លោក កឹម សុខា ថ្លែងថា ប្រធានាធិបតី និងរដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងតាមដានករណីសិទ្ធិសេរីភាពរបស់លោកអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយាមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក៏បានចូលពិភាក្សាការងារជាមួយលោក កឹម សុខា ដែរ។
បើតាមលោក កឹម សុខា សរសេរលើហ្វេសប៊ុកដោយថ្លែងអំណរគុណប្រធានាធិបតីលោក Frank-Walter Steinmeier ព្រមទាំងភរិយារបស់លោក និងគណៈប្រតិភូនៅថ្ងៃទី១៥ ខែកុម្ភៈ នេះ ដែលបានផ្តល់តម្លៃដល់លោកចំពោះការតស៊ូដោយអហិង្សា និងមានការអត់ធ្មត់ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ប្រធានាធិបតីលោក Frank-Walter Steinmeier បានបញ្ជាក់ទៅកាន់លោក កឹម សុខា ថា រូបលោក ព្រមទាំងរដ្ឋាភិបាល រដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ បាននិងកំពុងតាមដានករណីសិទ្ធិសេរីភាពរបស់លោក ស្របពេលការបោះឆ្នោតជាតិនៅកម្ពុជាខិតជិតចូលមកដល់។
បើតាមលោក កឹម សុខា ឲ្យដឹងថា សហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសដ៏មានឥទ្ធិពលទាំងនយោបាយ និងសេដ្ឋកិច្ចក្នុងសហភាពអឺរ៉ុប ក៏ដូចជាក្នុងពិភពលោក ហើយដែលប្រទេសនិងប្រជាពលរដ្ឋនេះធ្លាប់ឆ្លងកាត់សង្គ្រាមលោកដ៏ធ្ងន់ធ្ងរ បន្ទាប់មកក៏បានវិលមកប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្សដ៏រឹងមាំ និងដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាល្លឺម៉ង់មានសិទ្ធិសេរីភាព និងជីវភាពរស់នៅខ្ពង់ខ្ពស់។
ក្រៅពីជួបលោក កឹម សុខា ហើយ ប្រមុខរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងមានកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗ មេដឹកនាំនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៦ លោក និងលោកស្រី Elke Bundenbender នឹងបន្តទៅកាន់ប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ៕