31 C
Phnom Penh

អាជ្ញាធរ​ថា​ការ​បង្ក្រាប​គ្រឿងញៀន​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្អូញត្អែរ​ថា បើ​ទុក​ឲ្យ​តែ​នគរបាល និង​ស្ថាប័ន​គ្រឿងញៀន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺ​គ្មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋ។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​ស្ដីពី​ការ​កសាង​សមត្ថភាព​គណៈ​គ្រប់គ្រង​អង្គភាព​សាធារណៈ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ការ​បង្ក្រាប​គ្រឿងញៀន​ត្រូវ​ចាប់ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ និង​សហគមន៍​ទាំងមូល ប៉ុន្តែ​សព្វថ្ងៃ​នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ឃើញ​អ្នក​ជក់​គ្រឿងញៀន​ដោយ​ផ្ទាល់ ពួកគេ​មិន​ហ៊ាន​រាយការណ៍​នោះ​ទេ។

លោក កែ គឹមយ៉ាន លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់។ ជាក់ស្តែង ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវ​គោក ផ្លូវទឹក បញ្ញើ​ប្រៃសណីយ៍ និង​ផ្លូវអាកាស ជាពិសេស​ករណី​រក្សា​ទុក កែច្នៃ​ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បទល្មើស​គ្រឿងញៀន​ដែល​លេចធ្លោ​សម្រាប់​កម្ពុជា មាន​ដូចជា​ករណី​រក្សា​ទុក កែច្នៃ ផលិត ជួញដូរ និង​មាន​សារធាតុ​គីមី​ផ្សំ ដែល​បាន​កើតមាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កណ្តាល ជាដើម ក្នុង​គោលបំណង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រកព្រំដែន​កម្ពុជា-វៀតណាម និង​ដឹកជញ្ជូន​ចេញ​តាម​ច្រក​សមុទ្រ​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ផង​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន។

យ៉ាងណាក៏ដោយ អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) កាលពី​ចុង​ឆ្នាំ​២០២១ បាន​បង្ហាញ​សេចក្តី​រាយការណ៍​ថ្មី​មួយ​ដែល​គេ​រក​ឃើញ​ថា កម្ពុជា​ជា​គោលដៅ​ចម្បង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និង​ចែកចាយ​បន្ត ហើយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់។

បញ្ហា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ចុង​ឆ្នាំ​២០២២ ត្រូវ​បរាជ័យ​ដោយសារ​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​មិន​បាន​ថយ​ចុះ ផ្ទុយទៅវិញ​បែរ​ជា​បន្ត​កើនឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កាលពី​អំឡុង​ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​ថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី និង​បាន​ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ១៥​តោន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ធ្លាប់​បាន​អះអាង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើនឡើង ដោយសារ​ការ​បង្ការ និង​ការ​អប់រំ​គ្មាន​ប្រសិទ្ធភាព ខណៈ​វិធានការ​បង្ក្រាប​វិញ លោក​មើល​ឃើញ​ថា​មាន​សន្ទុះ​ខ្លាំង ប៉ុន្តែ​នៅ​មិន​អាច​ផ្ដាច់​ឫសគល់​នៃ​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​បាន ស្រប​ពេល​ដែល​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​នៅ​មាន​កម្រិត​ទាប ដែល​ធ្វើ​ឲ្យ​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស