ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) ដែលបានធ្វើសកម្មភាពលើវិស័យសារព័ត៌មានជាង ២០ឆ្នាំ នៅថ្ងៃចន្ទ ទី១៣ កុម្ភៈ នេះ បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ដែលខឹងសម្បាទៅលើអត្ថបទមួយបានចុះផ្សាយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុករបស់ខ្លួនក្នុងការផ្តល់ជំនួយទៅឲ្យប្រទេសតួកគី (Turkey)។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ក្រសួងបានសម្រេចលុបលិខិតលេខ ១៦៥ ព.ម ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលក្រសួងបានអនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពលើវិស័យសារព័ត៌មាន ចាប់ពីពេលនេះតទៅដោយមិនអនុញ្ញាតឲ្យធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជាបន្តទៀតឡើយ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ការសម្រេចលុបសិទ្ធិផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មាន VOD នេះ គឺដោយសារតែអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងដែលមិនអាចលើកលែងឲ្យបាន ខណៈអង្គភាពនេះមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្ដីពីរបបសារព័ត៌មានថែមទៀត។
ការសម្រេចលុបអាជ្ញាប័ណ្ណនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដកសិទ្ធិផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មាន VOD កាលពីថ្ងៃអាទិត្យ ទី១២ កុម្ភៈ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) បានចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលមានចំណងជើងថា «មន្ត្រីរដ្ឋាភិបាលអះអាងថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឲ្យប្រទេសតួកគី មិនមែនជារឿងខុសឆ្គងទេ» ប៉ុន្តែក្នុងអត្ថបទនោះបានរំលេចសម្ដីអ្នកឃ្លាំមើលថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រីគួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។
ជុំវិញការចុះផ្សាយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា អង្គភាពសារព័ត៌មាន VOD មានចេតនាមួលបង្កាច់មិនត្រឹមតែទៅលើលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែបានធ្វើឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលទាំងមូល និងលើការគ្រប់គ្រងថវិកាជាតិថែមទៀត។ ក្នុងនោះ លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងព័ត៌មានត្រួតពិនិត្យលើការចុះផ្សាយរបស់ VOD និងបញ្ជាឲ្យលោក គី តិច ដែលជាប្រធានមេធាវីរាជរដ្ឋាភិបាល ត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីអង្គភាពសារព័ត៌មានមួយនេះមិនព្រមសុំទោសថែមទៀត ដើម្បីសងភាពស្អាតស្អំដល់លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោកវិញ។
ក្រោយការគំរាមរបស់លោក ហ៊ុន សែន អង្គភាពសារព័ត៌មាន VOD បានចេញលិខិតបំភ្លឺជាសាធារណៈទៅកាន់លោក ហ៊ុន សែន ភ្លាមៗនៅថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែលិខិតនេះត្រូវលោក ហ៊ុន សែន បដិសេធចោលក្រោមហេតុផលថា លោកមិនអាចទទួលយកបាននោះទេ។ ក្នុងនោះ លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណអង្គភាព VOD តែម្តង និងបញ្ជាឲ្យតុលាការក្រុងភ្នំពេញគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់អង្គភាពសារព័ត៌មាននេះថែមទៀត។
ទោះជាបែបនេះក្តី នៅថ្ងៃទី១២ ខែកុម្ភៈ CCIM បានចេញលិខិតសុំទោសជាសាធារណៈទៅកាន់លោក ហ៊ុន សែន ភ្លាមៗ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចរូបនេះឆ្លើយតបវិញនៅថ្ងៃទី១៣ ខែកុម្ភៈ នេះថា លោកមិនមែនជាកូនក្មេងបៀមដៃឡើយ ព្រោះការសុំទោសនេះយឺតពេលហើយ។
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកមិនផ្លាស់ប្ដូរការសម្រេចចិត្តបិទចោលអង្គភាពសារព័ត៌មាន វីអូឌី ទេ ហើយស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដោយគ្មានការកែប្រែអ្វីទាំងអស់។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចោទសារព័ត៌មាន VOD នៅថ្ងៃទី១៣ កុម្ភៈ នេះថា ជាអង្គភាពព័ត៌មានដែលខ្វះវិជ្ជាជីវៈ តាំងខ្លួនដូចវិទ្យុបរទេសដែលប្រឆាំង និងនិយាយអាក្រក់ពីខ្មែរ ដើម្បីហុចដៃឲ្យបណ្ដាញព័ត៌មានអមិត្តកម្ពុជា និងក្រុមសម្ព័ន្ធភាពដែលប្រឆាំងកម្ពុជានៅក្រៅប្រទេស យកទៅបំភាន់ក្នុងគោលបំណងបំផ្លាញកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ សហរដ្ឋអាមេរិកព្រមានថា សារព័ត៌មានសេរី និងឯករាជ្យដើរតួនាទីយ៉ាងសំខាន់ក្នុងលទ្ធិប្រជាធិបតេយ្យ ដែលមានមុខងារដោយផ្តល់ឱ្យសាធារណជន និងអ្នកធ្វើសេចក្តីសម្រេចនូវការពិត និងធ្វើឱ្យរដ្ឋាភិបាលទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។
ស្ថានទូតអាមេរិកនិយាយថា អស់រយៈពេលជាង ២០ឆ្នាំមកហើយ VOD បានផ្តល់សេចក្តីរាយការណ៍ដែលផ្អែកលើការពិតអំពីបញ្ហាដែលបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជា ហើយអាមេរិកជំរុញឲ្យអាជ្ញាធរកម្ពុជាពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក Phil Robertson ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ កុម្ភៈ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ។
លោក Phil Robertson បញ្ជាក់ថា ការបិទសំឡេងរបស់អង្គភាពសារព័ត៌មាន VOD គឺជាការបាត់បង់នូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយមួយដែលនៅសេសសល់ចុងក្រោយគេបង្អស់។ លោកសង្កត់ធ្ងន់ថា អ្នកចាញ់ពិតប្រាកដក្នុងរឿងទាំងអស់នេះ គឺប្រជាជនកម្ពុជាទាំងមូល។
ចំណែកនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព រិះគន់ថា ការសម្រេចចិត្តបិទអង្គភាពសារព័ត៌មាន VOD នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពសារព័ត៌មានដែលរដ្ឋាភិបាលបានអះអាងថា មានភាពសេរីពេញលេញកន្លងមក ហើយទង្វើនេះក៏នឹងខាតបង់ដល់រដ្ឋាភិបាលដែលអាចមានសំឡេង និងកញ្ចក់ឆ្លុះបញ្ចាំងក្នុងការជួយពង្រឹងអភិបាលកិច្ចដូចដែលរដ្ឋាភិបាលចង់បានដែរ។
ដោយឡែកវេទិកាពលរដ្ឋ ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ កុម្ភៈ ដោយចាត់ទុកថា ការបិទសារព័ត៌មាន VOD ជាការមិនគោរពសិទ្ធិសារព័ត៌មានសេរី និងគ្មានសេចក្ដីថ្លៃថ្នូរ ដែលជាការបង្ហាញពីអំពើឧទ្ទាមលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ហើយការប្រើអំណាចទំនើងចិត្តបែបនេះ មិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែជាការប្រើអំណាចនីតិមាត់របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់មួយ ក្រោយគេរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ រហូតមក ដែលធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕