ក្រុមអ្នកតស៊ូមតិជំរុញឲ្យក្រុមអង្គការ សមាគម សហជីព និងគណបក្សនយោបាយដែលកំពុងរងនូវភាពអយុត្តិធម៌ពីការគាបសង្កត់របស់បក្សកាន់អំណាច គួរនាំគ្នាចេញធ្វើធម្មយាត្រាដើម្បីឲ្យមានការកែប្រែរបៀបដឹកនាំតាមបែបគាបសង្កត់ មកជាការបើកលំហសេរីភាព និងគោរពសិទ្ធិមនុស្ស។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កុម្ភៈ នេះថា វត្ថុបំណងសំខាន់ៗរបស់ក្បូនធម្មយាត្រាដែលដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺជារឿងល្អ ដើម្បីជួយស្ដារសីលធម៌សង្គមនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ជាពិសេសគឺជាសញ្ញានៃការជំរុញឲ្យអ្នកដឹកនាំនយោបាយ និងអ្នកដឹកនាំប្រទេស គិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាជាងរឿងផ្ទាល់ខ្លួន និងជម្លោះបុគ្គលរបស់ពួកគេ។
លោក ម៉ែន ណាត លើកឡើងថា វត្ថុបំណងសំខាន់ៗទាំង ៤ចំណុចរបស់ធម្មយាត្រាដែលស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់អំពើហិង្សាគ្រប់រូបភាព និងអ្នកដឹកនាំនយោបាយងាកមករកការផ្សះផ្សាជាតិ និងដោះលែងសកម្មជនសង្គមជាដើម គឺជារឿងត្រឹមត្រូវ ព្រោះថាបើរដ្ឋាភិបាលនៅតែបន្តឃុំខ្លួនសកម្មជនទាំងនោះបន្តទៀត គឺគ្មានផលល្អសម្រាប់កម្ពុជានោះទេ គឺមានតែការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាលគួរតែយករឿងនេះទៅពិចារណាឡើងវិញ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងសហជីព សមាគមចំនួន ៥ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ក្បួនធម្មយាត្រារយៈពេល ៧ថ្ងៃដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទៅកាន់ទីតាំងប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង ដែលទើបនឹងបញ្ចប់កាលពីថ្ងៃអង្គារ នេះ មានវត្ថុបំណងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការកែលំអសីលធម៌សង្គមឡើងវិញចំនួន ៤ចំណុចសំខាន់ៗ។
សេចក្តីថ្លែងការណ៍រួមនេះបញ្ជាក់ថា ស្មារតីរួមនៃធម្មយាត្រានេះទាមទារឲ្យអ្នកនយោបាយខ្មែរគ្រប់ភាគីទាំងអស់ ងាកមករកការផ្សះផ្សាជាតិ និងងាកមករកការប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមជាពូជសាសន៍តែមួយ។ ជាងនេះទៀត អ្នកមានអំណាចក៏ត្រូវតែបញ្ឈប់ការរំលោភបំពានចាប់ខ្លួនពលរដ្ឋស្លូតត្រង់ដាក់គុក ជុំវិញសកម្មភាពដើម្បីសង្គមជាតិរបស់ពួកគេបន្តទៀតដែរ។
ប្រភពដដែលបញ្ជាក់ថា ក្បួនធម្មយាត្រានេះក៏មានបំណងទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ដែលរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីភាពរវាងខ្មែរ និងខ្មែរផងដែរ។ លើសពីនេះ ក៏មានបំណងផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរទាំងអស់បញ្ឈប់នូវការប្រកាន់និន្នាការនយោបាយ និងបក្ខពួក ដោយងាកមករកការសាមគ្គីគ្នាជាធ្លុងមួយក្នុងនាមជាពូជសាសន៍ដែលធ្លាប់ជាមហាអាណាចក្រក្នុងសម័យមហានគរ។
ក្បួនធម្មយាត្រាដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ចប់កាលពីថ្ងៃអង្គារ នៅទីតាំងប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង បន្ទាប់ពីធ្វើការដង្ហែអស់រយៈពេល ៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មក ប៉ុន្តែក្បួនធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គមនេះ បានរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមូលដ្ឋានជាច្រើនដំណាក់កាល។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន លើកឡើងក្នុងពិធីជួបជុំបញ្ចប់ក្បួនធម្មយាត្រានៅបូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង កាលពីថ្ងៃទី៧ កុម្ភៈ នេះថា ក្បួនធម្មយាត្រានេះពិតមែនតែទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងចូលរួមសហការពីអាជ្ញាធរមូលដ្ឋានមួយចំនួន ប៉ុន្តែក៏មានការរំខានពីអាជ្ញាធរនៅទីតាំងខ្លះដែរ ដែលបង្កការលំបាកដល់អ្នកចូលរួមយ៉ាងខ្លាំង។
លោក រ៉ុង ឈុន រិះគន់ថា ទង្វើអាជ្ញាធរបែបនេះ គឺជាការរំលោភបំពានលើសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទាំងស្រុង ជាពិសេសការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យមកចូលរួមពិធីគោរពនៅទីតាំងប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង នៅថ្ងៃបញ្ចប់នៃក្បួនធម្មយាត្រានេះជាដើម៕