27 C
Phnom Penh

សិល្បករ​​ជើងចាស់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​​ឱ្យ​មាន​ជីវភាព​សមរម្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិល្បករ​ខ្មែរ​ជើងចាស់​ប្រចាំ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​មាន​ជីវភាព​សមរម្យ​ល្អ ដើម្បី​ឱ្យ​ពួកគាត់​បន្ត​មនសិការ​ថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​បន្ត​ទៀត។

វីរសិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ឮ​ល្ហិចល្ហៀង​ថា គ្រូ​របាំ​ថៃ​បាន​ជួល​គ្រូ​របាំ​បុរាណ​ខ្មែរ​ម្នាក់​ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ និង​បាន​ទាំង​ទាក់ទង​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ម្នាក់​ទៀត​ដែល​ជំនាញ​ខាង​ឧបករណ៍​ភ្លេង​ទ្រខ្មែរ ឈ្មោះ តុលា ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ​ដែរ។

លោក​បន្ថែម​ថា ពួកគេ​បាន​សន្យា​ថា​នឹង​ផ្តល់​ជូន​ប្រាក់ខែ​ខ្ពស់​ចំពោះ​ការងារ​របស់​គ្រូៗ​ទាំងនោះ ប៉ុន្តែ​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ជំនាញ​ខាង​ទ្រខ្មែរ បាន​បដិសេធ​នូវ​សំណើ​នេះ។ លោក​ថា នៅ​ពេលនេះ អ្នកគ្រូ​របាំ​ដែល​ត្រូវ​ថៃ​ជួល​នោះ​កំពុងតែ​បង្ហាត់​របាំ​ខ្មែរ​នៅ​ទីនោះ។

ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ក៏​មិន​ទាន់​ធានា​ថា​រឿង​នេះ​ពិត​កម្រិត​ណា​នោះ​ដែរ ដោយ​គ្រាន់តែ​ផ្អែក​តាម​ការ​អះអាង​របស់​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ម្នាក់​ឈ្មោះ តុលា និង​ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ។

សិល្បករ​គំរូ​ដែល​តែង​គិតគូរ​ពី​ប្រទេស​ជាតិ លោក សុះ ម៉ាច សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រឿង​នេះ​ជា​ការពិត ហើយ​សិល្បករ​ថៃ​អាច​រៀនសូត្រ​ពី​របាំ​បុរាណ​ខ្មែរ​បាន​ប្រហាក់ប្រហែល​នឹង​ខ្មែរ​មែន​នោះ បញ្ហា​ផ្សេងៗ​នៅ​ពេល​ខាងមុខ​រវាង​កម្ពុជា និង​ថៃ ជុំវិញ​សិល្បៈ​វប្បធម៌ នឹង​កើតមាន​ទៀត​ជាមិនខាន ដូចជា​ជម្លោះ​រឿងល្ខោន​ខោល និង​គុន​ខ្មែរ ដែល​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេលនេះ ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ថៃ​តែង​មាន​មហិច្ឆតា​ចង់​បាន​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​រហូត​មក។

កាលពី​ពេល​កន្លងទៅ ថៃ និង​កម្ពុជា ធ្លាប់​បាន​ប៉ះទង្គិច​គ្នា​ម្តង​បន្ទាប់ពី​ថៃ​ប្រកាស​គ្រោង​នឹង​ដាក់​របាំ​អប្សរា ព្រមទាំង​របាំ​ព្រះ​រាជទ្រព្យ​របស់​ខ្លួន​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​អង្គការ​យូណេស្កូ បើ​ទោះបីជា​កម្ពុជា​បាន​ដាក់​របាំ​ព្រះរាជទ្រព្យ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នៅ​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣ ទៅ​ហើយ​ក្តី។

ជុំវិញ​បញ្ហា​នេះ ក្រសួង​វប្បធម៌​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ពន្យល់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ ថា របាំ​ព្រះរាជទ្រព្យ​ខ្មែរ និង​ល្ខោនស្បែក​ធំ គឺជា​សម្បត្តិ​វប្បធម៌​របស់​ដូនតា​ខ្មែរ ដូច្នេះ​ថៃ​មិន​អាច​យក​ទម្រង់​សិល្បៈ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ និង​ល្ខោនស្បែក​ធំ​មាន​ដើមកំណើត​ពី​កម្ពុជា​ទៅ​ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ​បាន​ទេ។

ជាង​នេះ​ទៀត កម្ពុជា និង​ថៃ ក៏​ធ្លាប់​ប៉ះទង្គិច​គ្នា​ម្តង​ទៀត​ដែរ​ទាក់ទង​នឹង​របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) កាលពី​ឆ្នាំ​២០១៦ ជុំវិញ​ការ​ប្រកាស​របស់​ថៃ ថា​នឹង​យក​ល្ខោនខោល​ទៅ​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ធ្លាប់​បាន​អះអាង​ថា របាំ​ព្រះរាជទ្រព្យ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ថា​មាន​ដើមកំណើត​តាំងពី​មុន​សតវត្ស​ទី​៦ មក​ម្ល៉េះ ហើយ​របាំ​ព្រះរាជទ្រព្យ​ជា​ទម្រង់​របាំ​ស្ត្រី​ដែល​មាន​ក្បាច់​ធំៗ​៤ គឺ​ក្បាច់​នាង ក្បាច់​នាយ​រោង ក្បាច់​យក្ស និង​ក្បាច់​ស្វា រួម​ទាំង​សម្ដែង​អម​ជាមួយ​នឹង​ចម្រៀង​ផង​ដែរ។

តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា អ្នកស្រី អាន ឡឺម៉ែស្ត្រ (Anne Lemaistre) ធ្លាប់​បាន​អះអាង​ថា របាំ​ព្រះរាជទ្រព្យ​គឺជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​ដែល​ត្រូវ​បាន​យក​មក​សម្ដែង​ប្រកប​ដោយ​បែបផែន​សិល្បៈ​ដ៏​ល្អ​អស់​រយៈពេល​លើស​ពី ១០០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារតែ​វត្តមាន​នៃ​របប​ប្រល័យ​ពូជសាសន៍ របាំ​ព្រះរាជទ្រព្យ​បាន​ប្រឈម​នឹង​ការ​បាត់បង់ ដែល​នេះ​គឺជា​កាតព្វកិច្ច​របស់​អង្គការ​យូណេស្កូ​ក្នុង​ការ​ជួយ​ស្ដារ​កេរ្តិ៍ឈ្មោះ​របាំ​ព្រះរាជទ្រព្យ​នេះ​ឡើងវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មិន​ថា​គ្រូ​អភិរក្ស​របាំ​បុរាណ​ខ្មែរ ឬ​គ្រូ​អភិរក្ស​គុន​ខ្មែរ​ទេ ឱ្យ​តែ​គ្រូ​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ គឺ​គេ​មិន​សូវ​ឃើញ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ឱ្យ​តម្លៃ​លើ​ជីវភាព​របស់​ពួកគេ​ឡើយ ដូច្នេះ​ដើម្បី​ជីវិត​រស់ ពេល​ខ្លះ​ពួកគេ​មាន​តែ​យក​ចំណេះ​ជំនាញ​របស់​ខ្លួន​ទៅ​បង្ហាត់​បង្រៀន​ជាតិ​សាសន៍​ដទៃ​ដើម្បី​ក្រពះ​ទៅ​ថ្ងៃ​មុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស