គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ដើម្បីតម្រង់ទិស ដាក់ពិន័យ និងកែលំអវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជាឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន និងឲ្យស្របតាមការវិវឌ្ឍនៃយុគសម័យឌីជីថល។
គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលំអវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
គណៈកម្មាធិការក្លឹបអ្នកកាសែតកម្ពុជា អះអាងថា ខ្លួននឹងបង្កើតវេទិកាពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិកក្លឹបអ្នកកាសែតកម្ពុជា ប្រមាណជាង ៥០០នាក់ ដែលមកពី ១៧២ស្ថាប័ន ដើម្បីជំរុញឲ្យមានការលើកកម្ពស់ការគោរពក្រមសីលធម៌ដោយការទទួលខុសត្រូវ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីបន្តការងារនេះឲ្យរលូន និងឲ្យមានប្រសិទ្ធភាព ខ្លួនក៏នឹងបង្កើតគណៈកម្មការមួយទៀតដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផងដែរ ដើម្បីសិក្សាលម្អិត និងស៊ីជម្រៅមុននឹងឈានទៅបង្កើតឲ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះ។
ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជានេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងតែធ្លាក់ចុះ ខណៈសារព័ត៌មានដែលមាននិន្នាការនយោបាយទៅរកបក្សកាន់អំណាច តែងផ្សព្វផ្សាយការពារទង្វើរដ្ឋាភិបាលប៉ុណ្ណោះ។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានលាតត្រដាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាកំពុងរងការរំលោភបំពានធ្ងន់ធ្ងរ ក្នុងនោះស្ថានីយវិទ្យុ និងកាសែតជាច្រើនត្រូវបានគេបំបិទសំឡេង អ្នកកាសែតរងនូវការយាយីដោយអំពើហិង្សា និងតាមផ្លូវតុលាការ ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រឈមនឹងការរឹតត្បិតគ្រប់បែបយ៉ាង។
ទិន្នន័យសង្គមស៊ីវិល បានលាតត្រដាងកាលពីពេលថ្មីៗនេះថា ចាប់តាំងពីឆ្នាំ១៩៩៤ មក យ៉ាងហោចណាស់អ្នកសារព័ត៌មានជិត ២០នាក់ត្រូវបានសម្លាប់នៅកម្ពុជា ក្នុងនោះស្ទើរតែគ្រប់ករណីទាំងអស់ ជនរងគ្រោះត្រូវបានផ្តាច់ជីវិតក្នុងពេលកំពុងបំពេញការងារ ជាពិសេសនៅពេលដែលអ្នកទាំងនោះស៊ើបអង្កេតទៅលើបញ្ហារសើបនានា ដូចជាបញ្ហាអំពើពុករលួយ និងរឿងនយោបាយដែលទាក់ទិនទៅនឹងការដឹកនាំគ្មានតម្លាភាពរបស់រដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន។
ចំណែកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដោយសារតែគេរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មក ដែលធ្វើឱ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានអះអាងថា នៅឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានបិទស្ថានីយវិទ្យុចំនួន ៣២កន្លែង បង្ខំឱ្យបិទទ្វារកាសែតបរទេស និងការផ្លាស់ប្ដូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ ជាដើម ដោយឡែកនៅឆ្នាំ២០១៨ រដ្ឋាភិបាលបានបិទគេហទំព័រចំនួន ១៧គេហទំព័រថែមទៀត។ ជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជាសព្វថ្ងៃនេះទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។
ជាក់ស្តែង កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ត្រូវគេរកឃើញថាជាប្រធានក្រុមហ៊ុនដ៏ធំសម្បើមមួយដែលកាន់កាប់កាសែត ទស្សនាវដី្ត ស្ថានីយវិទ្យុ បណ្ដាញទូរទស្សន៍ និងគេហទំព័រអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ដែលជាស្ថាប័នឃោសនាឱ្យរដ្ឋាភិបាលកម្ពុជារហូតមក ខណៈសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលលោក ហ៊ុន សែន ផ្តល់ថវិកាឱ្យរហូតមកនោះ ក៏ត្រូវគេមើលឃើញថាជាស្ថាប័នបម្រើសេណារីយ៉ូរបស់រដ្ឋាភិបាលកម្ពុជាផងដែរ៕