អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ

នយោបាយ

អ្នក​ឃ្លាំមើល៖ អំពើ​អយុត្តិធម៌​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​នៅ​ពេល​សង្គម​មួយ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ

By ឌឹ ខេមបូឌា ដេលី

February 03, 2023

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សំណល់​អយុត្តិធម៌​ដ៏​អាក្រក់​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​ឡើងៗ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ ឬ​យក​បុគ្គល​ដែល​ជា​មេដឹកនាំ​ធំ​ជាង​នីតិរដ្ឋ​របស់​ប្រទេស។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា គ្មាន​បុគ្គល​ដែល​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​សុខចិត្ត​បោះបង់​ចោល​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​របស់​គេ ដោយ​ងាក​មក​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ពេល​ដែល​គេ​កំពុង​សោយសុខ និង​ធ្វើ​មាន​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បុគ្គល​និយម​នេះ​ឡើយ។

លោក សេក សុជាតិ ថា​សង្គម​ជាតិ​មួយ​នឹង​វិនាស​អន្តរាយ​សាបសូន្យ​នៅ​ពេល​ដែល​ច្បាប់​ប្រទេស​ជាតិ​បាត់បង់​មូលដ្ឋានគ្រឹះ​យុត្តិធម៌ ហើយ​សង្គម​ទាំងមូល​នឹង​បាត់បង់​យុត្តិធម៌​នៅ​ពេល​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច។ ចុងក្រោយ សង្គម​នោះ​នឹង​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់ ដែល​នឹង​ក្លាយ​ទៅ​ជា​សង្គម​អនាធិបតេយ្យ ហើយ​ពលរដ្ឋ​គ្រប់​រូប​នឹង​គ្មាន​សិទ្ធិ​សេរីភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​នោះ​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​សីលធម៌​របស់​សង្គម​មួយ​ដោយ​ការ​សម្ងំ​សុខ​រៀងៗ​ខ្លួន​របស់​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​សង្គម​នោះ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​សេរីភាព អរិយធម៌ វប្បធម៌ និង​កិត្តិយស​ជាតិ ដែល​ជា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​អនាគត​នៃ​ប្រទេស​នោះ។

លោក​ថា ដូច្នេះ ពលរដ្ឋ​គ្រប់​រូប​មិន​ត្រូវ​នាំគ្នា​ឈរ​មើល​សង្គម​ជាតិ​របស់​ខ្លួន​ធ្លាក់​ចូល​ក្នុង​ភាព​អនាធិបតេយ្យ​ឡើយ ព្រោះ​ថា​វា​នឹង​នាំ​ឱ្យ​សង្គម​ជាតិ​ទាំងមូល​បាត់បង់​សណ្ដាប់ធ្នាប់​ដែល​គ្រប់គ្រង​ដោយ​ច្បាប់ ហើយ​នៅ​ពេល​ដែល​សង្គម​នោះ​បាត់បង់​សណ្ដាប់ធ្នាប់ ពលរដ្ឋ​គ្រប់​រូប​នៃ​សង្គម​នោះ​ក៏​បាត់បង់​សិទ្ធិ និង​សេរីភាព​ដូច​គ្នា​ដែរ។

លោក សេក សុជាតិ បញ្ជាក់​ថា គ្មាន​អំពើ​អយុត្តិធម៌​ណា​មួយ​រលាយ​បាត់​ពី​សង្គម​ទេ ប្រសិនបើ​ពលរដ្ឋ​នៃ​សង្គម​នោះ​មិន​នាំគ្នា​តស៊ូ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​មក​វិញ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​រុញ​ឱ្យ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​បុគ្គល​និយម ជាជាង​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​កម្ពុជា អំណាច​របស់​លោក ហ៊ុន សែន ធំ​លើស​អំណាច​រដ្ឋសភា អំណាច​រដ្ឋាភិបាល និង​អំណាច​តុលាការ​ទៅ​ទៀត។ ដូច្នេះ បើ​ទោះបីជា​កម្ពុជា​អនុវត្ត​តាម​របប​ប្រជាធិបតេយ្យ​ដែល​ព្រះមហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ​ក៏ដោយ ប៉ុន្តែ​ខ្លឹមសារ​ពិតប្រាកដ កម្ពុជា​បាន​អនុវត្ត​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ថា លោក​មាន​សិទ្ធិ​ដក​តំណែង​សមាជិក​តំណាងរាស្ត្រ​ទាំងអស់​ពេល​ណា​ក៏​បាន ព្រោះ​ថា​នៅ​កម្ពុជា ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​ក្នុង​នាម​លោក​ជា​ប្រធាន​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ដក​អ្នក​ទាំងនោះ​គ្រប់​ពេល ប្រសិនបើ​ពួកគេ​មិន​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ​នោះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព គ្មាន​សិទ្ធិ​បញ្ចេញមតិ​លើស​បន្ទាត់​ក្រហម​ដែល​បក្ស​កាន់​អំណាច​បាន​កំណត់​ឡើយ៕