សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញាជាលើកទី២ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ អះអាងថា ការសម្រេចឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ឃុំ គឺដើម្បីតាមដានលើសំណុំរឿងនេះ និងរង់ចាំការជំនុំជម្រះពីតុលាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះថា សាលាឧទ្ធរណ៍បានសម្រេចបដិសេធបណ្តឹងនៅក្រៅឃុំជាលើកទី២ របស់មេធាវីការពារក្តីឲ្យកញ្ញា ឈឹម ស៊ីថរ។
លោកថា ហេតុផលរបស់សាលាឧទ្ធរណ៍ដែលច្រានចោលបណ្តឹងរបស់មេធាវីការពារក្តីឲ្យកញ្ញា ឈឹម ស៊ីថរ ដោយសារខ្លួនបានតម្កល់សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញទុកជាបានការ ហើយហេតុផលម្យ៉ាងទៀតរបស់សាលាឧទ្ធរណ៍ គឺត្រូវរក្សាកញ្ញារូបនេះឲ្យស្ថិតក្នុងការឃុំឃាំង ដើម្បីរង់ចាំសវនាការលើអង្គសេចក្តី។
លោក អំ សំអាត អះអាងថា តុលាការភ្នំពេញនឹងបើកសវនាការនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ ដើម្បីជំនុំជម្រះលើសំណុំរឿងរបស់កញ្ញា។ លោកថា កញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញា គឺលោក សំ ចំរើន សុទ្ធតែបានចូលរួមសវនាការរបស់សាលាឧទ្ធរណ៍ភ្នំពេញ។
លោកបានឲ្យដឹងទៀតថា មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ ដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញដើម្បីសុំជំទាស់នឹងដីកាពីររបស់តុលាការភ្នំពេញ គឺទី១ ដីកាដំណោះស្រាយដែលសម្រេចបន្តឃុំខ្លួនកញ្ញា និងទី២ គឺដីកាដាក់កញ្ញាឲ្យស្ថិតក្រោមការត្រួតពិនិត្យ។
កាលពីចុងឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធបណ្តឹងរបស់មេធាវីម្តងរួចមកហើយ គឺបណ្តឹងដែលជំទាស់នឹងនីតិវិធីរបស់តុលាការភ្នំពេញក្នុងការចាប់កញ្ញា ឈឹម ស៊ីថរ យកទៅឃុំ។ បណ្តឹងនេះ ក៏ស្ថិតក្នុងគោលបំណងចង់ឲ្យកញ្ញាបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ។
កញ្ញា ឈឹម ស៊ីថរ ត្រូវចាប់ខ្លួនពីរដងហើយ។ កញ្ញាត្រូវចាប់ខ្លួនលើកដំបូងកាលពីដើមឆ្នាំ២០២២ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារដឹកនាំក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ តវ៉ានឹងក្រុមហ៊ុននេះ។
នៅពេលជាប់ឃុំបានប្រមាណ ២ខែ កញ្ញាក៏ត្រូវអនុញ្ញាតឲ្យនៅក្រៅឃុំ តែនៅជាប់បទចោទដដែល និងជាប់បម្រាមមួយចំនួន ដូចជាមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស ជាដើម។ រហូតដល់ចុងឆ្នាំ២០២២ កញ្ញាត្រូវបានចាប់ខ្លួនឡើងវិញ បន្ទាប់ពីវិលត្រឡប់ពីការចូលរួមសន្និសីទអន្តរជាតិមួយនៅប្រទេសអូស្ត្រាលី។ តុលាការលើកហេតុផលថា កញ្ញាត្រូវចាប់ខ្លួនសាជាថ្មីនេះ ដោយសារទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាត។
ខណៈកំពុងនៅក្នុងពន្ធនាគារ កញ្ញាក៏ត្រូវមហាអំណាចអាម៉េរិកប្រកាសផ្តល់ «ពានរង្វាន់ការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២» ជូនផងដែរ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា នាងគឺជាជនជាតិខ្មែរទីមួយដែលទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺថា ការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺដោយសារតែជនត្រូវចោទបានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការអំឡុងពេលខ្លួនកំពុងត្រូវបានដាក់ឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
ជុំវិញការចាប់ខ្លួនតំណាងសហជីពរូបនេះ សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសង្គមស៊ីវិលជាច្រើន ចាត់ទុកការដាក់ទោសលើកញ្ញា ឈឹម ស៊ីថរ ដោយសារការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឲ្យដឹងមុនពីសំណាក់អាជ្ញាធរ គឺជាភាពអយុត្តិធម៌ និងល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋយ៉ាងធ្ងន់ធ្ងរ៕