ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ។

ព័ត៌មានជាតិ

កម្ពុជា​ហៅ​ការ​ផ្ដល់​ពានរង្វាន់​ដល់​កញ្ញា ឈឹម ស៊ីថរ ថា​មិន​តំណាង​ឱ្យ​បំណង​ប្រាថ្នា​ពិតប្រាកដ​នៃ​ពលរដ្ឋ​ភាគច្រើន

By ឌឹ ខេមបូឌា ដេលី

February 06, 2023

ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្ដល់​ពានរង្វាន់​របស់​អាមេរិក​ដល់​កញ្ញា ឈឹម ស៊ីថរ ដោយ​ចាត់ទុក​ថា​កញ្ញា​ជា​បុគ្គល​ល្មើស​ច្បាប់ ស្រប​ពេល​ដែល​អាមេរិក​ចាត់ទុក​កញ្ញា​ជា​បុគ្គល​ក្លាហាន និង​អត់ធ្មត់​ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិ​របស់​កម្មករ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ជាទូទៅ​ពានរង្វាន់​ទទួលស្គាល់​សម្រាប់​តែ​បុគ្គល​ដែល​តស៊ូ​ដើម្បី​សន្តិភាព ភាព​សុខដុមរមនា និង​ការ​បង្រួបបង្រួម​ជាតិ ការ​កាត់បន្ថយ​សព្វាវុធ ការ​លុបបំបាត់​ការ​រើសអើង អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ឬ​ក៏​បង្កើត​ស្នាដៃ​ណា​មួយ​សម្រាប់​សង្គម ជាដើម។

ចំណែក​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ពានរង្វាន់​ដល់​កញ្ញា ឈឹម ស៊ីថរ វិញ ក្រសួង​ការបរទេស​កម្ពុជា​ថា​ធ្វើឡើង​មិន​តំណាង​ឲ្យ​បំណង​ប្រាថ្នា​ពិតប្រាកដ​នៃ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នោះ​ទេ។

ក្រសួង​ការបរទេស​កម្ពុជា​ទុក​ការ​ផ្ដល់​ពានរង្វាន់​នេះ​ថា​ជា​ទង្វើ​ដែល​ជំរុញ ឬ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់​ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ដើម្បី​បម្រើ​របៀបវារៈ​លាក់​ពុត​របស់​ខ្លួន​ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​កញ្ញា ឈឹម ស៊ីថរ ពុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស ឬ​ក៏​វិវាទ​ការងារ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការ​បំពាន​ជាក់ស្តែង​លើ​បម្រាម​មិន​ឲ្យ​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ដែល​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ក្រសួង​ការបរទេស​កម្ពុជា​អះអាង​ថា ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​សកលលោក​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នេះ មិនមែន​ជា​មធ្យោបាយ​ស្រប​ច្បាប់​សម្រាប់​ការពារ​ខ្លួន​នៅ​ក្នុង​តុលាការ​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ ដូច្នេះ​ជា​មធ្យោបាយ​ស្រប​ច្បាប់​នោះ គឺ​ការ​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្តី និង​ផ្ដល់​ភស្តុតាង​រឹងមាំ​ដើម្បី​ដោះ​បន្ទុក​នៅ​ក្រោម​ច្បាប់ និង​នីតិវិធី​តុលាការ​របស់​រដ្ឋ​ពាក់ព័ន្ធ។

ប្រតិកម្ម​របស់​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រកាស​ផ្ដល់​ពាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ដល់​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុង​ចំណោម​ម្ចាស់​ពាន ១០​រូប​នៅ​ជុំវិញ​សកលលោក។

ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ ទទួលស្គាល់​បុគ្គល​ក្លាហាន​ទាំងឡាយ​ណា​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ដែល​គេ​ទទួលស្គាល់​ជា​សកល និង​សេរីភាព​ជា​មូលដ្ឋាន ខណៈ​កញ្ញា​គឺជា​មនុស្ស​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ពានរង្វាន់​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​សម្ដែង​ការ​អបអរ​ចំពោះ​កញ្ញា ឈឹម ស៊ីថរ និង​បាន​ចាត់ទុក​កញ្ញា​ថា​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម​ម្នាក់។

លោក​បញ្ជាក់​ថា កញ្ញា ស៊ីថរ ជា​ថ្នាក់​ដឹកនាំ​សហជីព​ការងារ​ដ៏​ក្លាហាន និង​អត់ធ្មត់ ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិ​របស់​កម្មករ​កម្ពុជា។ បន្ថែម​ពី​នេះ លោក​ថា​ការ​ការពារ និង​គាំទ្រ​អ្នក​ការពារ​សិទ្ធិមនុស្ស គឺជា​អាទិភាព​ចម្បង​នៃ​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក ហើយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា អបអរ​សាទរ​ដល់​កញ្ញា ឈឹម ស៊ីថរ និង​អ្នក​ទទួល​ទាំងអស់​នៃ​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នាំ​២០២២។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ជា​ថ្មី​ទៀត​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោយពី​អាជ្ញាធរ​បាន​ដោះលែង​កញ្ញា​កាលពី​ខែ​មីនា ឆ្នាំ​២០២២។ ការ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​នេះ គឺ​តុលាការ​លើក​ហេតុផល​ថា ល្មើស​បម្រាម​តុលាការ ក្រោយ​ពេល​ដែល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី វិញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា បច្ចុប្បន្ន​កញ្ញា​កំពុង​ជាប់​ឃុំ​ដោយ​រង់ចាំ​ការ​កាត់ទោស​ដែល​មិនទាន់​កំណត់​ពេល ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​យក​ពានរង្វាន់​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ជាមួយ​អ្នក​ទទួល​ពាន​ដទៃ​ទៀត​នោះ​ទេ។ តែ​យ៉ាងណា ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ ត្រូវ​បាន​ប្អូនប្រុស​របស់​កញ្ញា ឈឹម ស៊ីថរ ទៅ​ទទួល​ជំនួស​វិញ៕