35 C
Phnom Penh

បទវិភាគ៖ ពិភពលោក​មិន​អាច​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ដោយ​ការ​ចរចា​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មក​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ គឺ​នៅ​ខ្វះ​តែ ៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​មក​ហើយ។

សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ឈឺចាប់​បំផុត​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ក្រុម​សារព័ត៌មាន​បស្ចិម​ប្រទេស បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង ៤​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង ១០​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន។ តែ​យ៉ាងណាក៏ដោយ សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ពាសពេញ​ប្រទេស។

រចនាសម្ព័ន្ធ​ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ អគារ​របស់​ប្រជាជន​ត្រូវ​បាន​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ដួល​រលំ។ មិន​ត្រឹមតែ​វិនាសកម្ម​ដូចនេះ​ទេ គឺ​សង្គ្រាម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ពិភពលោក ព្រោះតែ​អ៊ុយក្រែន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ដូចជា​ស្រូវ សាឡី ជាដើម ដែល​ត្រូវ​ទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ទ្វីប​អាហ្វ្រិក បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​សូម្បី​តែ​ប្រជាជន​ក្នុង​ទ្វីប​អាហ្វ្រិក ក៏​កំពុងតែ​ជួប​ផលវិបាក​ដោយសារតែ​ខ្វះ​ស្បៀង​ផង​ដែរ។

បន្ថែម​លើ​នេះ ការ​ហក់​ឡើង​ឧស្ម័ន និង​ប្រេងឥន្ធនៈ​ក៏​ឡើង​ខ្ពស់​ផង​ដែរ។ ទាំងអស់​នេះ កើត​ចេញពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ មក​ដល់​ពេលនេះ សញ្ញា​ឆ្ពោះ​ទៅ​រក​ការ​ចរចា​ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម គឺ​គ្មាន​ទាល់តែសោះ មាន​តែ​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​ទីតាំង​ឈរជើង ហើយ​មាន​ប្រៀប​ក្នុង​សមរភូមិ​តែប៉ុណ្ណោះ។

មក​ដល់​ពេលនេះ ទ័ព​ទាំង​សងខាង ទាំង​រុស្ស៊ី និង​អ៊ុយក្រែន គឺ​ស្លាប់​ច្រើន​ដូច​គ្នា។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Post ដែល​ស្រង់​ប្រភព​ចារកម្ម​របស់​អាមេរិក ឲ្យ​ដឹង​ថា ទ័ព​អ៊ុយក្រែន​បាត់បង់​ជាង ១០​ម៉ឺន​នាក់ ខណៈ​ទ័ព​រុស្ស៊ី​បាត់បង់​ជិត ២០​ម៉ឺន​នាក់។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម កំពុងតែ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស។ ក្នុង​មួយ​ថ្ងៃៗ កងទ័ព​ទាំង​សងខាង​ស្លាប់​រាប់​រយ​នាក់​លើ​ទីតាំង​ប្រយុទ្ធ ២៥​ទីតាំង។

នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន យ៉ាងណា​ភាគី​អ៊ុយក្រែន​អះអាង​ថា ទ័ព​របស់​រុស្ស៊ី ដែល​សម្រុក​វាយ​ចូល​ទឹកដី​អ៊ុយក្រែន គឺ​រងគ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដែល​ថ្ងៃ​ខ្លះ​កងទ័ព​រុស្ស៊ី​ស្លាប់ ៣០០​នាក់ និង ៥០០​នាក់ ៧០០​នាក់ ៨០០​នាក់ រហូត​ដល់​ជាង ១​ពាន់​នាក់​ទៀត​ផង។

ភាគី​អ៊ុយក្រែន ក៏ដូចជា​ចារកម្ម​របស់​អង់គ្លេស ឲ្យ​ដឹង​ថា សង្គ្រាម​ដ៏​បង្ហូរ​ឈាម​រយៈពេល ២​ខែ​មក​នេះ ទ័ព​រុស្ស៊ី​ស្លាប់​ជាង ២​ម៉ឺន​នាក់​ហើយ បើ​គិត​ក្នុង​អំឡុង​ជិត​មួយ​ឆ្នាំ​មក​នេះ សព្វាវុធ​របស់​រុស្ស៊ី​បាត់បង់​លើ​សមរភូមិ​ប្រមាណ​ជា ២​ម៉ឺន​គ្រឿង​ឯណោះ ក្នុង​នោះ​រថក្រោះ​ជាង ៣៣០០​គ្រឿង រថពាសដែក​ជិត ៧​ពាន់​គ្រឿង ហើយ​កាំភ្លើង​ធំ​ជាង ២​ពាន់​គ្រឿង។ នេះ​ជា​ការ​បាត់បង់​ទ័ព​ថ្មើរជើង​របស់​រុស្ស៊ី​យ៉ាង​សម្បើម។ ចារកម្ម​របស់​អង់គ្លេស​ឱ្យ​ដឹង​ថា ក្នុង​សង្គ្រាម​ជិត​មួយ​ឆ្នាំ​មក​នេះ រុស្ស៊ី​បាត់បង់​សព្វាវុធ​ប្រមាណ​ជា ៥០% ជាពិសេស​គឺ​រថក្រោះ រថពាសដែក និង​ប្រព័ន្ធ​កាំភ្លើង​ធំ។

យ៉ាងណា​រុស្ស៊ី នៅតែ​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម​រយៈពេល​យូរ​ទៅ​មុខ​ទៀត។ បើ​តាម​ពួក​មន្ត្រី​យោធា​ណាតូ រុស្ស៊ី​ត្រៀម​យន្តហោះ​ចម្បាំង​រាប់​រយ​គ្រឿង ដើម្បី​បើក​ប្រតិបត្តិការ​ទ័ព​អាកាស​ទ្រង់ទ្រាយ​ធំ​មក​លើ​ទឹកដី​អ៊ុយក្រែន ហើយ​មាន​ផែនការ​សំដៅ​កម្ទេច​រដ្ឋធានី​គៀវ តែម្ដង។

អ្នកជំនាញ​យោធា​មើល​ឃើញ​ថា អ៊ុយក្រែន​នៅ​ពេលនេះ​ពុំ​មាន​សមត្ថភាព​ការពារ​ដែនអាកាស​របស់​ខ្លួន​រឹងមាំ​នោះ​ទេ ព្រោះ​ប្រព័ន្ធ​មីស៊ីល​ដើម្បី​ការពារ​ដែនអាកាស​នេះ​នៅ​ពុំ​មាន​ចំនួន​គ្រប់គ្រាន់។

អ្នកជំនាញ​របស់​ពួក​ណាតូ និង​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្រុម​យោធា​ណាតូ ដែល​បាន​ប្រជុំ​ជាមួយ​នឹង​សម្ព័ន្ធភាព ២៤​ប្រទេស​ទៀត​នៅ​ប្រទេស​ប្រ៊ុចសែល កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​បើក​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ទ័ព​អាកាស​ទ្រង់ទ្រាយ​ធំ​លើ​រដ្ឋធានី​គៀវ ដើម្បី​បន្ថយ​កម្លាំង​របស់​អ៊ុយក្រែន នៅ​ភាគ​ខាងកើត​ប្រទេស។

ពួកគេ​ព្រមាន​ថា លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​គ្មាន​ឆន្ទៈ​ដើម្បី​ចង់​បញ្ចប់​សង្គ្រាម​ជាមួយ​នឹង​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន នោះ​ទេ គឺ​រុស្ស៊ី​នៅតែ​សង្ឃឹម​ថា​ខ្លួន​គេ​នឹង​យក​ឈ្នះ​សង្គ្រាម​នេះ​ឱ្យ​បាន។ មាន​ន័យ​ថា រុស្ស៊ី​ឈ្នះ​សង្គ្រាម គឺ​ផ្ដល់​សន្តិភាព​ទៅ​ឲ្យ​អ៊ុយក្រែន តែ​អ៊ុយក្រែន​ដែល​មាន​ក្រុម​បស្ចិម​ប្រទេស និង​ណាតូ​នៅ​ពីក្រោយ ពិត​ណាស់​មិន​អាច​ធ្វើ​ឱ្យ​ខ្លួន​គេ​ចាញ់​សង្គ្រាម​បាន​ឡើយ។

វា​មាន​ន័យ​ថា មាន​តែ​តស៊ូ​ក្រាញ​ននៀល​ជាមួយ​នឹង​ការ​ប្រើប្រាស់​អាវុធ​របស់​ពួក​បស្ចិម​ប្រទេស គឺ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ ដែល​មាន​ន័យ​ថា​មិន​អាច​ទទួល​យក​សន្តិភាព​ដោយ​ការ​ចុះចាញ់​នឹង​សត្រូវ​ឈ្លានពាន​នោះ​ទេ គឺ​មាន​តែ​ធ្វើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​តែប៉ុណ្ណោះ ហើយ​សន្តិភាព​សេរីភាព​របស់​ប្រជាជន​អ៊ុយក្រែន នឹង​រស់​ឡើងវិញ​ជាមួយ​នឹង​ការ​ពន្លត់​សង្គ្រាម​ដោយ​ការ​ឈ្នះ​សង្គ្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស