34 C
Phnom Penh

អ្នក​ឃ្លាំមើល​បារម្ភ​ថា​កម្ចី​និង​អំណោយ​ដែល​កម្ពុជា​ទទួល​ពី​ចិន​គឺជា​ថ្នូរ​ប្រគល់​សម្បត្តិ​ជាតិ​ឱ្យ​ចិន​គ្រប់គ្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ សម្ដែង​ការ​ព្រួយបារម្ភ​ថា កម្ចី​និង​អំណោយ​នានា​ដែល​លោក ហ៊ុន សែន ទទួល​បាន​រាប់​សែន​លាន​ដុល្លារ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ អាច​ជា​ថ្នូរ​នឹង​ការ​ប្រគល់​សម្បត្តិ​ជាតិ​ខ្មែរ​ឲ្យ​ភាគី​ចិន ដើម្បី​ទូទាត់​បំណុល​ក្នុង​រូបភាព​បន្លំ​ជា​វិនិយោគ។

សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ឲ្យ​ដឹង​ថា ផ្អែក​លើ​ស្ថានភាព​ដុនដាប​នៃ​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ ភាគី​ចិន​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លទ្ធភាព​សង​បំណុល​ឱ្យ​ចិន​វិញ​តាម​ការ​កំណត់​នោះ​ទេ គឺ​មាន​តែ​ខ្ចី​ថែម​ទៀត​ប៉ុណ្ណោះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុង​សភាពការណ៍​ប្រកួត​ប្រជែង​ដ៏​តានតឹង​រវាង​ចិន និង​អាមេរិក បាន​នាំ​ឲ្យ​ចិន​ត្រូវការ​ត្រៀម​ខ្លួន​យ៉ាង​ហ្មត់ចត់ ជាពិសេស​ការ​ត្បិតត្បៀត​លើ​ប្រព័ន្ធ​ចំណាយ​ហិរញ្ញវត្ថុ ទាំង​ការ​ព្យាយាម​កាត់បន្ថយ​ជា​អតិបរមា​នូវ​កញ្ចប់​ជំនួយ និង​កម្ចី​របស់​ខ្លួន​ដល់​បណ្ដា​សម្ពន្ធមិត្ត​សព្វថ្ងៃ​នេះ។

ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ភាគី​ចិន​ផ្ដល់​ជំនួយ និង​កម្ចី​តិចតួច​បំផុត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទោះបីជា​លោក ហ៊ុន សែន ខំ​ប្រឹង​យកចិត្ត​ចិន​យ៉ាងណាក៏ដោយ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា គ្មាន​មូលហេតុ​សម​ទំនង​ទេ​ដែល​ចិន​ត្រូវ​ផ្ដល់​អំណោយ និង​កម្ចី​យ៉ាង​ច្រើន​ដល់​រដ្ឋាភិបាល​របស់​គាត់​នៅ​ពេលនេះ ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​តែ​កាត់​យក​ទ្រព្យ​របស់​កម្ពុជា​ជា​ថ្នូរ​ដើម្បី​សង​បំណុល​ក្នុង​រូបភាព​វិនិយោគ ដូចជា​ព្រលាន​យន្តហោះ កំពង់ផែ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់ៗ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប ព្រះសីហនុ ខេត្ត​កោះកុង ជាដើម​តែប៉ុណ្ណោះ។

ក្រុម​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​វេទិកា​សាធារណៈ​ដើម្បី​ឆ្លើយតប​នឹង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស ឲ្យ​ពលរដ្ឋ​បាន​សួរ​ដេញដោល​ជម្រះ​កង្វល់​របស់​ពួកគាត់​ទាក់ទង​នឹង​ជំនួយ និង​កម្ចី​នានា ដែល​ធ្វើឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នា​ពេល​ចុងក្រោយ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន និង​កូនប្រុស​បង្កើត​ទាំង ៣​នាក់​ទៅ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែ​កុម្ភៈ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន​ផង​ដែរ ជាពិសេស​លើ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដែល​ជា​កម្ចី និង​ជំនួយ​នានា​របស់​ចិន សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​នានា​នៅ​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៩ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្រុមហ៊ុន​ធំៗ​ប្រចាំ​ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​វិនិយោគ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​លើ​គម្រោង​ធំៗ​ជាច្រើន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ចិន សន្យា​ថា​នឹង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ​នេះ ជាពិសេស​ក្រោយ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ពេល​ចុងក្រោយ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២២ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា នៅ​ពេលនេះ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​បំណុល​ទាំងនេះ​យ៉ាង​ម៉ត់ចត់​បំផុត ហើយ​ការ​ខ្ចី​នេះ​ក៏​ធ្វើឡើង​ដោយ​មាន​គោលដៅ​ច្បាស់លាស់​ផង​ដែរ​ដែល​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២២ ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជា​លក្ខណៈ​ទ្វេភាគី​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន ជាង ៤០​ភាគរយ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស