតជ្រែក ត្រួតត្រា បង្គាប់​បញ្ជា​ក្រុមហ៊ុន​ដូច​ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​កុម្មុយនីស្ត​និយម ឬ​សេដ្ឋកិច្ច​សង្គម​និយម​នោះ​ទេ ដរាប​ណា​ការ​ប្រកប​មុខរបរ​អ្វី​មួយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន។

មនុស្ស​រកស៊ី​អ្វី​ក៏​បាន​ក៏​មែន​ពិត ប៉ុន្តែ​គេ​មិន​រកស៊ី​អ្វី​គ្មាន​ការ​ទទួល​ខុសត្រូវ​ដែល​ក្លាយ​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​មួយ​នោះ​ទេ។ សម្បត្តិ​ធម្មជាតិ ជា​រ៉ែ ជា​ព្រៃឈើ ជា​ជីវចម្រុះ ជា​សត្វព្រៃ​ជាដើម រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ គេ​ប្រយ័ត្ន​ណាស់​ខ្លាច​វា​រលាយ​បាត់​ផុត​ពូជ​ពី​ផែនដី។

ក្រោយ​ហែល​ឆ្លងកាត់​សម័យ​អន្តរកាល​ពី​សេដ្ឋកិច្ច​សហគ្រាស​ចាត់តាំង​ដោយ​រដ្ឋ មក​ជា​សេដ្ឋកិច្ច​សហគ្រាស​ទីផ្សារ​សេរី ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ ជួប​ប្រទះ​នឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ បណ្តាល​ឲ្យ​បាត់បង់​ធនធាន​កម្រ​មាន​នានា ដូចជា​សត្វព្រៃ​ខ្លះ​ជាដើម​សឹងតែ​គ្មាន​សល់។ រឿង​អាស្រូវ​ថ្មីៗ​កន្លងទៅ​នា​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទាក់ទង​នឹង​រឿង​ជំនួញ​សត្វ​ស្វា​ពី​ស្រុក​ខ្មែរ គឺជា​របរ​ផ្គត់ផ្គង់​ប្រភេទ​សត្វ​ស្វា​ទៅ​ឲ្យ​មន្ទីរពិសោធន៍​ស្រាវជ្រាវ​ថ្នាំពេទ្យ​នៅ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង។

ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ខាងត្បូង​ក្នុង​រដ្ឋ​ផ្លរីដា បាន​ចោទ​ពាណិជ្ជករ​ជំនួញ​សត្វ​ស្វា ៨​នាក់ រួម​ទាំង​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ឈ្មោះ កែវ អូម៉ាលីស អាយុ ៥៨​ឆ្នាំ ឈ្មោះ គ្រី ម៉ះផល អាយុ ៤៦​ឆ្នាំ នាយករង​ខាង​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

មន្ត្រី​ខ្មែរ​ក្រសួង​កសិកម្ម​មួយ​រូប​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នៅ​អាកាសយានដ្ឋាន John F. Kennedy នា​បុរី​ញីវយ៉ក បន្ទាប់ពី​អាជ្ញាធរ​អាមេរិកាំង​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​គប់គិត​គ្នា​នាំ​សត្វ​ស្វា​ប្រភេទ​ម្យ៉ាង​ដែល​មាន​ចុះបញ្ជី​ហាម​មិន​ឲ្យ​ចាប់ ឬ​ធ្វើ​ជំនួញ ព្រោះ​ជា​អម្បូរ​ស្វា​ប្រឈម​ផុត​ពូជ endangered species។ មន្ត្រី​ជាប់​ចោទ​រឿង​រត់ពន្ធ​ស្វា កែវ អូម៉ាលីស និង គ្រី ម៉ះផល អះអាង​ថា សត្វ​ស្វា​ទាំងអស់​នោះ​ជា​សត្វ​ចិញ្ចឹម​ក្នុង​ទីតាំង​រដ្ឋ​គ្រប់គ្រង មិនមែន​ស្វា​ចាប់​យក​ពី​ព្រៃ​មក​នោះ​ទេ ហើយ​ថា​គេ​យក​ស្វា​ទាំងនោះ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អនុសញ្ញា​អន្តរជាតិ​ខាង​ជំនួញ​សត្វ រុក្ខជាតិ​ប្រឈម​ការ​ដាច់​ពូជ ហៅ​កាត់ CITES (Convention on International Trade in Endangered Species of Wild Fauna and Flora) នៅ​ទីក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា។

ជន​ជាប់ចោទ ៦​នាក់​ទៀត គឺ​មាន​ឈ្មោះ៖

  • James Man Sang Lau ជនជាតិ​ចិន ពី​ក្រុង​ហុងកុង អាយុ ៦៤​ឆ្នាំ​ជា​ម្ចាស់​គ្រប់គ្រង និង​ជា​ស្ថាបនិក​មណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ សាជីវកម្ម វ៉ាន់នី ធនធាន
  • Dickson Lau អាយុ ២៩​ឆ្នាំ ជា​អគ្គនាយក​ចាត់ចែង​នៃ​ក្រុមហ៊ុន វ៉ាន់នី ធនធាន
  • Sunny Chan រស់នៅ​ក្រុង​ហុងកុង ជា​អគ្គនាយក​រង​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វ៉ាន់នី ធនធាន
  • Raphael Cheung Man អាយុ ៧១​ឆ្នាំ រស់នៅ​ក្រុង​ភ្នំពេញ ជា​អ្នក​ធ្វើ​ទំនាក់ទំនង​សាធារណៈ និង​ជា​នាយក​ផ្នែក​នីហរ័ណ​នៃ​ក្រុមហ៊ុន​សាជីវកម្ម វ៉ាន់នី ធនធាន
  • Sarah Yeung រស់នៅ​ក្រុង​ហុងកុង ជា​នាយ​ផ្នែក​ហិរញ្ញវត្ថុ វ៉ាន់នី ហ្គ្រុប
  • Hing Ip Chung អាយុ ៦១​ឆ្នាំ រស់នៅ​ក្រុង​ភ្នំពេញ ជា​អគ្គនាយក​សាជីវកម្ម​ស្រាវជ្រាវ​ជីវសាស្ត្រ វ៉ាន់នី កម្ពុជា។

ជន​ជាប់ចោទ​ទាំង ៨​នាក់​មាន​កំហុស ៨​បទ​ចោទ ហើយ​បទ​ចោទ​នីមួយៗ​អាច​មាន​ទោស​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ២០​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់ ២​សែន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​បទ​ចោទ​នីមួយៗ។

ស្ថិតិ​ពី​អង្គការ CITES បង្ហាញ​ថា រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​ចិញ្ចឹម​ស្វា​ប្រភេទ​មុខ​វែង និង​កន្ទុយ​វែង ហៅ​តាម​ភាសា​បច្ចេកទេស​ថា cynomolgus monkey ឬ​ស្វា​ស៊ី​ក្តាម ដែល​សម្បូរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា​ប្រទេស​កម្ពុជា ថៃឡង់ដ៍ លាវ ជាដើម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លើ​ផ្ទៃដី​ជាង ៤​ហិកតារ នា​ឆ្នាំ​២០០២។ នៅ​ឆ្នាំ​២០០៦ មុខរបរ​ស្វា​បាន​ពង្រីក​ទីតាំង​ទី​២ ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ទំហំ​ធំ​ជាង​ទីតាំង​ទី​១ នៅ​ភ្នំពេញ ១០​ដង គឺ​ដល់​ទៅ ៤០​ហិកតារ។ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ មណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ វ៉ាន់នី បាន​ផ្គត់ផ្គង់​ប្រភេទ​ស្វា​ស៊ី​ក្តាម​ជាង ២​ម៉ឺន ៦​ពាន់​ក្បាល​ទៅ​កាន់​ប្រទេស​ចិនដីគោក សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ដើម្បី​ធ្វើ​ពិសោធ។

ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត មណ្ឌល វ៉ាន់នី បាន​ផ្តល់​ស្វា​ពី ៣​ពាន់​ទៅ ៦​ពាន់​ក្បាល​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​បាន​ផ្តល់​ស្វា​មុខ​វែង​កន្ទុយ​វែង​ជិត ១​ម៉ឺន ៤​ពាន់​ក្បាល ហើយ​នៅ​ឆ្នាំ​២០២០ ចំនួន​សត្វ​ស្វា​ប្រភេទ​នេះ​ត្រូវ​បាន​ដឹក​ចេញ​ឡើង​ដល់​ទៅ ២៩៥០០​ក្បាល ហើយ​ទីតាំង​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​កាន់តែ​ពង្រីក​ធំ​ជាង​មុន​ដែរ ដំណាលគ្នា​នឹង​មាន​ការ​កាប់​ព្រៃឈើ​ជា​ជម្រក​សត្វ​ស្វា​ផង​នោះ។

ក្រុម​សកម្មជន​សហគមន៍​ឃ្លាំមើល​តាមដាន​ការ​កាប់​ព្រៃឈើ និយាយ​ថា ប្រជាពលរដ្ឋ​តាម​តំបន់​ខ្លះ​ប្រឹង​ដាក់​អន្ទាក់​ចាប់​ស្វា​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដែរ ដោយ​មិន​គិត​អំពី​ភាព​ហិនហោច​សម្បត្តិ​ធម្មជាតិ​សម្រាប់​ជាតិ​សាសន៍​ខ្លួន​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​ការ​បំផ្លាញ​បរិស្ថាន Mongabay នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា៖ ស្វា​ស៊ី​ក្តាម​មួយ​ក្បាល​ឈ្មួញ​ឲ្យ​ថ្លៃ ១០០​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​គេ​ដឹង​ថា​ស្វា​ស៊ី​ក្តាម​មួយ​ក្បាល​លក់​ទៅ​បរទេស​បាន​ថ្លៃ​ប្រមាណ​ជិត ១​ពាន់​ដុល្លារ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្លាប់​បាន​អះអាង​ក្នុង​ទំព័រ​របស់​លោក​ក្នុង​ខែ​មេសា ឆ្នាំ​២០២១ ថា៖ ៤​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​នាំ​ស្វា​ចេញ​មាន​ចំនួន ៧៧២៨​ក្បាល ដែល​គិត​ជា​ទឹកប្រាក់​ស្មើ​នឹង ៦​លាន ៣​សែន ២​ម៉ឺន​ដុល្លារ។

កាលពី​មុន ស្វា​ពី​ស្រុក​ខ្មែរ​ប្រភេទ​នេះ​លក់​ទៅ​ស្រុក​ចិន រួច​ចិន​ដឹក​ទៅ​លក់​ឯ​បរទេស​បន្ត​ទៅ​ទៀត ឬ​ក៏​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​សម្រាប់​ពិសោធ ឬ​យក​សាច់​ជា​អាហារ។ ក្នុង​ឆ្នាំ​២០១៥ មាន​សេចក្តី​រាយការណ៍​ថា ស្វា​ប្រភេទ​គេ​ហាមឃាត់​នេះ​ក៏​មាន​មនុស្ស​ចាប់ពី​ព្រៃ​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​ប្រទេស​យៀកណាម​ផង​ដែរ​ដើម្បី​បង្វែង​ដាន។

ចំពោះ​សត្វ​ស្វា​ដែល​អាជ្ញាធរ​អាមេរិកាំង​ឃាត់​ទុក​ទាំង​ម្ចាស់ ទាំង​ស្វា​នោះ ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា៖ ស្វា​មុខ​វែង​កន្ទុយ​វែង​ទាំងអស់ នាំ​ចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក មិនមែន​ជា​សត្វ​ស្វា​ចាប់​យក​ពី​ព្រៃ​មក​នោះ​ទេ គឺជា​ស្វា​ដែល​ចិញ្ចឹម​តាម​ការដ្ឋាន។

ទោះជា​ថា​ដូច្នេះ​ក្តី អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្នែក​ត្រួតពិនិត្យ​សត្វ​នៅ​ច្រក​ទំនិញ​ចេញចូល​ក្រុង​ម៉ាយ៉ាមី រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ប្រាប់​កាសែត Miami New Times ផ្សាយ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា៖ សត្វ​ដាក់​ទ្រុង​ដឹក​លើក​ទី​១ ទៅកាន់​ក្រុង​ម៉ាយ៉ាមី នា​ឆ្នាំ​២០១៨ មាន​ស្វា ១៥០​ក្បាល គិត​ជា​តម្លៃ ៣​សែន ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទ្រុង​ដឹក​ពីរ​ដង​ក្រោយ​មក​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ស្វា​ទាំងអស់ ៣៦០​ក្បាល មាន​តម្លៃ​សរុប​ជាង ១​លាន ៤​សែន​ដុល្លារ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្វា​ដឹក​ទៅ​ដល់​ក្រុង​ម៉ាយ៉ាមី មាន ២៨៨​ក្បាល ក្នុង​ចំនួន​នោះ​មាន ១៣៨​ក្បាល​ជា​ស្វា​ចាប់ពី​ព្រៃ មិនមែន​ស្វា​ចិញ្ចឹម​មាន​តម្លៃ​ជិត ៧​សែន​ដុល្លារ។

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្វា​ដឹក​ទៅ​ក្រុង​ម៉ាយ៉ាមី មាន ៣៩៦​ក្បាល ក្នុង​នោះ ៣២៣​ក្បាល​ចាប់ពី​ព្រៃ​ដោយ​ខុស​ច្បាប់ មិនមែន​ស្វា​ចិញ្ចឹម មាន​តម្លៃ ១​លាន ២​សែន​ដុល្លារ។ ស្វា​ដាក់​ទ្រុង​ដឹក​ចុងក្រោយ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ និង​ខែ​ធ្នូ ឆ្នាំ​២០២១ ចំនួន ៥០០​ក្បាល មាន​តម្លៃ​សរុប​ជិត ៦​លាន​ដុល្លារ។

អាជ្ញាធរ​អាមេរិកាំង​ប្រើ​ឆ្កែ K-9 ដែល​ហ្វឹកហ្វឺន​ឲ្យ​ស្គាល់​ក្លិន ថា​តើ​ស្វា​ណា​គេ​ចិញ្ចឹម ស្វា​ណា​ចាប់ពី​ព្រៃ​មក។ ស្វា​ចាប់ពី​ព្រៃ​មក គឺ​បំពាន​ច្បាប់​សហរដ្ឋ​អាមេរិក​ឈ្មោះ Lacey Act អនុម័ត​នៅ​ឆ្នាំ​១៩០០។

ក្នុង​ពាក្យ​បណ្តឹង​ដាក់​ទៅ​តុលាការ អាជ្ញាធរ​អាមេរិកាំង​ចោទ​ជនបរទេស​ទាំង ៨​នាក់​ថា​បាន​សមគំនិត​ចាប់​សត្វ​ស្វា​ស៊ី​ក្តាម​ពី​ព្រៃ​មក​លាយឡំ​បន្លំ​ថា​ស្វា​ចិញ្ចឹម​ក្នុង​ទី​ឃុំគ្រង ដើម្បី​បង្គ្រប់​ចំនួន​ត្រូវ​ដឹក​ចេញ​តាមរយៈ​ការ​សូកប៉ាន់​មន្ត្រី​ក្រសួង​កសិកម្ម ឲ្យ​បិទ​ភ្នែក។

អង្គការ​ឈ្មោះ អ្នក​ថែទាំ​សត្វ​ដោយ​អភិសមាចារ ហៅ​កាត់​ថា PETA (People for Ethical Treatment of Animals) បាន​សាទរ​ចំពោះ​ការ​បង្ក្រាប​របរ​រត់ពន្ធ​ធ្វើ​បាប​សត្វ​រក​ប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​បុគ្គល ហើយ​អំពាវនាវ​ឲ្យ​ឈប់​យក​សត្វ​ស្វា​ទៅ​ចូល​មន្ទីរពិសោធន៍​ថ្នាំពេទ្យ។

រឿង​អាស្រូវ​ទាក់ទង​នឹង​មុខមាត់​រាជាណាចក្រ​កម្ពុជា មាន​ច្រើន​រឿង​ហើយ​លើ​ឆាក​អន្តរជាតិ​ដែល​រាជរដ្ឋាភិបាល​បណ្តោយ​ឲ្យ​អំពើ​ខុស​ច្បាប់​នោះ​កើតឡើង​បាន ហើយ​មន្ត្រី​តាម​ក្រសួង​មន្ទីរ​មួយ​ចំនួន​ក៏​គ្មាន​ទោសពៃរ៍​អ្វី​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​គ្រប់គ្រង​ប្រទេស​មិន​ត្រឹមត្រូវ មិន​តាម​ក្បួនខ្នាត​ពី​សំណាក់​មន្ត្រី​អសមត្ថភាព ឬ​មន្ត្រី​ពុករលួយ បង្ក​លក្ខណៈ​ឲ្យ​ឈ្មួញ​ទុច្ចរិត​មាន​ឱកាស​រកស៊ី​បំផ្លាញ​ធនធាន​ជាតិ ទាំង​មនុស្ស ទាំង​សត្វ ទាំង​រុក្ខជាតិ​បាន​ស្រួល​រហូត​ទាល់តែ​រលាយ​សាប​សូន្យ​អស់​ពី​ទឹកដី​ខ្មែរ។

ឈ្មួញ​បរទេស និង​នាហ្មឺន មន្ត្រី អ្នក​រាជការ​មិន​ខ្វល់​អំពី​ខ្មែរ​វិនាស​អន្តរាយ​ទេ គេ​គិត​អំពី​ផល​ប្រយោជន៍​ផ្ទាល់ៗ​ខ្លួន​របស់​គេ។ តើ​ខ្មែរ​នឹង​បាត់បង់​អ្វី​ត​ទៅ​មុខ​ទៀត​ក្រោម​របប​គ្រប់គ្រង​សព្វថ្ងៃ​នេះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស