29 C
Phnom Penh

រដ្ឋមន្ត្រី​ទេសចរណ៍​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​ដល់​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្ដេជ្ញា​នឹង​ខំប្រឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន ៨០​ម៉ឺន​ទៅ ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ ក្រោយពី​រដ្ឋាភិបាល​ចិន បើក​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៣។

ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ទៅ​ទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ១២៥​នាក់​ដែល​មកពី​ទីក្រុង​ប៉េកាំង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

លោក ថោង ខុន ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចុះ​មក​ក្នុង​ថ្ងៃ​នេះ គឺ​មាន​ចំនួន ១២៥​នាក់ អ្នក​ខ្លះ​មក​ដើរ​លេង​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ និង​មក​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​ធម្មតា​ខ្លះ ខណៈ​ប្រតិបត្តិការ​ហោះហើរ​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Air China ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​ចិន។

លោក​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អ្នក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ស្រាប់ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​នោះ​លោក ថោង ខុស បាន​ចាត់ទុក​ទីផ្សារ​ទេសចរ​ចិន គឺជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា និង​ពិភពលោក។

លោក ថោង ខុន បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ ក៏​នឹង​មាន​ជើង​ហោះហើរ​លើកដំបូង​ពី​គួនមីង មក​សៀមរាប និង​ពី​សៀងហៃ មក​សៀមរាប ដែល​នឹង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Eastern (Charter Flights) ផង​ដែរ។

ករណី​នេះ លោក ថោង ខុន បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​ធ្វើ​ដំណើរ​ទេសចរ​ចិន​មក​កម្ពុជា នឹង​កើនឡើង ក្នុង​នោះ​ឆ្នាំ​២០២៣ នេះ លោក​បាន​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ឲ្យ​បាន​ពី ៨០​ម៉ឺន​នាក់​ទៅ ១​លាន​នាក់ បន្ទាប់ពី​រដ្ឋាភិបាល​ចិន បើក​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៣។

បើ​តាម​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា ក្នុង​ខែ​មករា ឆ្នាំ​២០២៣ កម្ពុជា​ទើប​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៤០​ម៉ឺន​នាក់ ក្នុង​នោះ​ក៏​មាន​ទេសចរ​ចិន​ប្រមាណ ២៥០០០​នាក់​ដែរ ដែល​មាន​ការ​កើនឡើង ៩០១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២។ ក្នុង​ខែ​មករា នេះ​ដែរ ជើង​ហោះហើរ​ដែល​ចូល​មក​ដល់​កម្ពុជា​មាន​ចំនួន​សរុប ១៦៤៨​ជើង ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន ១១៧៨​ជើង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស