ឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ាចាស់វស្សា ១២នាក់ គឺលោក ឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយលឿនជាងគេនៅកម្ពុជា ពុំដែលទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគទាំងអស់របស់ខ្លួននោះទេ។
ក្រុមអ្នកឃ្លាំមើលសង្ស័យថា ឧកញ៉ារូបនេះអាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ខ្លួនទាំងគ្រួសារឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា ដែលតម្រូវឲ្យសមត្ថកិច្ចត្រូវបើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នេះ។
កាលពីអំឡុងឆ្នាំ២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ប្រកាសជាសាធារណៈថា ទ្រព្យសម្បត្តិរបស់លោកសរុបទាំងអស់គិតទាំងអចលនទ្រព្យផ្សេងៗថែមទៀតផង មានទំហំទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ប៉ុន្តែចាប់តាំងពីឆ្នាំ២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្តើមបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមរូបភាពមនុស្សធម៌ជាលុយសុទ្ធ ដែលគិតមកទល់នឹងពេលនេះមានទំហំទឹកប្រាក់ប្រមាណ ២៥លានដុល្លារហើយក្នុងរយៈពេល ៥ឆ្នាំ។
បន្ទាប់ពីមានការឧបត្ថម្ភលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គេក៏ឃើញមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សងគុណដល់ឧកញ៉ារូបនេះវិញ ដោយផ្តល់ដីសម្បទានសឹងគ្រប់ទីកន្លែងដើម្បីអង្កន់ជាដីឡូត៍សម្រាប់លក់។
ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានសិទ្ធិគម្រោងអភិវឌ្ឍន៍នៅឧទ្យានសួនសត្វភ្នំតាម៉ៅពីរដ្ឋាភិបាល ដោយក្រុមហ៊ុនរបស់លោកដាក់គ្រឿងចក្រឈូសឆាយព្រៃនៅតំបន់នោះរាបដល់ដីអស់ប្រមាណ ៦០០ហិកតារកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន ក៏បានប្រកាសផ្អាកគម្រោងនេះវិញបន្ទាប់ពីមានការតវ៉ាពីពលរដ្ឋសឹងទូទាំងនគរ។

ជុំវិញបញ្ហានេះ មានពលរដ្ឋជាច្រើនទាមទារឱ្យលោក ហ៊ុន សែន ផ្ដន្ទាទោសដាក់ពន្ធនាគារម្ចាស់ក្រុមហ៊ុនដែលកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅនោះទៅតាមផ្លូវច្បាប់ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចរូបនេះប្រតិកម្មថា បើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះដាក់គុក គឺមានតែចាប់លោកដាក់គុកតែម្តងទៅ។ បញ្ហានេះ ជាមូលហេតុមួយអាចឱ្យគេដាក់ការសង្ស័យបានថា អាជីវកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានក្រុមគ្រួសារត្រកូល «ហ៊ុន» ជាម្ចាស់ពិតប្រាកដដែលនៅកាងពីក្រោយធ្វើជាខ្នងបង្អែកដ៏រឹងមាំ និងដ៏មានឥទ្ធិពល។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើអាជីវកម្មស្របច្បាប់ដែលទទួលបានប្រាក់ចំណេញពីការលក់ផ្ទះរាប់សែនល្វែង និងលក់ដីឡូត៍រាប់សែនឡូត៍ ដោយមិនចាំបាច់ឈរឈ្មោះលាងលុយកខ្វក់ឱ្យអ្នកណានោះឡើយ។
ការអះអាងរបស់លោក ឡេង ណាវ៉ាត្រា ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទស៊ើបអង្កេតមួយដោយលាតត្រដាងអំពីក្រុមហ៊ុនរបស់លោកមានភាពមិនប្រក្រតីជាច្រើនជុំវិញប្រភពចំណូល និងប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈនៃការផ្តល់សាច់ប្រាក់សុទ្ធរាប់លានដុល្លារអាមេរិកក្នុងមួយលើកៗដល់រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ក្រៅប្រព័ន្ធធនាគារក្រោមរូបភាពកម្មវិធីមនុស្សធម៌កន្លងមក ដែលទំហំទឹកប្រាក់នោះមានចំនួនសឹងលើសពីទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនឧកញ៉ាវ័យក្មេងនេះទៅទៀត។

លោក ឡេង ណាវ៉ាត្រា បានលើកឡើងថា បើនិយាយអំពីមុខរបររបស់លោក គឺមិនពិបាកយល់នោះទេ ព្រោះលោកសង់ផ្ទះលក់តម្លៃពី ១ម៉ឺន ៨ពាន់ដុល្លារ ($១៨០០០) ទៅដល់ ១២ម៉ឺនដុល្លារក្នុងផ្ទះមួយល្វែង។
លោកថា លោកអាចវាយតម្លៃជាមធ្យមភាគ គឺ ៣ម៉ឺនដុល្លារ ហើយលក់រាប់ម៉ឺនល្វែង គុណមើលទៅ តើឃើញលុយប៉ុន្មាននោះ? លោកបន្តថា នេះនៅមិនទាន់រាប់បញ្ចូលដីឡូត៍លំនៅឋានរាប់សែនឡូត៍ដែលគិតជាមធ្យមភាគតែ ៣ពាន់ដុល្លារ ($៣០០០) ប៉ុណ្ណោះ ហើយគេអាចគុណលុយទៅមើលឃើញថាប៉ុន្មានហើយ។
ឧកញ៉ាវ័យក្មេងដែលក្លាយជាអ្នកមានទ្រព្យធនលឿនដូចក្រឡាប់បាតដៃរូបនេះ លើកឡើងថា ប្រសិនបើ The Cambodia Daily ចង់ដឹងច្បាស់ពីមុខរបរ ឬអាជីវកម្មរបស់លោកមែន ពួកគេអាចមកស្រុកខ្មែរ ហើយពេលនោះលោកនឹងបង្ហាញពីគម្រោងនានាជុំវិញការប្រតិបត្តិការជំនួញរបស់ខ្លួនជាមិនខាន។
អ្នកឧកញ៉ាដែលគេសង្ស័យពីការបង្កើតមុខជំនួញមិនប្រក្រតីរូបនេះ ក៏បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយនៅសហរដ្ឋអាមេរិក ទៅស៊ើបអង្កេតទ្រព្យសម្បត្តិរបស់លោក ហ្វ្លយដ៍ មេវេដឺរ (Floyd Mayweather) ដោយសារលោក ហ្វ្លយដ៍ បានបង្ហោះលុយដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរនៅពេលដែលគាត់វាយឈ្នះគូប្រកួតម្តងៗ។
ដើម្បីជួយការពារប្អូនប្រុសរបស់ខ្លួននៅលើបណ្ដាញសង្គម ឧកញ៉ា ឡេង ប្រុស ជាអគ្គនាយករងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលជាបងទីមួយរបស់លោក ឡេង ណាវ៉ាត្រា បានប្រដៅសារព័ត៌មាន ឌឹ ខេមបូឌា ដេលី និងអ្នកវិភាគឯករាជ្យទាំងកំរោលថា គួរបន្តស្រាវជ្រាវឲ្យបានច្រើនជាងនេះ ចាំយកមកចុះផ្សាយ ហើយការវិភាគ ការចោទស្មានៗធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បុគ្គល ក្រុមគ្រួសារ ក្រុមហ៊ុន និងរហូតដល់អ្នករាប់អានលោក ឡេង ណាវ៉ាត្រា ផងដែរ។
លោកថា លោក ឡេង ភត្រា ឬ ឡេង ណាវ៉ាត្រា រកស៊ីប្រកបអាជីវកម្មរាល់ថ្ងៃមិនមានអ្វីជាអាថ៌កំបាំងឡើយ ការលក់ដូរ និងសកម្មភាពផ្សេងៗផុសលើហ្វេសប៊ុកទាំងអស់។
អតីតពលករនៅប្រទេសកូរ៉េ ដែលបានងារជាឧកញ៉ាតាមរយៈប្អូនបង្កើតរបស់ខ្លួនរូបនេះបានអះអាងថា អ្នកដែលធ្លាប់តាមដានសកម្មភាពលោក ឡេង ភត្រា បានដឹងចាប់តាំងពីពេលដែលប្អូនប្រុសរបស់លោកចាប់ផ្ដើមជួយសង្គមម្ដងៗក្នុងទំហំទឹកប្រាក់ពី ៨០-១០០លានរៀល ឬពី ២-៣ម៉ឺនដុល្លាររហូតដល់ចំនួនពី ២ ទៅ ៣លានដុល្លារ ហើយសរុបមកទល់ពេលនេះមានចំនួនជាង ២០លានដុល្លារ ដែលភាគច្រើនតែងបង្ហាញជាលុយសុទ្ធ។

លោកថា ប្រជាជនខ្មែរភាគច្រើនក៏កាន់លុយសុទ្ធចាយ ទិញម្ហូបអាហារ ទិញរថយន្ត ដី និងផ្ទះជាដើម ហើយគ្រប់គ្នាដឹងច្បាស់លើពិភពលោកនេះ បើអ្នកណាម្នាក់រកស៊ីខុសច្បាប់ គេមិនបង្ហាញឲ្យអ្នកដទៃឃើញនោះទេ។ លោកថា កុំថាឡើយរាប់លានដុល្លារ សូម្បីតែមួយសេនក៏គេបិទបាំងដែរ នេះជាធម្មជាតិរបស់មនុស្សទៅហើយ។
លោក ឡេង ប្រុស និយាយថា អ្នករកស៊ីស្របច្បាប់តែងតែបង្ហាញលុយកាក់តាមរបៀបផ្សេងៗពីគ្នា។ អ្នកខ្លះបង្ហាញជាតួលេខ អ្នកខ្លះបង្ហាញចំនួនលុយជាសែក អ្នកខ្លះបង្ហាញចំនួនលុយជាផ្ទាំងក្រដាសតែមួយសន្លឹកក៏មានដែរ។ លោកក៏បានចោទជាសំណួរថា តើនៅកម្ពុជាគ្រាន់តែជួយជាលុយសុទ្ធ ហើយបង្ហាញដល់អ្នកដទៃឲ្យឃើញនោះ វាខុសច្បាប់ដែរឬទេ?
លោកអះអាងថា គេអាចគណនាបានផ្ទះមួយតម្លៃ ៣ម៉ឺនដុល្លារ ហើយ ១ម៉ឺនផ្ទះ គឺស្មើនឹង ៣០០លានដុល្លារបាត់ទៅហើយ ហើយក្រោយចំណាយ និងបង់ពន្ធជូនរដ្ឋអស់ហើយ ចំណេញតែ ១០% ក៏អាចមានលុយសម្រាប់មកជួយសង្គមបានដែរ។
លោក ឡេង ប្រុស អះអាងថា ក្រៅពីផ្ទះល្វែង វីឡា នៅលើផ្លូវជាតិលេខ ៣, ៤, ៦ ផ្លូវវេងស្រេង ដីឡូត៍នៅផ្លូវជាតិលេខ ៣, ៤, ៥, ៦, ៥១ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានគម្រោងដីធ្លី និងផ្ទះល្វែងស្ទើរគ្រប់ខេត្ត ដូចជានៅខេត្តកណ្ដាល កំពង់ស្ពឺ ក្រុងព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ ជាដើម។ លោកបន្តថា មានអ្នករកស៊ីដី ផ្ទះសម្បែងនៅកម្ពុជាជាច្រើនទទួលបានជោគជ័យ ពិសេសចាប់ពីឆ្នាំ២០១៦ មក មិនមែនមានតែលោក ឡេង ភត្រា ឬ ឡេង ណាវ៉ាត្រា ម្នាក់នោះទេដែលក្លាយជាឧកញ៉ានោះ។
ចំណែកលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រុសលំដាប់កំពូលល្បីល្បាញខាងច្រៀងចម្រៀងបែបសម័យ ហើយដែលចម្រៀងរបស់លោកភាគច្រើនចម្លងពីថៃ និងពីចិន អស់រយៈពេលជាងពីរទសវត្សចាប់តាំងពីលោកបានចូលរួមប្រឡូកក្នុងវិស័យសិល្បៈដំបូងកាលពីឆ្នាំ១៩៩២ ជាមួយផលិតកម្ម ហង្សមាស ហើយពេលថ្មីៗនេះលោកបានមកចូលរួមជីវភាពជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra និងបានក្លាយខ្លួនជាឧកញ៉ាកាលពីខែមេសា ឆ្នាំ២០២២ ក៏បានចេញមុខប្រតិកម្មផងដែរ ដោយសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការផ្សាយព័ត៌មានរឿងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គ្រាន់តែជាការចោទប្រកាន់ចង់កេងចំណេញខាងផ្នែកនយោបាយប៉ុណ្ណោះ។
លោក ព្រាប សុវត្ថិ និយាយថា វាជារឿងមួយដ៏អយុត្តិធម៌សម្រាប់ក្រុមហ៊ុន Galaxy Navatra Group ហើយធ្វើឲ្យប៉ះពាល់ជីវភាពបុគ្គលិករាប់ពាន់នាក់ និងអ្នកដែលរស់ក្រោមការផ្គត់ផ្គង់របស់ក្រុមហ៊ុនដល់ទៅរាប់ម៉ឺននាក់ឯណោះ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជំនិតរបស់តារាចម្រៀងវ័យ ៤៧ឆ្នាំរូបនេះ កាលពីខែកញ្ញា ឆ្នាំ២០២០ បានទម្លាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ព្រាប សុវត្ថិ សល់ទ្រព្យសម្បត្តិខ្ទង់ ៣០លានដុល្លារពីការចាប់អាជីពជាតារាចម្រៀងអស់រយៈពេលជាង ២០ឆ្នាំ ហើយមនុស្សជាច្រើនបានចាត់ទុក និងហៅលោក ព្រាប សុវត្ថិ ថាជា ”សេដ្ឋី” តាំងពីមុនលោកឡើងធ្វើជាឧកញ៉ាមកម្ល៉េះ។
មុនក្លាយខ្លួនជាឧកញ៉ា បុរសវ័យ ៤៧ឆ្នាំរូបនេះមានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដូចជា៖
- ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra
- ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ
- ហាងកាត់សក់ ព្រាប សុវត្ថិ
- ផ្ទះ ព្រាប សុវត្ថិ ដែលលក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក
- គម្រោងដីឡូត៍ ព្រាប សុវត្ថិ
- បុរី ព្រាប សុវត្ថិ
- អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo
- ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu
- ទូតសុឆន្ទៈធនាគារ DGB
- និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
ក្រៅពីការងារ និងមុខជំនួញទាំងនេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏មានក្របខ័ណ្ឌនៅក្នុងក្រសួងការពារជាតិផងដែរ ដោយបច្ចុប្បន្នលោកមានឋានន្តរស័ក្តិជាវរសេនីយ៍ឯក និងមានតួនាទីជានាយរងការិយាល័យទី៥ នៃកងទ័ពជើងគោក។
មិនខុសគ្នាពីលោក ព្រាប សុវត្ថិ តារាប្រុសស្រីប្រចាំផលិតកម្ម Galaxy Navatra ដូចជាលោកឧកញ៉ា ខេមរៈ សេរីមន្ត ដែលទើបនឹងចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra កាលពីខែមករា កញ្ញា តន់ ចាន់ស៊ីម៉ា និងលោក ប៊ុន សុណារិន (ហៅ ខេម) ដែលកន្លងមកមានបញ្ហាជាមួយផលិតកម្ម ថោន ពាក់ព័ន្ធរឿងមិនទាន់ផុតកុងត្រា បែរជាទៅច្រៀងនៅផលិតកម្មផ្សេង ក៏បានយកសារដូចៗគ្នាមកបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបដែលអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការដែលលេចមុខលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សេរីមន្ត នៅក្នុងវិស័យអចលនទ្រព្យជាមួយលោក ឡេង ណាវ៉ាត្រា ដោយសារតែអ្នកដែលប្រើប្រាស់លោក ឡេង ណាវ៉ាត្រា គ្រោងនឹងឈប់ប្រើអ្នកឧកញ៉ារូបនេះនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។
មន្ត្រីដដែលអះអាងថា អ្នកដែលប្រើប្រាស់ឧកញ៉ារូបនេះខឹងសម្បា ដោយសារតែឧកញ៉ារូបនេះបានធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនលើកច្រើនសា ព្រោះតែចរិតក្រអឺតក្រទមដើរតែឈ្លោះជាមួយអ្នកណាដែលហ៊ានប៉ះទង្គិចជាមួយរូបគេ រហូតដល់មានការឈ្លោះគ្នាបែកអូរហូរជាស្ទឹងជាមួយអ្នកកាសែតកន្លងមក ជាដើម។
បុគ្គលិកម្នាក់របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រោយពីអត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចេញផ្សាយមក លោក ឡេង ណាវ៉ាត្រា បានបញ្ជាឲ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ខ្លួនចូលវាយប្រហារផេក (Page) ឬទំព័រហ្វេសប៊ុករបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ហើយបុគ្គលិកទាំងអស់ត្រូវតែនាំគ្នាចូលមកសរសេរនៅក្នុងផេករបស់អ្នកឧកញ៉ា ដោយរំលេចនូវការសរសើរលើកតម្កើងអំពីគុណសម្បត្តិរបស់អ្នកឧកញ៉ាថែមទៀតផង។
បុគ្គលិកដដែលបានឲ្យដឹងទៀតថា កន្លងមកលោកឧកញ៉ារូបនោះក៏មានជម្លោះពាក្យសម្ដីជាមួយសារព័ត៌មានអនឡាញ KCTV Cambodia ផងដែរ បន្ទាប់ពីសារព័ត៌មាននោះបានផ្សាយអំពីសកម្មភាពមិនប្រក្រតីរបស់ខ្លួនក្នុងការរកស៊ីដីឡូត៍។
លោកថា ឧកញ៉ារូបនោះបានបង្ហោះសារវាយប្រហារ និងបង្ហោះរូបផ្តេសផ្តាសដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកសារព័ត៌មានមួយចំនួនដែលមានរូបថតនៅក្នុងនោះផងដែរ ហើយអ្នកសារព័ត៌មានទាំងនោះក៏បានបង្ហោះសារវាយបកវិញ ដោយទាមទារឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវចេះគោរពសិទ្ធិបុគ្គលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានផ្ញើសារមកសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ឆ្លើយតបនឹងប្រតិកម្មរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ឃើញលោកក្មួយដែលជាអ្នកឧកញ៉ាបានព្យាយាមពន្យល់សាធារណជនពីក្បួនរកស៊ី តាំងពីនៅជាកម្មករ រហូតក្លាយជាអ្នកឧកញ៉ាកាន់កាប់ទ្រព្យសម្បត្តិខ្ទង់រយពាន់លានដុល្លារ។
ប្រភពដដែលនិយាយថា អ្នកឧកញ៉ាចាំបាច់ពន្យល់ក្បាច់ក្បូរហូរជាស្ទឹងធ្វើអី? បើស្អាតស្អំនូវលុយរាប់លានដុល្លារទៅហើយ ជួលក្រុមហ៊ុនសវនកម្មអន្តរជាតិ ដូចជា PwC ឬ Deloit មកធ្វើសវនកម្ម ហើយចេញរបាយការណ៍ជាសាធារណៈទៅ ថាយើងស្អាតស្អំកម្រិតណា នោះវាចប់ទៅហើយ? មិនបាច់ខំប្រឹងបកស្រាយអ្វីនោះទេ។
ប្រភពដដែលលើកឡើងថា លុយរបស់អ្នកឧកញ៉ាមិនហ៊ានដាក់ក្នុងធនាគារទេ ដោយសារធនាគារគេមិនហ៊ានទទួលលុយនោះ ព្រោះវាជាលុយដែលគ្មានប្រភព ហើយអ្នកឧកញ៉ាក៏ព្យាយាមបើកធនាគារខ្លួនឯងដែរ តែបើកក៏មិនបាន ព្រោះវាពាក់ព័ន្ធនឹងប្រព័ន្ធធនាគារអន្តរជាតិ បើកបានតែគ្រឹះស្ថានហិរញ្ញវត្ថុដែលទម្លាក់កម្ចីឲ្យអតិថិជនជាលុយសុទ្ធប៉ុណ្ណោះ។
ប្រភពដដែលនិយាយថា អ្នកឧកញ៉ាជាអ្នកផ្តល់ជំនួយធំជាងគេដល់រដ្ឋាភិបាល ដោយដឹកលុយសុទ្ធ មិនមែនដកពីធនាគារទេ គឺដកចេញពីទូដែកនៅផ្ទះអ្នកធំម្នាក់ ហើយថាអ្នកឧកញ៉ាក៏ជួយដល់កាកបាទក្រហមដែរ ហើយលុយនោះក៏មិនបានដកចេញពីធនាគារដែរ ប៉ុន្តែលុយនោះត្រូវបានដឹកទាំងឡានៗជូនកាកបាទក្រហមតែម្តង។
ប្រភពដដែលនិយាយថា ប្រសិនបើលុយនោះអាចបង្វិលទៅធនាគារ ដោយមិនចាំបាច់បង្កើតជាជំនួញណាមួយនោះ ក៏កូនអ្នកធំនោះមិនប្រើអ្នកឧកញ៉ាឲ្យធ្វើការងារនេះដែរ។
ប្រភពដដែលនិយាយថា ឈ្មោះរបស់អ្នកឧកញ៉ាបានកត់ត្រានៅក្នុងបញ្ជីសង្ស័យអ្នកលាងលុយអន្តរជាតិនៅក្នុងប្រទេសកម្ពុជាទៅហើយ ដូច្នេះប្រសិនបើអ្នកឧកញ៉ាធ្វើដំណើរចេញទៅក្រៅស្រុក ជាពិសេសអឺរ៉ុប ឬទៅអាមេរិក សូមប្រុងប្រយ័ត្នផង ជាពិសេសមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មមួយចំនួនកំពុងជាប់ឃុំក្នុងសហរដ្ឋអាមេរិក ករណីជួញដូរសត្វស្វាដែលជិតផុតពូជទៅកាន់សហរដ្ឋអាមេរិកនោះ។
ជាសារឆ្លើយតបចំពោះការលើកឡើងនោះ លោក ឡេង ណាវ៉ាត្រា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកដឹងហើយថាចង់ឱ្យគេដាក់ black list លើរូបលោកនោះ ហើយលោកក៏ប្រាប់ទៅវិញដែរថា លោកកើតនៅកម្ពុជា គឺស្លាប់នៅកម្ពុជា មិនរត់ចោលស្រុកឡើយ។
បុគ្គលិកម្នាក់ទៀតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា មានដូចជាវិស័យអចលនទ្រព្យ បុរី និងដីឡូត៍ ឡេង ណាវ៉ាត្រា វិស័យផលិតចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផ្សារកសិផល ឡេង ណាវ៉ាត្រា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា។
ប្រភពដដែលនិយាយថា មួយរយៈនេះ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប រកចំណូលបានត្រឹមតែបុរី និងដីឡូត៍ ឡេង ណាវ៉ាត្រា បន្តិចបន្តួចប៉ុណ្ណោះ គឺមិនដូចកាលពីដំបូងឡើយ គឺថយចុះស្ទើរតែ ៩០% ព្រោះតែការបាត់បង់ទំនុកចិត្តពីសំណាក់មជ្ឈដ្ឋានជុំវិញខ្លួន។
ជាពិសេសទៅទៀត នៅពេលផ្ទុះកូវីដ-១៩ នៅឆ្នាំ២០១៩ ប្រទេសបានបិទខ្ទប់ទាំងស្រុង ហើយពេលនោះ គ្មានអ្នកណាម្នាក់ខ្វល់រឿងទិញផ្ទះនោះទេ គឺខ្វល់តែរកអង្ករច្រកឆ្នាំងតែប៉ុណ្ណោះ ប៉ុន្តែលោកឧកញ៉ាបែរជាបញ្ចេញលុយរាប់លានដុល្លារជួយរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩ ទៅវិញ។
បុគ្គលិកដដែលរូបនោះបានលើកឡើងថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនមានប្រាក់ចំណេញនោះទេ ដោយសារក្រុមហ៊ុននេះត្រូវបង់ថ្លៃឈ្នួលទៅឲ្យតារាចម្រៀងល្បីៗ និងការចំណាយទៅលើបុគ្គលិកផលិតកម្ម ហើយផលិតកម្មច្រៀងនេះទៀតសោតមិនមានប្រាក់ចំណូលទេ ដោយសារមិនមានក្រុមហ៊ុនឧបត្ថម្ភ។ ចំពោះផ្សារកសិផលវិញ ក៏ស្ងាត់ទៅវិញហើយដែរ មិនមានដំណើរការល្អនោះទេ ជាពិសេសគម្រោងបុរី និងដីឡូត៍ គឺស្ងាត់ជ្រងំសឹងគ្រប់ទីកន្លែង។ ជាងនេះទៅទៀត គឺអតិថិជនដែលបានទិញផ្ទះ ក៏ដូចជាគម្រោងដីឡូត៍តាមខេត្តនានា បានសម្ដែងការខកបំណង និងមិនពេញចិត្តជាខ្លាំងដែលពួកគាត់បានទិញ និងបង់លុយអស់ហើយ ហើយត្រូវដល់កុងត្រាប្រគល់ផ្ទះ តែបែរជាមិនបានចូលរស់នៅក្នុងផ្ទះ។
ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា វិញទៀតសោត ក៏មានតែការផ្តល់កម្ចីឲ្យអតិថិជនដែលទិញដីទិញផ្ទះបង់រំលស់របស់គម្រោងតែប៉ុណ្ណោះ គឺគ្មានសង្វាក់សេវាកម្មអ្វីនោះឡើយ។
បុគ្គលិករូបនោះទម្លាយថា ការមិនយកចិត្តទុកដាក់ និងភាពកម្សោយនៃធនធានមនុស្សរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដោយសារក្រុមហ៊ុននេះញាំញីទៅដោយគ្រួសារនិយមដែលមានតែកម្លាំង តែគ្មានចំណេះជំនាញមកគ្រប់គ្រង និងដឹកនាំ (Families Company) ទើបបច្ចុប្បន្ននេះ គម្រោងបុរី និងដីឡូត៍ ឡេង ណាវ៉ាត្រា កំពុងជួបបញ្ហាជាច្រើនដូចជា៖
- ទី១ ខាងគ្រឿងចក្រ ឡានចាក់ដីចាក់ខ្សាច់បានដកចេញពីការដ្ឋាន ដោយសារតែមិនបានបង់លុយតាមកិច្ចសន្យាកុងត្រា។
- ទី២ ជាងសំណង់បានរត់ចោលការដ្ឋានឈប់ធ្វើការដោយសារតែមិនបានបើកលុយកម្លាំងពលកម្មឲ្យកម្មករទៀងទាត់។
- ទី៣ ខាងគ្រឿងសំណង់ក៏ឈប់ផ្គត់ផ្គង់ ព្រោះជំពាក់ក្រុមហ៊ុនយូរពេក មិនងាយសងត្រឡប់ទៅវិញ។
- ទី៤ ភ្នាក់ងារដែលជាអ្នកលក់មិនយកប្រាក់ខែ (Free Lancer) ក៏ឈប់ទៅជួយលក់គម្រោងទាំងនោះ ដោយសារតែក្រុមហ៊ុនមិនបានបើកប្រាក់កម្រៃជើងសាដូចដែលមានចែងនៅក្នុងកិច្ចសន្យាថា ប្រសិនបើអតិថិជនបង់ប្រាក់រួចចាប់ពី ៣០% ឡើងទៅ គឺក្រុមហ៊ុននឹងផ្តល់កម្រៃជើងសា ១០០% ឲ្យមកខាងភ្នាក់ងារត្រឹមតែបីទៅបួនសប្តាហ៍យ៉ាងយូរ។ ជាអកុសល ក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា ហាក់ពន្យារពេលក្នុងការបើកប្រាក់កម្រៃជើងសាដល់ភ្នាក់ងារលក់ផ្ទះរបស់លោកអស់រយៈពេលយូរខែមកហើយ។
ចំណែកគម្រោងនៅបុរី ឡេង ណាវ៉ាត្រា នៅលើផ្លូវជាតិលេខ ៦A វិញ គឺក្រុមហ៊ុនបានសន្យានៅក្នុងកុងត្រាទិញផ្ទះជាមួយនឹងអតិថិជនថា ចាប់ពី ១៨ខែទៅ ២៤ខែ នឹងផ្តល់សោឲ្យអតិថិជនអាចចូលរស់នៅបានហើយ ប៉ុន្តែរហូតដល់កំណត់កុងត្រាប្រគល់សោ អតិថិជនទាំងនោះនៅតែមិនមានផ្ទះរស់នៅ ហើយកន្លែងខ្លះសូម្បីតែចាក់ដីមួយឡានក៏គ្មានដែរ។ ចំណែកកន្លែងខ្លះទៀតទើបនឹងបុកគ្រឹះក៏មានដែរ។
អតិថិជនរបស់ក្រុមហ៊ុននេះមានការរអ៊ូរទាំអំពីការយឺតយ៉ាវរបស់ក្រុមហ៊ុន ដែលយកលុយពួកគេរួចអស់ហើយ តែបែរជាមិនមានការសាងសង់ផ្ទះណាមួយឲ្យពួកគេដូចការសន្យានោះឡើយ។ ក្រុមអតិថិជនទាំងនោះអះអាងថា ក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា ធ្វើឲ្យគេបាត់បង់ទំនុកចិត្ត និងមានការមិនពេញចិត្តខ្លាំងទៅលើក្រុមហ៊ុន។
អ្វីដែលគួរឲ្យឆ្ងល់ជាងនេះទៅទៀតនោះ គឺក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកលុយពីអតិថិជនរួចរាល់អស់ហើយ៖
- ហេតុអ្វីបានជាមិនព្រមសាងសង់ផ្ទះឲ្យគេ?
- ហេតុអ្វីបានជាមិនបើកលុយឲ្យខាងភ្នាក់ងារលក់ដូរផ្ទះសម្បែង និងដីឡូត៍?
- ហេតុអ្វីបានជាមិនបើកលុយឲ្យខាងជាងសំណង់?
- ហេតុអ្វីបានជាមិនបើកលុយឲ្យខាងគ្រឿងចក្រឲ្យបានទៀងទាត់?
កត្តាទាំងអស់នេះហើយដែលនាំឲ្យមានភាពស្ងាត់ជ្រងំសឹងគ្រប់គម្រោងអចលនទ្រព្យនោះ។
បុគ្គលិករូបនោះលើកឡើងថា បច្ចុប្បន្នមាននៅគម្រោងបុរី និងដីឡូត៍ ឡេង ណាវ៉ាត្រា ៦A និងគម្រោងដីឡូត៍ល្វាឯម ដែលកំពុងបន្តលក់យ៉ាងស្ងាត់ជ្រងំ ដោយសារតែមិនបានបើកលុយកម្រៃជើងសាឲ្យភ្នាក់ងារលក់ (Free Lancer)។ ហេតុដូច្នេះហើយបានជាមិនមានភ្នាក់ងារណាម្នាក់ទៅចូលរួមជួយលក់នោះដែរ។
ពួកគេនិយាយថា ដោយសារខាងក្រុមហ៊ុនមិនបើកលុយឲ្យខាងគ្រឿងចក្រ ហេតុដូច្នេះហើយបានជាម្ចាស់គ្រឿងចក្រដកគ្រឿងចក្រចេញពីការដ្ឋាន ឈប់បន្តចាក់ខ្សាច់ ឬចាក់ដីតទៅទៀត។
អ្នកលេងហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ កូននាគឆ្លងដែន បានចូលសរសេរបញ្ចេញមតិនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily កាលពីសប្តាហ៍កន្លងទៅថា «លោកឧកញ៉ាអើយជួយសងលុយថ្លៃខ្សាច់ផង»។
បុគ្គលិកម្នាក់ទៀតរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយលម្អិតអំពីគម្រោងវិនិយោគទាំង ៥ របស់លោក ឡេង ណាវ៉ាត្រា ថា បុរី ឡេង ណាវ៉ាត្រា ៦A ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបើកលក់ក្រោយពីមានការស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ កាលពីខែឧសភា ឆ្នាំ២០២១ គឺមានផ្ទៃដីប្រមាណជាង ១០០ហិកតារ និងអាចសាងសង់ផ្ទះសរុបជាង ៥ពាន់ខ្នង រួមមានផ្ទះល្វែង ផ្ទះវីឡា និងដីទុកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នៅក្នុងគម្រោងនោះផងដែរ ប្រជាពលរដ្ឋបានផ្អើលនាំគ្នាទៅទិញមួយប្រាវ ដោយសារក្រុមហ៊ុនបញ្ចុះតម្លៃរហូតដល់ ១ម៉ឺនដុល្លារ ហើយនៅពេលបង់ប្រាក់ផ្តាច់ទៅឲ្យគម្រោងភ្លាមៗ ក្រុមហ៊ុនសន្យាថានឹងប្រគល់ផ្ទះជូនអតិថិជនក្នុងរយៈពេល ២៤ខែ ឬពីរឆ្នាំបន្ទាប់ពីថ្ងៃចុះកុងត្រាបង់ផ្តាច់។
ប្រភពដដែលឲ្យដឹងទៀតថា មួយប្រាវពេលនោះ ក្រុមហ៊ុនសប្បាយកើបលុយខ្លាំងណាស់ ពីព្រោះក្រុមហ៊ុនអាចលក់ផ្ទះបានរាប់ពាន់ល្វែងឯណោះ។ ប៉ុន្តែសព្វថ្ងៃនេះ គម្រោងនោះហាក់ស្ងាត់ជ្រងំទៅវិញ ដោយសារតែម្ចាស់ផ្ទះភាគច្រើនលើសពី ៧០% នៅមិនទាន់ទទួលបានផ្ទះនៅឡើយ ស្របពេលដែលកុងត្រាទិញផ្ទះរបស់ពួកគេបានលើសកាលកំណត់ទៅហើយក៏ដោយ។
អតិថិជនខ្លះរអ៊ូរទាំថា ក្តីសង្ឃឹមក្នុងការទទួលបានផ្ទះថ្មីដែលពួកគេបានទិញពីគម្រោងលក់ផ្ទះរបស់លោក ឡេង ណាវ៉ាត្រា ហាក់ដូចជានៅឆ្ងាយដូចជើងមេឃអ៊ីចឹងដែរ។ ពួកគេនិយាយថា កុំថាឡើយត្រឹមផ្ទះ សូម្បីតែការបុកគ្រឹះសង់ផ្ទះ ឬការចាក់ដីសង់ផ្ទះនៅមិនទាន់ឃើញចាក់បានមួយឡានផង។
ប្រភពដដែលបានឲ្យដឹងទៀតថា ដីឡូត៍ ឡេង ណាវ៉ាត្រា ៦A ដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ជាគម្រោងដែលបានបើកលក់កាលពីចុងខែកក្កដា ឆ្នាំ២០២២។ គម្រោងនោះមានលក់តែដីសុទ្ធប៉ុណ្ណោះ ដែលមានផ្ទៃដីប្រមាណ ៦០ហិកតារមានចំនួនឡូត៍សរុប ២ពាន់ឡូត៍ ហើយគម្រោងនេះលក់ដាច់ខ្លាំងម្តងទៀតដោយមានការចុះកុងត្រា ២៤ខែ ឬពីរឆ្នាំទើបអនុញ្ញាតឱ្យអតិថិជនអាចចូលប្រើប្រាស់ដីដែលពួកគេទិញនោះបាន។
បច្ចុប្បន្ន គម្រោងនោះក៏កំពុងតែស្ងាត់គ្មានការអភិវឌ្ឍអ្វីបន្តទៀតនោះឡើយ ហើយដែលបញ្ហានេះបាននាំឲ្យអតិថិជន ឬអ្នកទិញដីមានក្តីបារម្ភជាខ្លាំង ស្របពេលដែលពួកគេមិនទាន់អាចសួរនាំអ្វីកើតទៅខាងភាគីក្រុមហ៊ុន ពីព្រោះមិនទាន់ដល់ពេលត្រូវទទួលបានដីរបស់ពួកគេទៅតាមកិច្ចសន្យា ឬកុងត្រា។
ប្រភពដដែលឲ្យដឹងទៀតថា ដីឡូត៍លំនៅឋាន ឡេង ណាវ៉ាត្រា ព្រះប្រសប់ ស្ថិតនៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានបើកទទួលប្រាក់កាលពីដើមខែតុលា ឆ្នាំ២០២២ មានផ្ទៃដីប្រមាណ ២០០ហិកតារ និងមានដីប្រហែល ១ម៉ឺនឡូត៍។ គម្រោងនេះក៏លក់ដាច់បានតែប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ ហើយគម្រោងនេះក៏មានសភាពស្ងាត់ជ្រងំទៅវិញរហូតមកទល់បច្ចុប្បន្ននេះ។ គម្រោងនេះសរុបមកលក់បានប្រហែល ៣០% ប៉ុណ្ណោះ។ គម្រោងនេះក៏មានភាពស្ងាត់ជ្រងំក្នុងការអភិវឌ្ឍដែរ ព្រោះម្ចាស់គ្រឿងចក្របានដកគ្រឿងចក្រចេញពីគម្រោង ដោយសារក្រុមហ៊ុនមិនព្រមបើកលុយឲ្យម្ចាស់គ្រឿងចក្រតាមកិច្ចសន្យា។
បុគ្គលិកដដែលនិយាយថា ដីឡូត៍ល្វាឯម ស្ថិតក្នុងឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបើកលក់កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ មានផ្ទៃដីប្រមាណជាង ៤០០ហិកតារ ក៏លក់មិនទទួលបានជោគជ័យដែរ ហើយចាប់តាំងពីការបើកលក់រហូតដល់បច្ចុប្បន្ន គឺស្ងាត់ជ្រាបមិនមានអតិថិជនឡើយ ព្រោះតែមិនមានការចូលរួមពីភ្នាក់ងារលក់ ឬ (Free Lancer) ដោយសារតែក្រុមហ៊ុននៅមិនទាន់បើកប្រាក់កម្រៃជើងសា ឬ Commission ឲ្យពួកគេ។
បុគ្គលិកដដែលនិយាយថា ដីឡូត៍លំនៅឋាន ឡេង ណាវ៉ាត្រា ៦A ចំនួន ៩៣ហិកតារ ដែលបើកលក់កាលពីដើមខែធ្នូ ឆ្នាំ២០២២ ក៏ខាតទាំងស្រុងដែរ មិនមានអតិថិជនឡើយ ហើយលក់បានតែបន្តិចបន្តួចប៉ុណ្ណោះ។
សរុបជារួមមក គឺគម្រោងលេខ១ លក់បានចំណូលប្រហែលជិត ១០០លានដុល្លារ ដកថ្លៃដើមអាចចំណេញបានប្រហែល ២៥លានដុល្លារ តែនៅមិនទាន់សាងសង់ឲ្យអតិថិជនភាគច្រើន។ គម្រោងលេខ២ លក់បានចំណូលប្រហែល ១៥លានដុល្លារ ដកថ្លៃដើម ចំណេញប្រហែល ៣លានដុល្លារ។ គម្រោងលេខ៣ នៅមិនទាន់មានព័ត៌មានអំពីការចំណេញ ឬខាតនោះទេ។ គម្រោងលេខបួន ខាតរាប់លានដុល្លារ។ ចំណែកគម្រោងលេខ៥ ខាតរាប់លានដុល្លារ។ បើបូកដកគុណចែកគម្រោងទាំងអស់ គឺគ្មានបានចំណូលជាដុំកំភួនអ្វីនោះទេ។
បុគ្គលិករូបនេះនិយាយថា បច្ចុប្បន្ន ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កំពុងធ្លាក់ប្រជាប្រិយភាពជាខ្លាំងដោយសារមិនបានធ្វើទៅតាមកិច្ចសន្យាសាងសង់ផ្ទះឲ្យអតិថិជនឲ្យស្របទៅតាមកុងត្រាទិញលក់ និងការចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី។ ជាងនេះទៅទៀត ក្រុមហ៊ុនកំពុងប្រឈមនឹងការធ្វើបាតុកម្មពីសំណាក់ម្ចាស់គ្រឿងចក្រ ឡានដឹកដី ដឹកខ្សាច់ មេជាង កូនជាងខាងសំណង់ និងភ្នាក់ងារលក់ Free Lancer ទៀតផង។
លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជាឧកញ៉ាក្មេងជាងគេនៅកម្ពុជាដែលមានអាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកឈ្មោះ ឡុង យឿន កន្លងមកមានមុខរបរជាអ្នកស៊ីឈ្នួលរែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់អំឡុងឆ្នាំ២០១២។ ដោយសារតែជីវភាពក្រីក្រ លោក ឡេង ណាវ៉ាត្រា បានបញ្ឈប់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩។
ដើម្បីជួយជីវភាពគ្រួសារ លោក ឡេង ណាវ៉ាត្រា បានឆ្លងប្រទេសទៅធ្វើការងារជាពលករនៅប្រទេសកូរ៉េខាងត្បូង អំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ នៅពេលនោះលោកក៏ធ្លាប់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន តាមរយៈបទចម្រៀងដែលមានពលករខ្មែរក្នុងប្រទេសកូរ៉េចូលរួមផងដែរ។
លោក ឡេង ណាវ៉ាត្រា មានបងប្អូនចំនួនបួននាក់ ដែលសុទ្ធតែទទួលបានគោរមងារតែងតាំងជាឧកញ៉ាចំនួនបីនាក់ និងអ្នកឧកញ៉ាម្នាក់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញមុខរកស៊ីជាសាធារណៈសព្វថ្ងៃនេះ និងបូករួមទាំងសែស្រឡាយដែលមានតែកម្លាំង ប៉ុន្តែមិនមានចំណេះដឹង។
ពួកគេកំពុងធ្វើប្រតិបត្តិការនៅក្នុងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដូចជា៖
- ឧកញ៉ា ឡេង ប្រុស ជាអគ្គនាយករងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប (ជាបងទីមួយ)
- អ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជាអគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប
- ឧកញ៉ា ឡេង និមល មានគម្រោងបុរី និងដីឡូត៍ផ្ទាល់ខ្លួន
- អ្នកស្រីឧកញ៉ា ឡេង បញ្ចពណ៌ ជាអគ្គនាយករងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលជាប្អូនស្រីពៅរបស់គ្រួសារនេះ
- រួមទាំងឪពុកមា បងប្អូនជីដូនមួយ ក្មួយបង្កើត និងក្មួយប្រសា ដែលកំពុងកាន់កាប់នូវអាជីវកម្មផ្សេងៗនៅក្នុងក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា ផងដែរ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានភរិយា គឺអ្នកស្រី ឈឺន ស្រីម៉ាច ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថាជាក្មួយស្រីរបស់ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស។
នៅឆ្នាំ២០១៨ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈថា លោកមានទ្រព្យសម្បត្តិប្រហែល ២០លានដុល្លារបន្ទាប់ពីប្រឡូកលើវិស័យអចលនទ្រព្យបានពីរឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មក លោក ឡេង ណាវ៉ាត្រា មិនបានប្រកាសជាសាធារណៈទៀតនោះទេ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នលេចមុខមាត់ក្នុងសង្គមតាមរយៈការផ្ដល់ថវិកា ២៥លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទប់ទល់គ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ឡេង ណាវ៉ាត្រា ចាប់ផ្ដើមលេចមុខមាត់ខ្លាំងក្រោយលោកទទួលបានងារជាឧកញ៉ានៅឆ្នាំ២០១៨ និងជាអ្នកឧកញ៉ានៅឆ្នាំ២០២១។
លោកមានរថយន្តម៉ាកល្បីៗប្រមាណ ១០គ្រឿង ដូចជា៖
- រ៉ូលរ៉យស៍ (Roll Royce)
- ឡាំបូហ្គីនី (Lamborghini)
- ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche)
- និងប៊ែនលី (Bentley)
- ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងទៀត ដែលសរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។

លោក ម៉ាកឃើស៍ ហាដគី (Marcus Hardtke) ដែលបានធ្វើការជាមួយក្រុមបរិស្ថាន និងការអភិរក្សមួយចំនួននៅកម្ពុជាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក និយាយថា វិធីលាងលុយរបស់ឧកញ៉ាមួយចំនួននៅកម្ពុជា ធ្វើឡើងតាមរយៈការវិនិយោគទៅលើគម្រោងជាច្រើន ដូចជាការបើកបនល្បែងស៊ីសង ឬកាស៊ីណូ សណ្ឋាគារ ក្រុមហ៊ុនអចលនទ្រព្យ មីក្រូហិរញ្ញវត្ថុ ការទិញរបស់ទំនើបៗក្នុងតម្លៃថ្លៃ និងធ្វើសកម្មភាពសប្បុរសធម៌។ លោកថា ពួកគេមិនទទួលចំណូលពីគម្រោងវិនិយោគទាំងអស់នោះទេ ប៉ុន្តែពួកគេប្រកាសថាពួកគេចំណេញលើគម្រោងទាំងនោះ។
លោកបន្តថា កាលាងលុយកខ្វក់ក៏មិនមែនមានតែឧកញ៉ាខ្មែរមួយចំនួននោះដែរ ប៉ុន្តែក៏មានជនជាតិចិនជាច្រើនកំពុងតែលាងលុយនៅកម្ពុជាសព្វថ្ងៃនេះ។
លោក Marcus និយាយថា ការលាងលុយមានវិធីជាច្រើនដំណាក់កាលដូចជា ការដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ ឬហៅថា (PLACEMENT) គឺលុយកខ្វក់ត្រូវបានបំបែកទៅជាចំណែកផ្សេងគ្នាច្រើន ហើយយកទៅដាក់ជាបញ្ញើ ឬជាការវិនិយោគនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដូចជាស្ថាប័នហិរញ្ញវត្ថុ កាស៊ីណូ ហាងលក់ទំនិញ ឬអាជីវកម្មតូចធំផ្សេងៗទាំងក្នុង និងក្រៅប្រទេស។
លោកបន្តថា ក្រៅពីនេះគេក៏អាចរត់ពន្ធរូបិយប័ណ្ណទៅក្រៅប្រទេស ដែលភាសាអង់គ្លេសហៅ (Currency Smuggling) ការផ្លាស់ប្ដូររូបិយប័ណ្ណ (Currency Exchange) ការដាក់លាយបន្លំជាមួយលុយដែលមានក្នុងប្រព័ន្ធស្រាប់ (Blending Fund) និងការទិញទ្រព្យផ្សេងៗដែលមិនត្រូវការសំណុំបែបបទច្បាស់លាស់។
លោកបន្តថា ដំណើរការនេះនឹងធ្វើឲ្យលុយកខ្វក់ទាំងនោះកាន់តែមានភាពងាយស្រួលក្នុងការបម្លែង ឬផ្ទេរតាមរយៈធនាគារ ហើយឧក្រិដ្ឋជនងាយនឹងបន្តដំណើរការលាងលុយតទៅទៀត។
លោក Marcus និយាយថា វិធីសាស្ត្រមួយទៀតនោះ គឺការក្លែងបន្លំ ឬបំបិទប្រភពរបស់លុយ បន្ទាប់ពីដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។ ពួកឧក្រិដ្ឋជនត្រូវការក្លែងបន្លំ ឬបំបិទប្រភពរបស់លុយ ឬធ្វើឲ្យប្រតិបត្តិការលុយមានភាពសាំញ៉ាំ ដើម្បីធ្វើឲ្យកាន់តែពិបាករកឃើញប្រភពលុយកខ្វក់ទាំងនោះ និងដើម្បីលាក់បាំងសកម្មភាពនៃការលាងលុយ។ ពួកគេអាចទិញវត្ថុមានតម្លៃដែលអាចលក់ចេញវិញបាននៅក្រៅប្រទេស និងការបម្លែងសាច់ប្រាក់ទៅជាមូលប្បទានប័ត្រ ជាដើម។
លោកបានពន្យល់ទៀតថា មានវិធីសាស្ត្រមួយទៀត គឺការដកលុយចេញបន្ទាប់ពីលាង គឺលុយទាំងនោះអាចធ្វើចរាចរបាននៅក្នុងសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុដោយស្របច្បាប់ ហើយវាថែមទាំងត្រូវបានមើលឃើញថាលុយទាំងនោះចេញពីប្រភពស្របច្បាប់ទៀតផង។
ក្នុងដំណាក់កាលនេះ លុយទាំងនោះនឹងត្រូវបានយកទៅវិនិយោគបន្តលើអចលនទ្រព្យ ឬអាជីវកម្មស្របច្បាប់នានា ដោយលុយដែលបង្កើតបានបន្តបន្ទាប់ពីនេះ សុទ្ធសឹងតែជាលុយដែលនឹងត្រូវបានចាត់ទុកថាមកពីប្រភពស្របច្បាប់ទាំងអស់។
លោកថា ប៉ុន្តែមិនមែនគ្រប់ការលាងលុយទាំងអស់សុទ្ធតែបានឆ្លងកាត់ដំណាក់កាលទាំង ៣ប្រភេទនេះទេ ព្រោះវាអាចស្ថិតទៅតាមស្ថានភាពនៃលុយកខ្វក់ទាំងអស់នោះដែរ។

អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានថ្លែងនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ថា ប្រភពលុយរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មានភាពមិនច្បាស់លាស់ជាច្រើន ព្រោះថាកាលពីឆ្នាំ២០១៨ ឧកញ៉ាវ័យក្មេងរូបនេះបានប្រកាសថា ទ្រព្យសម្បត្តិសរុបដែលខ្លួនមាន គឺរាប់ទាំងដីឡូត៍ និងអគារសំណង់ផ្សេងៗ គឺមានប្រមាណត្រឹមតែ ២០លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបន្ថែមថា ប៉ុន្តែរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា អាចផ្តល់ប្រាក់ឧបត្ថម្ភដល់រដ្ឋាភិបាលលោក ហ៊ុន សែន ជាង ២០លានដុល្លារ ស្របពេលដែលក្រុមហ៊ុនដែលមានអាយុកាលច្រើនឆ្នាំកំពុងប្រឈមនឹងការក្ស័យធនដោយសារជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។
លោកបន្តថា នេះនៅមិនទាន់គិតដល់ទំហំទឹកលុយដែលគាត់យកទៅទិញគោរមងារជាឧកញ៉ាសម្រាប់ខ្លួនឯង និងបងប្អូនប្រុសស្រីរបស់គាត់ជាច្រើននាក់ផ្សេងទៀតផងនោះ។
អ្នកវិភាគឯករាជ្យរូបនេះលើកឡើងជាចម្ងល់ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រឹមតែជាក្រុមហ៊ុនដែលអាចរកស៊ីបានតែក្នុងស្រុក តែបែរជាបង្ហាញពីការចាយលុយដ៏ច្រើនលើសលប់ និងចរាចរលុយដោយគ្មានការទទួលស្គាល់ពីធនាគារថែមទៀត ខណៈក្រុមហ៊ុនដែលមានវិសាលភាពរកស៊ីជាលក្ខណៈអន្តរជាតិ មិនទាន់មានលទ្ធភាពបង្ហាញសក្ដានុពលប្រើលុយរបស់ខ្លួនបែបនេះផង ប៉ុន្តែក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅតែគ្មានការស៊ើបអង្កេតពីប្រភពលុយទាំងនោះពីរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ពេលនេះ។
លោក គឹម សុខ លើកឡើងថា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមិនប្រើប្រាស់ប្រព័ន្ធធនាគារកន្លងមក ជាហេតុផលមួយបង្ហាញថា ឧកញ៉ារូបនេះគ្មានផែនការពង្រីកអាជីវកម្មជាលក្ខណៈអន្តរជាតិទេ។ ដូច្នេះក៏អាចបញ្ជាក់បានដែរថា គាត់មិនមានលក្ខណសម្បត្តិជាអ្នកជំនួញឡើយ គឺអាចត្រឹមតែជាអ្នកធ្វើតាមគេ ឬឈរឈ្មោះឱ្យគេប៉ុណ្ណោះ ព្រោះថាក្នុងនាមជាអ្នកជំនួញដែលកាន់កាប់ក្រុមហ៊ុនធំៗ គឺត្រូវមានគំនិតវែងឆ្ងាយដើម្បីពង្រីកវិសាលភាពរបស់ខ្លួនជាលក្ខណៈអន្តរជាតិ ដែលត្រូវបង្កើតកេរ្តិ៍ឈ្មោះឱ្យល្អសម្រាប់ដៃគូជំនួញផ្សេងៗទុកចិត្តសហការជាមួយ ជាពិសេសការបង្កើតទំនុកចិត្តលើប្រភពចំណូល និងការចរាចរសាច់ប្រាក់របស់ខ្លួនតែម្តង។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ជាឱកាសល្អនៅពេលដែលមានការស៊ើបអង្កេត ឬចុះផ្សាយពីសារព័ត៌មានពីភាពមិនប្រក្រតីរបស់ខ្លួន ហើយឧកញ៉ា ឡេង ណាវ៉ាត្រា មិនគួរប្រើទស្សនៈផ្ទាល់ខ្លួនបកស្រាយការពារក្រុមហ៊ុន ឬទង្វើរបស់ខ្លួននោះទេ ប៉ុន្តែអ្វីដែលអាចបញ្ជាក់ពីភាពស្អាតស្អំរបស់ក្រុមហ៊ុនលោក គឺការប្រកាសពីប្រភពចំណូលផ្ទាល់ខ្លួន និងភាពស្របច្បាប់នៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុននេះតែប៉ុណ្ណោះ ជាពិសេសគឺការប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនក្រៅប្រព័ន្ធធនាគារដែលគេចាត់ទុកថាជាការប្រតិបត្តិការសាច់ប្រាក់មិនប្រក្រតីកន្លងមក។
ប្រភពម្នាក់ស្និទ្ធនឹងលោក ឡេង ណាវ៉ាត្រា ដែលសុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា តាមការសម្គាល់ អតីតពលករនៅប្រទេសកូរ៉េខាងត្បូងរូបនេះពុំមានលុយច្រើនពីការងារជាកម្មករនោះទេ ដូច្នេះចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ កម្មកររូបនោះតែងតែច្រៀងលេងបង្ហាញអំពីសកម្មភាពកម្សត់ឯកា សកម្មភាពរបស់កម្មករនៅប្រទេសកូរ៉េ ដើម្បីដាក់ YouTube រកលុយបន្ថែមពីការងារជាពលករតែប៉ុណ្ណោះ។
ប្រភពដដែលឲ្យដឹងទៀតថា ដោយសារតែមានទំនាក់ទំនងជាមួយភរិយាបច្ចុប្បន្ន គឺអ្នកស្រី ឈឺន ស្រីម៉ាច ជាក្មួយស្រីរបស់លោក ហ៊ីង ប៊ុនហៀង នៅឆ្នាំ២០១៤ លោកត្រូវបានអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានទាក់ទងធ្វើសកម្មភាពបញ្ចុះបញ្ចូលពលករខ្មែរនៅទីនោះឲ្យងាកមកគាំទ្របក្សប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រភពដដែលអះអាងថា ដោយឧកញ៉ារូបនោះធ្វើសកម្មភាពបានជោគជ័យ ក៏ត្រូវបានលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបបានដំឡើងឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើតួនាទីបច្ចុប្បន្នជាអគ្គនាយកនៃនាយកដ្ឋានស្រាវជ្រាវចារកម្មនៃក្រសួងការពារជាតិ ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនល្បែងស៊ីសងនៅកណ្តាលទីក្រុងភ្នំពេញ គឺណាហ្គាវើលដ៍ ទុកចិត្តយកមកប្រើប្រាស់។
ប្រភពដដែលថា អាចដឹងថាលុយរបស់ឧកញ៉ារូបនេះជាលុយកខ្វក់ ឬយ៉ាងណា សូមក្រឡេកមើលសកម្មភាពចាយលុយតាមរយៈសកម្មភាពសប្បុរសធម៌ គឺឧកញ៉ារូបនេះពុំដែលមានលុយតាមប្រព័ន្ធធនាគារនោះទេ គឺតែងតែយកលុយសុទ្ធទាំងឡានៗយកទៅប្រគល់ឲ្យដល់ដៃតែម្តង ដែលខុសពីឧកញ៉ាផ្សេងៗទៀតដែលគេធ្វើការផ្ទេរលុយតាមរយៈធនាគារ។
ប្រភពដដែលបន្តឲ្យដឹងទៀតថា លុយរបស់លោក ឡេង ណាវ៉ាត្រា គឺជាលុយធ្លាក់មកពីលើមេឃទាំងកុងតឺន័រ។ បច្ចុប្បន្ននេះ គេកំពុងតែផ្ទេរលុយនោះឲ្យទៅជាលុយស្របច្បាប់តាមរយៈបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើអគារលេខ H07B នៃមហាវិថីអូស៊ីអាយស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានប្អូនស្រីពៅ គឺឧកញ៉ា ឡេង បញ្ចពណ៌ ជាសមាជិកក្រុមប្រឹក្សាភិបាល។
ប្រភពដដែលថា ទៅថ្ងៃក្រោយនៅពេលដែលលុយកខ្វក់របស់គ្រួសារត្រកូល «ហ៊ុន» ដែលឧកញ៉ារូបនេះបានលាងទៅជាលុយស្របច្បាប់ហើយនោះ គេនឹងចាប់ផ្តើមប្រើប្រាស់លុយតាមរយៈចរន្តធនាគារវិញម្តង ព្រោះលុយនោះបានក្លាយទៅជាលុយស្របច្បាប់ទៅហើយ។

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ធ្លាប់បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា មុខជំនួញរបស់លោក ឡេង ណាវ៉ាត្រា មានចំណុចមិនប្រក្រតី និងសង្ស័យជាច្រើន ដោយសារក្រុមហ៊ុននេះជាក្រុមហ៊ុនក្នុងស្រុក និងធ្វើជំនួញតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែរជាមានលុយវាល់លានដុល្លារ ខណៈពលរដ្ឋខ្មែរជាច្រើនមានជីវភាពក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយបែរជាលោក ឡេង ណាវ៉ាត្រា មានលទ្ធភាពផ្ដល់លុយសុទ្ធដល់រដ្ឋាភិបាលរាប់លានដុល្លារទៅវិញ។
លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន អះអាងថា បើប្រទេសមានប្រព័ន្ធច្បាប់រឹងមាំ លុយបរិច្ចាគរាប់លានដុល្លារជាសាច់ប្រាក់បែបនេះ នឹងគេចមិនផុតពីការចោទសួរពីសំណាក់ស្ថាប័នជំនាញរបស់រដ្ឋាភិបាល ឬសភារបស់ប្រទេសនោះឡើយ ពីព្រោះគេបារម្ភថា លុយនេះជាលុយកខ្វក់ដែលបានមកពីអំពើទុច្ចរិត ហើយកំពុងត្រូវបានលាងសម្អាតក្រោមរូបភាពជាជំនួយមនុស្សធម៌។ លោក អាឡិច ថាលោកជឿជាក់ថា លោក ឡេង ណាវ៉ាត្រា ប្រាកដជាកំពុងឈរឈ្មោះរកស៊ី និងលាងលុយកខ្វក់ឱ្យគ្រួសារលោក ហ៊ុន សែន តែម្តង។
ចំណែកអនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការអះអាងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺមិនមានភាពស្របគ្នាជាមួយនឹងសកម្មភាពរបស់គាត់ ជាពិសេសចំនួនលុយសុទ្ធដែលគាត់បានផ្តល់ទៅឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោមជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ដែលមិនបានឆ្លងកាត់ធនាគារ គឺជារឿងមិនប្រក្រតីរួចទៅហើយ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលដែលដឹកនាំដោយឯកបក្សសព្វថ្ងៃនេះមានភាពត្រឹមត្រូវ ពួកគេត្រូវតែចាត់វិធានការស៊ើបអង្កេតភ្លាមៗជុំវិញការចរាចរលុយសុទ្ធ ដែលមានចំនួនច្រើនលើសលប់ដែលផ្តល់ឱ្យកម្មវិធីមនុស្សធម៌នាពេលកន្លងមកនោះ ដើម្បីឱ្យប្រាកដកថា ការចរាចរសាច់ប្រាក់ដោយការប្រកបអាជីវកម្ម និងផ្តល់ជូនគម្រោងសប្បុរសធម៌ពីឧកញ៉ាវ័យក្មេងរូបនេះជាលុយដែលស្របច្បាប់ត្រឹមត្រូវដែលមិនមែនជាការលាងលុយកខ្វក់។

អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការផ្តល់លុយដ៏ច្រើនលើសលប់ពីមហាសេដ្ឋីណាមួយដល់រដ្ឋាភិបាល មិនមែនសុទ្ធតែជារឿងល្អសម្រាប់រដ្ឋាភិបាលនោះទេ ពេលខ្លះរដ្ឋាភិបាលក៏ត្រូវរងគ្រោះពីការលាងលុយរបស់មហាសេដ្ឋីទាំងនោះដែរ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាដែលមានរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន គេបានដឹងឮគ្រប់គ្នាទៅហើយថា ក្រុមឧកញ៉ាមហាសេដ្ឋីទាំងនោះគឺសុទ្ធសឹងតែជាអ្នកឈរឈ្មោះលាងលុយឱ្យក្រុមគ្រួសារ «ហ៊ុន» ទាំងអស់ ដូច្នេះពួកគេនឹងមិនត្រូវបានស៊ើបអង្កេតនោះទេ បើទោះបីជាបានចរាចរលុយមិនប្រក្រតីក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ថា មានបញ្ហាប្រឈមពីរសម្រាប់មុខមាត់កម្ពុជាសព្វថ្ងៃនេះដែលត្រូវរំដោះខ្លួនចេញពីការចាត់ថ្នាក់កម្ពុជាទៅក្នុងបញ្ជីប្រផេះនៅក្នុងវិស័យធនាគារ ដោយគេចាត់ទុកថាកម្ពុជាបានចរាចរលុយខ្មៅ និងការទម្លាក់កម្ពុជាទៅក្នុងចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។
វិស័យដែលរងនូវហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជាបច្ចុប្បន្ននេះ មានដូចជា វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យកាស៊ីណូ ជាដើម។
របាយការណ៍លាងលុយកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោកឈ្មោះ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានបន្តដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
ប្រភពដដែលឲ្យដឹងថា កម្ពុជាបានបរាជ័យជិត ៤ឆ្នាំមកនេះដោយសារមិនអាចរំដោះខ្លួនចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់។
សហរដ្ឋអាមេរិកកន្លងមក បានដាក់មេកងអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ទៅក្នុងបញ្ជីខ្មៅដែលត្រូវបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ ហ្គ្លូបល ម៉ែកនីតស្គី (GLOBAL MAGNITSKY ACT) កាលពីឆ្នាំ២០១៨។ សហរដ្ឋអាមេរិករកឃើញថា មេអង្គរក្សរូបនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូបនៅមុខរដ្ឋសភានៅឆ្នាំ២០១៥។
លោក ហ៊ីង ប៊ុនហៀង ក៏ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សាកាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកាំងមួយរូបផងដែរ។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាចំនួន ០៤នាក់ រួមទាំងមេឈ្មួញជួញដូរព្រៃឈើកម្ពុជាម្នាក់ ត្រូវបានដាក់ទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។

អ្នកទាំងនោះរួមមាន៖
- មេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង
- អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្ដមសេនីយ៍ គន់ គីម
- អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក នាយឧត្ដមនាវី ទៀ វិញ
- អគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ចៅ ភិរុណ
- និងឈ្មួញបំផ្លាញព្រៃឈើដ៏ល្បីល្បាញឈ្មោះ ទ្រី ភាព។

ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេអាចធ្វើដំណើរមកជាន់ទឹកដីសហរដ្ឋអាមេរិកបាន។ ទណ្ឌកម្មនេះក៏ហាមប្រាមមិនឱ្យជនជាតិអាមេរិកាំង ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងនោះឡើយ៕