អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ព្រមានថាការសម្រេចរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ឲ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏មានចំណែកលោក ហ៊ុន ម៉ាណែត ត្រូវទទួលខុសត្រូវដែរ។
លោក សម រង្ស៊ី អះអាងថា បើលោក ហ៊ុន ម៉ាណែត មានគំនិតប្រជាធិបតេយ្យតែបន្តិច គាត់គួរណាស់បញ្ចេញមតិកុំឲ្យគេបិទ VOD ព្រោះដោយសារតែអង្គភាពសារព័ត៌មាននេះបានប្រើឈ្មោះគាត់ខុសដែលជារឿងមួយកំប៉ិកកំប៉ុកគ្មានបានការ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ថា ការអះអាងរបស់លោក ហ៊ុន សែន ថាវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នេះ បានផ្សាយចេញឈ្មោះលោក ហ៊ុន ម៉ាណែត ដោយមិនសមហេតុផលនោះ គ្រាន់តែជាលេសដើម្បីឱ្យខ្លួនឯងមានឱកាសបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះតែប៉ុណ្ណោះ។
លោក សម រង្ស៊ី អះអាងថា បើលោក ហ៊ុន ម៉ាណែត ជាមនុស្សគ្រាន់បើតែបន្តិច គាត់គួរណាស់បញ្ចេញមតិកុំឲ្យគេបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ប៉ុន្តែការរក្សាភាពស្ងៀមស្ងាត់របស់គាត់មានន័យថា លោក ហ៊ុន ម៉ាណែត គ្មានគំនិតអ្វីចេញពីខ្លួនឯងនោះទេ គឺគាត់ចេះត្រឹមតែគាំទ្រឪពុកគាត់ទាំងងងឹតងងល់ ដើម្បីរង់ចាំឡើងកាន់តំណែងតាមជើងខោឪពុកគាត់ និងបន្តប្រព្រឹត្តអំពើទុច្ចរិតដូចលោក ហ៊ុន សែន ប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចរបស់លោក ហ៊ុន សែន សម្រេចបិទអង្គភាពសារព័ត៌មាន វីអូឌី ដែលលោកបានចោទថាអង្គភាពនេះបានមួលបង្កាច់លោក ហ៊ុន ម៉ាណែត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលរបស់លោក។
កាលពីថ្ងៃទី១៣ កុម្ភៈ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មាន វីអូឌី ជាស្ថាពរ បន្ទាប់ពីទទួលបានបញ្ជាពីលោក ហ៊ុន សែន កាលពីថ្ងៃទី១២ កុម្ភៈ ប៉ុន្តែការសម្រេចនេះបានរងនូវការប្រតិកម្មជាច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន អះអាងថាជាជនរងគ្រោះពីការផ្សាយរបស់ វីអូឌី នោះ គេនៅមិនទាន់ឃើញលោកបញ្ចេញប្រតិកម្មណាមួយជុំវិញបញ្ហានេះនៅឡើយទេរហូតដល់ពេលនេះ សូម្បីសារគាំទ្រលោក ហ៊ុន សែន ក្នុងការបិទ វីអូឌី នេះក៏ដោយ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ កុម្ភៈ នេះថា មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ នេះ លំហប្រជាធិបតេយ្យកាន់តែរួមតូចក្រោយការបិទប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VOD។ លោកបន្ថែមថា នៅពេលដែលលំហប្រជាធិបតេយ្យកាន់តែរួមតូចបែបនេះ គឺកាន់តែពិបាកក្នុងការរៀបចំការបោះឆ្នោតនាពេលខាងមុខឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៤ កុម្ភៈ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា គ្មានការផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោកចំពោះការបិទអង្គភាពសារព័ត៌មាន VOD នេះទេ ហើយក៏មិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជាដែរ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែវិទ្យុ VOD ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងគិតគូរទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារដោយសារកំហុសមេដឹកនាំ លោកសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បុគ្គលិក វីអូឌី ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋនៅពេលនេះ។
ទោះជាបែបនេះក្តី អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងនៅថ្ងៃទី១៥ កុម្ភៈ នេះ ដែលចង់សំដៅដល់ការប្រកាសរបស់លោក ហ៊ុន សែន ក្នុងការផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ថា «បំណងល្អ តែពិបាកទទួល គំនិតល្អ តែពិបាកសម្រេចចិត្តល្អ តែបង្កប់ប្រជាភិថុតិ ការពិតមិនអាចលាក់គេបានយូរឡើយ»។
លោក សេក សុជាតិ លើកឡើងថា ការប្រកាសបិទសារព័ត៌មាន VOD មិនបានលើកកម្ពស់ និងមុខមាត់វិស័យព័ត៌មានរបស់កម្ពុជានៅលើឆាកអន្តរជាតិឡើយ ផ្ទុយទៅវិញវាបានធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញកាន់តែច្បាស់ពីការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិកាន់តែខ្លាំងនៅកម្ពុជាទៅវិញ។
ចំណែកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ កុម្ភៈ នេះ ដោយថ្កោលទោសរដ្ឋាភិបាលកម្ពុជាដាច់អហង្ការ និងទាមទារឱ្យរដ្ឋាភិបាលបើកដំណើរការអង្គភាពសារព័ត៌មាន វីអូឌី ឡើងវិញស្របតាមច្បាប់ និងស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចង់បានសារព័ត៌មានឯករាជ្យ ដើម្បីផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ជូនទៅរដ្ឋាភិបាល។
ចលនាយុវជនគណបក្សសង្គ្រោះជាតិ អះអាងថា ការដកអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មាន VOD គឺជាការរំលោភលើច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងៗទៀតដែលគាំពារសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបញ្ជាក់ថា ការបិទសិទ្ធិរបស់ VOD នៅមុនការបោះឆ្នោតអាណត្តិទី៧ នេះ គឺជាការបិទភ្នែកបិទត្រចៀក និងបិទការយល់ដឹងរបស់ពលរដ្ឋអំពីស្ថានភាពសង្គមដែលកំពុងកើតមានទាំងស្រុង ស្របពេលដែលពលរដ្ឋកំពុងត្រូវការសេចក្តីរាយការណ៍ពិតប្រាកដមួយសម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីជ្រើសរើសមេដឹកនាំនៅថ្ងៃបោះឆ្នោតខាងមុខនេះ។
ជុំវិញការបិទអង្គភាពសារព័ត៌មាន វីអូឌី នេះ សហគមន៍អន្តរជាតិជាច្រើន ដូចជាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាដើម ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកឱ្យអង្គភាពសារព័ត៌មាននេះដំណើរការឡើងវិញ ប៉ុន្តែលោក ហ៊ុន សែន បែរជាព្រមានមិនឱ្យបរទេសលូកដៃក្នុងរឿងនេះជាដាច់ខាត៕