ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​រិះគន់​ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មុន​ការ​បោះឆ្នោត​បង្កប់​ល្បិច​នយោបាយ​ប្រជាភិថុតិ

By ឌឹ ខេមបូឌា ដេលី

February 08, 2023

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កប់​នូវ​ល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត គឺ​បង្កប់​នូវ​ល្បិច​ប្រជាភិថុតិ​មួយ​ចំនួន ដូចជា​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​មន្ត្រី​រាជការ​ទាំងអស់។

លោក​បន្ថែម​ថា ល្បិច​ប្រជាភិថុតិ​មួយ​ទៀត​នោះ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ​នឹង​ធ្វើជា​រនាំង​ទប់ស្កាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ងើប​ឡើង​ទាមទារ ឬ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​សង្គម​បន្តិច​ម្តងៗ​សព្វថ្ងៃ​នេះ​ដែរ។ លោក​បន្ត​ថា បើ​មាន​ការ​តវ៉ា​កើតឡើង នោះ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ក៏​នឹង​ត្រូវ​បរាជ័យ ហើយ​បើ​ការ​បោះឆ្នោត​នេះ​បរាជ័យ គឺ​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ក៏​បរាជ័យ​ដែរ ដូច្នេះ​ទើប​គាត់​ដំឡើង​បៀវត្ស​ឱ្យ​មន្ត្រី​រាជការ​នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា បើ​ទោះបីជា​លោក ហ៊ុន សែន បង្ហាញ​ពី​តួលេខ​ថវិកា​ដែល​ត្រូវ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​ពេលនេះ ក៏​មិន​ប្រាកដ​ថា​នឹង​មាន​ស្ថិរភាព​ក្នុង​ការ​អនុវត្ត​បាន​នោះ​ដែរ ពីព្រោះ​ការ​មិន​ស្ដារ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​គ្រប់​បែប​យ៉ាង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​អនុគ្រោះ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា ដូចជា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​របស់​ពួកគេ ជាដើម នឹង​រឹត​បន្តឹង​កាន់តែ​ខ្លាំង​នូវ​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​វិបត្តិ​អត់​ការងារ​ធ្វើ​កាន់តែ​កើតមាន វិបត្តិ​សង្គម​កាន់តែ​ធំ ខណៈ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នឹង​ជួប​វិបត្តិ​គ្មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​សម្រាប់​បើក​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នេះ​តែម្តង។

លោក គឹម សុខ គូស​បញ្ជាក់​ថា លោក​អបអរ​សាទរ​ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​ស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ ពីព្រោះ​នេះ​គឺជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​យក​រឿង​នេះ​មក​ភ្ជាប់​ជាមួយ​នឹង​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ជាជាង​ការ​យកចិត្ត​ទុកដាក់​លើ​សុខទុក្ខ​របស់​មន្ត្រី​រាជការ​ដោយ​ស្មោះត្រង់​ទៅវិញ។

កាលពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រោង​ថវិកា​ប្រមាណ ២២៩៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​ទៅ​លើ​បុគ្គលិក​រដ្ឋ​នៅ​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​ស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។

ក្នុង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២៣ បញ្ជាក់​ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០២៣ បៀវត្ស​អប្បបរមា​របស់​មន្ត្រី​រាជការ​ត្រូវ​បាន​ដំឡើង​តាម​ការងារ​របស់​ខ្លួន ដូចជា​បៀវត្ស​អប្បបរមា​របស់​មន្ត្រី​រាជការ​ស៊ីវិល​ត្រូវ​បាន​ដំឡើង​ពី​ចំនួន​ជាង ១​លាន ១​សែន​រៀល​ទៅ ១​លាន ៣​សែន​រៀល​ក្នុង​ឆ្នាំ​២០២៣ ខណៈ​គ្រូបង្រៀន និង​គ្រូពេទ្យ នឹង​ត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ២​សែន ៧​ម៉ឺន ២៥០០​រៀល​នៅ​ឆ្នាំ​២០២២ ដល់ ១​លាន ៤​សែន​រៀល​ក្នុង​ឆ្នាំ​២០២៣ ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​តារាង​នៃ​ប្រាក់បៀវត្ស​ជាប់​ពន្ធ​ប្រចាំ​ខែ​សម្រាប់​ឆ្នាំ​២០២៣ នេះ​ផង​ដែរ។

ក្នុង​អនុក្រឹត្យ​ដដែល​នោះ បញ្ជាក់​ថា និយោជិត ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់បៀវត្ស​ចាប់ពី ១​លាន ៥​សែន ១​រៀល​រហូត​ដល់ ២​លាន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ​លើ​ប្រាក់បៀវត្ស​ចំនួន ៥% ដែល​ស្មើ​នឹង ៧​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ។ លើស​ពី​នេះ បើ​មាន​ប្រាក់បៀវត្ស​ចាប់ពី ២​លាន​រៀល​រហូត​ដល់ ៨​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ១០% ដែល​ស្មើ​នឹង ១​សែន ៧​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ​ផង​ដែរ។

ជាង​នេះ​ទៀត អ្នក​ដែល​មាន​ប្រាក់បៀវត្ស​ចាប់ពី ៨​លាន ៥​សែន ១​រៀល​រហូត​ដល់ ១២​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ១៥% ដែល​ស្មើ​នឹង ៦​សែន​រៀល​ក្នុង ១​ខែ ខណៈ​និយោជិត ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់បៀវត្ស​លើស​ពី ១២​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ២០% ដែល​ស្មើ​នឹង ១​លាន ៥​សែន ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រាក់បៀវត្ស​សម្រាប់​មន្ត្រី​រាជការ​នៅ​ទូទាំង​ប្រទេស គឺ​បាន​មកពី​ការ​ប្រមូល​ពន្ធ​គ្រប់​ផ្នែក​ទាំងអស់ មិនមែន​ជា​ប្រាក់កម្ចី​ពី​បរទេស​នោះ​ទេ៕