ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី

ព័ត៌មានជាតិ

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ការពារ​សិទ្ធិ​ពលរដ្ឋ​ជាជាង​​ការពារ​ទង្វើ​រដ្ឋាភិបាល

By ឌឹ ខេមបូឌា ដេលី

February 06, 2023

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ ជាជាង​ការ​ការពារ​ទង្វើ​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​មាន​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​រង​នូវ​កា​រំលោភ​បំពាន​កន្លងមក ដូចជា​ការ​រំលោភ​សិទ្ធិ​លើ​កម្មករ​និយោជិត ជាពិសេស​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជាដើម​នោះ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​មិន​ដែល​ធ្វើការ​ពាក់ព័ន្ធ​លើ​កិច្ចការ​នេះ​ម្តង​ណា​ឡើយ បើ​ទោះបីជា​មាន​ការ​ចោទប្រកាន់​លើ​កម្មករ​ទាំងនោះ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ ឬ​ថៅកែ​ក្រុមហ៊ុន រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​កម្មករ ដូចជា​កញ្ញា ឈឹម ស៊ីថរ នៅ​ពេលនេះ​ក៏ដោយ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ជា​រឿង​ល្អ​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល​ជុំវិញ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូច្នេះ​ភាគី​ពាក់ព័ន្ធ​គួរ​អនុវត្ត​នូវ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ ក្នុង​ការ​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ជនរងគ្រោះ​បន្ត​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​បាន​ជាប់​កាតព្វកិច្ច​ផ្តល់​សច្ចាប័ន​ក្នុង​ការ​គោរព និង​លើកស្ទួយ​សិទ្ធិមនុស្ស​ស្រប​ទៅ​តាម​អនុសញ្ញា​នានា សេចក្តី​ថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជាដើម ដូច្នេះ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គួរ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ជុំវិញ​ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ថា​តើ​មាន​ភាព​ពេញលេញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ឬ​នៅ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លើ​បទដ្ឋាន​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មិន​គប្បី ការ​ត្រួតពិនិត្យ​កន្លែង​ឃុំឃាំង ការ​ស៊ើបអង្កេត និង​ធ្វើ​របាយការណ៍​លើ​ករណី​សង្ស័យ​មាន​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មិន​គប្បី ជាដើម។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​តែងតែ​ចុះ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​ពន្ធនាគារ មន្ទីរ​ឃុំឃាំង និង​មណ្ឌល​អប់រំ​កែប្រែ ព្រមទាំង​មាន​យន្តការ​ដោះស្រាយ​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ផង​ដែរ។ ជាង​នេះ​ទៀត គណៈកម្មាធិការ​នេះ​តែង​ចុះ​ធ្វើ​ការ​អប់រំ​សិទ្ធិមនុស្ស​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា ដើម្បី​ធានា​នូវ​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រហូត​មក។

កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត បាន​ចេញ​លិខិត​រួម​គ្នា​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ស្ហាល មីឈែល (Charles Michel) និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ លោក Josep Borrell ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ជាដើម ដែល​កំពុង​បង្ក​ឱ្យ​កើត​មាន​នូវ​វិបត្តិ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕