វិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានការិយាល័យនៅក្រុងវ៉ាស៊ីនតោន បានហៅការវាយតម្លៃរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថាជាការគិតហួសប្រមាណ ដែលថារុស្ស៊ីមានលទ្ធភាពវាយយកបានទាំងស្រុងនូវតំបន់ដុនបាស់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ដុនបាស់ គឺជាតំបន់ដ៏ធំមួយមានព្រំដែនគោកជាប់នឹងប្រទេសរុស្ស៊ី។ តំបន់នេះមានផ្ទៃដីជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា ប៉ុន្តែតំបន់នេះមានខេត្តចំណុះតែ ២ ប៉ុណ្ណោះ គឺខេត្តលូហាន់ និងខេត្តដូណេត។ បច្ចុប្បន្ន រុស្ស៊ីកំពុងបង្កើនទ័ពវាយសម្រុកយកទឹកដីរបស់អ៊ុយក្រែនមកវិញ ដោយក្រុងមូស្គូ លើកទ័ពជាង ២០ម៉ឺននាក់។ នេះបើតាមប្រធានចារកម្មអ៊ុយក្រែន លោក Kyrylo Budanov។
បើតាមរបាយការណ៍របស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW គិតមកដល់ពេលនេះ រុស្ស៊ីពុំទាន់វាយយកបានខេត្តទាំងពីរនេះពីអ៊ុយក្រែនបានទាំងស្រុងនោះទេ។ ចំណែកអ៊ុយក្រែន បានវាយយកបានពីទ័ពរុស្ស៊ីវិញជាង ៤២% នៃផ្ទៃដីទាំងមូលនៅក្នុងសង្គ្រាមនៅរយៈពេលជិតមួយឆ្នាំមកនេះ។
លោក ពូទីន បានចេញបទបញ្ជាឱ្យកងទ័ពរបស់លោកត្រូវវាយកាន់កាប់តំបន់នេះទាំងស្រុងនៅត្រឹមខែមីនា។ បើដូច្នេះមែន មានន័យថាផ្ទៃដីដែលអ៊ុយក្រែនកំពុងកាន់កាប់បានពីរុស្ស៊ីជាង ៤២% គឺទ័ពរុស្ស៊ីត្រូវតែវាយយកឱ្យបាន។
លោក Andriy Chernyak អ្នកនាំពាក្យនៃអង្គភាពចារកម្មអ៊ុយក្រែន បានប្រាប់សារព័ត៌មាន The Kyiv Post ថា បើតាមការផ្ដល់ព័ត៌មានពីក្រុងមូស្គូ លោក ពូទីន បានចេញបទបញ្ជាទៅកងទ័ពរបស់លោក ទោះជាត្រូវបាត់បង់ទ័ពយ៉ាងណាក៏ដោយ គឺត្រូវវាយយកឱ្យបានតំបន់ដុនបាស់ ដែលមានខេត្តពីរនេះជាចំណុះ។
ខេត្តលូហាន់ និងខេត្តដូណេត ត្រូវបានសភារុស្ស៊ីអនុម័តថាជាដែនដីរបស់រុស្ស៊ី កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ដោយហៅថាជាដែនដីសាធារណរដ្ឋដូណេត និងលូហាន់។ សភារុស្ស៊ីក៏បានអនុម័តយកតំបន់ខឺសុន និងហ្សាប៉ូរីហ្សីយា ជាដែនដីចំណុះរបស់រុស្ស៊ីដែរ។ តែដែនដីពីរនេះនៅភាគខាងត្បូងប្រទេស ដែលទ័ពអ៊ុយក្រែនវាយរំដោះបានវិញសឹងតែទាំងស្រុងទៅហើយ។
វិទ្យាស្ថានសង្គ្រាមមើលឃើញថា ប្រធានាធិបតីរុស្ស៊ីអាចកំពុងដាក់បញ្ជាថា កុំស្ទាក់ស្ទើរក្នុងវាយលុកចូលទឹកដីអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតប្រទេស ហើយត្រូវសម្រុកវាយនៅមុនការមកដល់នៃរថក្រោះរបស់ពួកបស្ចិមប្រទេសដែលបញ្ជូនទៅឱ្យអ៊ុយក្រែន។
ដូចនេះ លោក ពូទីន អាចប៉ាន់ស្មានហួសការពិតអំពីសមត្ថភាពកងទ័ពរបស់ខ្លួន។ បើតាម ISW ឲ្យដឹងថា គេពុំមានការអង្កេតឃើញណាមួយដែលថាកងទ័ពរុស្ស៊ី អាចស្ដារសមត្ថភាពរបស់ខ្លួនឱ្យទាន់ពេលវេលា ដើម្បីយកឈ្នះកងទ័ពអ៊ុយក្រែនបានយ៉ាងងាយនោះណាស់។
ចំពោះការបញ្ជាឱ្យទ័ពវាយយកឱ្យបានតំបន់ដុនបាស់ទាំងមូលនៅភាគខាងកើតប្រទេសនៅត្រឹមខែមីនា គឺមិនអាចទៅរួចនោះទេ ហើយសូម្បីខេត្តដូណេតមួយដែលមានផ្ទៃដីជាង ១១៣០០គីឡូម៉ែត្រដែលអ៊ុយក្រែនវាយរំដោះបានមកវិញជាង ៤០% ក៏មិនអាចសម្រេចផែនការបានដែរ ព្រោះទ័ពរុស្ស៊ីដែលមានភាពក្លាហាន និងជាតិនិយមស្លាប់ច្រើនណាស់ទៅហើយ។
បើតាម ISW លោក ពូទីន មានផែនការវាយលុកទ្រង់ទ្រាយធំដំណាក់កាលចុងក្រោយមួយទៀត គឺមុនខែមេសា ឆ្នាំ២០២៣ ដែលជារដូវស្លឹកឈើជ្រុះ។
តាមពិត រុស្ស៊ីមានផែនការវាយលុកទ្រង់ទ្រាយធំនៅរដូវត្រជាក់នេះ តែរុស្ស៊ីមិននឹកស្មានថា ទ័ពអ៊ុយក្រែនមានភាពអត់ធ្មត់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រៀមដើម្បីសង្គ្រាមត្រជាក់។
តែយ៉ាងណា លោក ពូទីន និងក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ទំនងនៅតែគិតថាខ្លួនងាយវាយលុកចូលអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះនេះ ដោយប្រើរថក្រោះ ប្រព័ន្ធកាំភ្លើងធំរាប់ពាន់គ្រឿងជាមួយនឹងកងទ័ពច្រើនម៉ឺននាក់ អមដោយការបាញ់កាំជ្រួច និងការបាញ់ពីយន្តហោះចម្បាំង អន្តរាគមន៍ជួយកងទ័ពថ្មើរជើង។ តែទំនងមិនអាចដូចបំណងបានឡើយ ព្រោះតែកម្លាំងទ័ពរបស់អ៊ុយក្រែន បានត្រៀមរួចហើយ។ ម្យ៉ាងទៀត សព្វាវុធដែលជាជំនួយរបស់ពួកបស្ចិមប្រទេស និងសហរដ្ឋអាមេរិក នឹងមកដល់អ៊ុយក្រែនចាប់ពីពាក់កណ្ដាលខែមីនា នេះ។
តាមការផ្ទៀងផ្ទាត់នេះ រុស្ស៊ីអាចមានលទ្ធភាពត្រឹមប្រយុទ្ធជាមួយទ័ពអ៊ុយក្រែន នៅភាគខាងកើត និងខាងត្បូង ដោយការបាញ់មីស៊ីល បាញ់ដ្រូន ឬយន្តហោះចម្បាំង។ ដូចនេះហើយ រុស្ស៊ីនៅមានប្រៀបជាងទ័ពអ៊ុយក្រែនតែនៅតំបន់ព្រំដែនអ៊ុយក្រែន-រុស្ស៊ីតែប៉ុណ្ណោះ។
ណាមួយទៀត បើអ៊ុយក្រែនវាយលុកចូលឧបទ្វីបគ្រីមៀរ អាចមិនប្រាកដថារុស្ស៊ីទប់ទល់បាននោះទេ ព្រោះទឹកចិត្តអ្នកឈ្លានពាន និងទឹកចិត្តអ្នកប្រយុទ្ធដើម្បីរំដោះទឹកដីមកវិញ យ៉ាងហោចណាស់ក៏ខុសដែរខ្លះដែរ។
បើមិនដូចផែនការដែលបានកំណត់នោះទេ ការដឹកនាំរបស់លោក ពូទីន អាចនឹងអស់ឥទ្ធិពល ព្រោះតែប្រជាជនក៏អាចអស់ជំនឿលើលោក ពូទីន ដែលបង្កើតសង្គ្រាមពង្រីកទឹកដី។ បើដូចនេះ រុស្ស៊ីអាចនឹងអស់យុទ្ធសាស្ត្រដើម្បីបន្តសង្គ្រាមឈ្លានពានអ៊ុយក្រែន។ វាលើកលែងតែលោក ពូទីន ធ្វើសង្គ្រាមនុយក្លេអ៊ែរ ដែលជាអាវុធប្រល័យលោកដ៏សហាវបំផុតប៉ុណ្ណោះ។ តែនេះក៏ជាយុទ្ធសាស្ត្រចុងក្រោយរបស់លោក ពូទីន៕