ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy និង​លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី។

បទវិភាគ

បទវិភាគ៖ យុទ្ធសាស្ត្រ​អាមេរិក​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​ចង់​យក​គ្រីមៀរ​ឱ្យ​មកវិញ

By ឌឹ ខេមបូឌា ដេលី

February 08, 2023

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខួប ១​ឆ្នាំ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋកាល​របស់​លោក ចូ បៃដិន ដោះដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​សម្លឹង​ទៅ​រក​ការ​យក​ឧបទ្វីប​គ្រីមៀរ​ពី​រុស្ស៊ី​មកវិញ។

យ៉ាងណាក៏ដោយ មិន​ថា​ឡើយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​អ៊ុយក្រែន យក​គ្រីមៀរ មក​វិញ​នោះ​ទេ សូម្បីតែ​ពួក​បស្ចិម​ប្រទេស និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ជាច្រើន​ក៏​យល់​ឃើញ​ដូចនេះ​ដែរ។

ដូច្នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​ដឹក​មុខគេ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ៗ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​ក្នុង​សមរភូមិ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។

ការ​បញ្ជូន​សព្វាវុធ​ទំនើបៗ​របស់​ពួក​បស្ចិម​ប្រទេស​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋ​អាមេរិក គឺ​មាន​សព្វាវុធ​ដែល​រុស្ស៊ី​ពិបាក​នឹង​ទប់ទល់ ដូចជា​រថក្រោះ​អាមេរិក Abram M1 និង​រថក្រោះ Leopard-2 របស់​អាល្លឺម៉ង់ ដែល​ប្រទេស​សមាជិក​ណាតូ​ជាច្រើន​ប្រទេស​មាន​រថក្រោះ​ប្រភេទ​នេះ​កំពុង​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។

តាម​ដំណឹង​មក​ថា រថក្រោះ Leopard និង​រថក្រោះ​អាមេរិក Abram ត្រូវ​បាន​រាយការណ៍​ថា​បាន​ទៅ​ដល់​ទឹកដី​ប៉ូឡូញ ហើយ ដោយ​កំពុង​បញ្ជូន​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន។ បើ​ដូចនេះ គេ​រំពឹង​ថា​អាវុធ​ទាំងនេះ​វា​ជា​ផ្នែក​មួយ​យ៉ាង​ពិតប្រាកដ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

បន្ថែម​លើ​នេះ នៅ​ពេល​ដែល​ប្រព័ន្ធ​មីស៊ីល Patriot និង​ប្រព័ន្ធ​រ៉ុក្កែត HIMARS ចំនួន ១៨​គ្រឿង​ដែល​រដ្ឋការ​របស់​លោក បៃដិន ត្រៀម​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​ពេល​ឆាប់ៗ​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​អ៊ុយក្រែន កាន់តែ​មាន​ប្រៀប​ក្នុង​សមរភូមិ​វាយលុក​ចូល​ទៅ​ទីតាំង​របស់​កងទ័ព​រុស្ស៊ី ពីព្រោះ​រ៉ុក្កែត HIMARS ជំនាន់​ក្រោយ​នេះ បើ​តាម​ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ឲ្យ​ដឹង​ថា វា​អាច​បាញ់​បាន​ចម្ងាយ ២៦០​គីឡូម៉ែត្រ​ដែល​ខុសពី HIMARS ជំនាន់​មុន​ចំនួន ២០​គ្រឿង​ដែល​អ៊ុយក្រែន កំពុង​ប្រើប្រាស់ គឺ​វា​បាញ់​បាន​ចម្ងាយ​តែ ៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ជាមួយ​នឹង​ការ​បញ្ជូន Patriot ជា​មីស៊ីល​ការពារ​ដែនអាកាស​បាញ់​ទម្លាក់​យន្តហោះ និង​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល វា​រឹតតែ​បង្ហាញ​អានុភាព​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។

ឧត្តមសេនីយ៍​ចូល​និវត្តន៍​របស់​អាមេរិក ដែល​ធ្លាប់​ជា​មេបញ្ជាការ​របស់​កងទ័ព​អាមេរិក​ប្រចាំ​អឺរ៉ុប គឺ​លោក បេន ហូដ បាន​ផ្ដល់​អនុសាសន៍​ថា គ្រីមៀរ​ជា​សមរភូមិ​ចុងក្រោយ​ដែល​អ៊ុយក្រែន ត្រូវ​សម្រេច​វាយ​ចូល​តំបន់​នេះ ទោះបីជា​រុស្ស៊ី​ព្រមាន​ថា​ដើរ​ជាន់​បន្ទាត់​ក្រហម​ក៏ដោយ។

លោក​ថា អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​ចុងក្រោយ​របស់​អាមេរិក និង​របស់​សមាជិក​ណាតូ គឺជា​កម្លាំង​ចលករ​ដ៏​ធំ​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី សម្រេច​វាយលុក​ចូល​គ្រីមៀរ។ បើ​តាម​ឧត្តមសេនីយ៍​រូប​នេះ ឲ្យ​ដឹង​ថា អ៊ុយក្រែន​វាយ​ចូល​គ្រីមៀរ គឺជា​ការ​សាកល្បង​ដ៏​ស្រួចស្រាល់​បំផុត ថា​តើ​រុស្ស៊ី​នឹង​ឆ្លើយតប​ដូចម្ដេច​ចំពោះ​ជំហរ​របស់​អ៊ុយក្រែន ដែល​ព្យាយាម​វាយ​រំដោះ​អតីត​ទឹកដី​របស់​ខ្លួន​មកវិញ​នោះ។

លោក បេន ហូដ មើល​ឃើញ​ថា រុស្ស៊ី​អាច​នឹង​ឆ្លើយតប​ដោយ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក៏​ថា​បាន ប៉ុន្តែ​ភាគតិច​ណាស់​ដែល​រុស្ស៊ី​អាច​ប្រើ​អាវុធ​ប្រភេទ​នេះ ព្រោះ​ណាតូ​បាន​ប្រាប់​រួច​ស្រេច​ទៅ​ហើយ​ថា បើ​រុស្ស៊ី​ប្រើ​អាវុធ​ប្រល័យ​លោក​ដូចនេះ គឺ​ណាតូ​ចាំបាច់​ហក់​ចូល​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ហើយ។

អតីត​ឧត្តមសេនីយ៍​រូប​នេះ​មើល​ឃើញ​ថា បើ​ណាតូ​ហក់​ចូល​ក្នុង​សង្គ្រាម​ជួយ​អ៊ុយក្រែន គឺ​គ្រីមៀរ​នេះ​ហើយ​ដែល​ណាតូ ជាពិសេស​សហរដ្ឋ​អាមេរិក នឹង​បើក​ទ្វារ​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​នៅ​សមុទ្រ​ខ្មៅ ហើយ​វាយ​យក​គ្រីមៀរ​មក​ឱ្យ​អ៊ុយក្រែន​វិញ​ទាល់តែ​បាន។

តើ​គ្រីមៀរ មាន​អត្ថប្រយោជន៍​បែប​ណា​ដែល​អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​វាយ​យក​មកវិញ ?

គ្រីមៀរ គឺជា​ឧបទ្វីប​ដ៏​ធំ​មួយ​នៅ​សមុទ្រ​ខ្មៅ។ វា​ជា​តំបន់​ឧស្សាហកម្ម​សមុទ្រ​ដ៏​ធំ​បំផុត​របស់​អ៊ុយក្រែន។ តែ​គ្រីមៀរ ត្រូវ​បាន​រុស្ស៊ី​យក​បាន​ពី​អ៊ុយក្រែន នៅ​ខែ​មីនា ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន​ក្រោម​ការ​អនុញ្ញាត​របស់​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​សម័យ​នោះ គឺ​លោក វិចទ័រ យ៉ាណាគូវ៉ិច។

ឥឡូវ អតីត​ប្រធានាធិបតី​នេះ រួម​ទាំង​គ្រួសារ​របស់​គាត់​កំពុង​ស្ថិតនៅ​ទីក្រុង​មូស្គូ​នៅឡើយ ហើយ​ក្លាយ​ជា​ពលរដ្ឋ​រុស្ស៊ី​ទៅ​ហើយ។ អតីត​មេដឹកនាំ​រូប​នេះ​ត្រូវ​បាន​ប្រជាជន​អ៊ុយក្រែន ដេញ​ទម្លាក់​ពី​អំណាច​ដោយ​ចោទ​ថា​បាន​កាត់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី ដោយ​មិន​ឆ្លងកាត់​មតិ​របស់​ប្រជាជន​អ៊ុយក្រែន។

គ្រីមៀរ ជា​តំបន់​កំពង់ផែ​សមុទ្រ​ខ្មៅ​ដ៏​សំខាន់​បំផុត ព្រោះ​វា​ជា​ច្រក​ទ្វារ​គមនាគមន៍​ជើងទឹក​របស់​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត។ នៅ​ពេល​បាត់បង់​គ្រីមៀរ ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី គេ​ឃើញ​សហរដ្ឋ​អាមេរិក​ដឹក​មុខ​គេ​ថ្កោលទោស​រុស្ស៊ី។

យ៉ាងណាក៏ដោយ គ្រីមៀរ​នៅតែ​ស្ថិត​ក្នុង​ផែនទី​របស់​ប្រទេស​អ៊ុយក្រែន​នៅឡើយ ដែល​អ៊ុយក្រែន​បាន​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ។

យុទ្ធសាស្ត្រ​ចុងក្រោយ គឺ​ដូច​អតីត​ឧត្តមសេនីយ៍ បេន ហូដ មើល​ឃើញ​ថា គ្រីមៀរ​អាច​ក្លាយ​ជា​សង្គ្រាម​ផ្ដាច់ព្រ័ត្រ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក អាច​នឹង​សាកល្បង​រុញ​ឱ្យ​អ៊ុយក្រែន​វាយ​ចូល​គ្រីមៀរ ដោយ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក និង​ពួក​បស្ចិម​ប្រទេស។ ដូច្នេះ គ្រីមៀរ​នឹង​ក្លាយ​ជា​យុទ្ធសាស្ត្រ​ដែល​រដ្ឋការ​របស់​លោក បៃដិន កំណត់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

បើ​ដូច្នេះ​មែន មាន​ន័យ​ថា អ៊ុយក្រែន​ទោះ​ជា​វាយ​យក​បាន​តំបន់​ដុនបាស់​នៅ​ភាគ​ខាងកើត និង​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ពី​រុស្ស៊ី​ក៏ដោយ គឺ​ចាំបាច់​ណាស់​ត្រូវ​សាកល្បង​វាយ​ចូល​គ្រីមៀរ ដើម្បី​រំដោះ​ទឹកដី​ដ៏​មាន​សារសំខាន់​នេះ​ពី​រុស្ស៊ី​មកវិញ៕