37 C
Phnom Penh

អភិបាល​ខេត្ត​ព្រះសីហនុ៖ ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម​និង​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់​ថយ​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាង​ថា បទល្មើស​បង្ខាំង ការ​ជំរិត​ទារ​ប្រាក់ ការ​ធ្វើ​ទារុណកម្ម ការ​ជួញដូរ​មនុស្ស អំពើ​សញ្ចរកម្ម និង​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់ ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ កន្លងមក ត្រូវ​បាន​កាត់បន្ថយ ព្រោះ​មិន​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ច្រើន​ដូច​មុន​ទៀត​ឡើយ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៥ កុម្ភៈ លោក គួច ចំរើន លើកឡើង​ថា នៅ​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​រួម​គ្នា​គ្រប់គ្រង ដឹកនាំ និង​ចាត់​វិធានការ​នៅ​ពេល​ចាប់ផ្ដើម ក្នុង​មួយ​ថ្ងៃៗ​បណ្ដឹង​ចូល​ផេក​ក្រឡាហោម​រហូត​ដល់​សិប (បណ្ដឹង) ដល់​ពេលនេះ​ធូរស្បើយ ឥឡូវ​នេះ​អាច​ឈាន​ដល់​ខែ​ដែល​អត់​មាន​ពាក្យ​បណ្ដឹង​ក៏​មាន​ដែរ។ លោក​ថា​ស្ថានការណ៍​ត្រូវ​បាន​ធូរស្បើយ។

លោក​បាន​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​ស្ថានការណ៍​ធូរស្បើយ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​នៅតែ​បន្ត​សកម្មភាព​ក្នុង​ការ​តាមដាន ស្រាវជ្រាវ ដើម្បី​បង្ក្រាប​បទល្មើស និង​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក​បន្ត​ថា ក្រៅពី​បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​បច្ចេកវិទ្យា​ជាដើម ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ​ក៏​ជួប​បញ្ហា​សំណង់​អគារ​ជាប់​គាំង​ផង​ដែរ ហើយ​បញ្ហា​នេះ​អូស​បន្លាយ​ដល់​បច្ចុប្បន្ន។ លោក​ថា បច្ចុប្បន្ន​មាន​សំណង់​អគារ​ដែល​ជាប់​គាំង​នោះ​មាន​ចំនួន ១០០៦​សំណង់​អគារ​ខ្ពស់។

លោក​បន្ថែម​ថា ក្នុង​ចំណោម​សំណង់​អគារ​ជាង​មួយ​ពាន់​នោះ យ៉ាងហោចណាស់​មាន ៣៥៩​អគារ​ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ទាំងស្រុង ៨៩​អគារ​កំពុង​ដំណើរការ​សាងសង់​ឡើងវិញ អគារ​ចំនួន ២៥៥​ដែល​សាងសង់​រួច តែ​មិន​មាន​សកម្មភាព​អាជីវកម្ម និង​អគារ​ចំនួន ៣០៣ កំពុង​មាន​សកម្មភាព​អាជីវកម្ម។

ជុំវិញ​បញ្ហា​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ថា ខ្លួន​បាន​រក​ឃើញ​ជនបរទេស​ដែល​បាន​ចូល​មក​បម្រើការ​នៅ​កម្ពុជា​ចំនួន ១០​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន​ជាង ២៧០០​នាក់ ក្នុង​នោះ​ជនបរទេស​ដែល​មាន​លិខិត​ឆ្លងដែន​ចំនួន​ជាង ១៩០០​នាក់ និង​ជនបរទេស​ដែល​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​ជាង ១៥០០​នាក់​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ដើម​ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ត្អូញត្អែរ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​ពីរ គឺ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​ការ​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស ដែល​ពិភពលោក​បង្កើន​ការ​តាមដាន​សម្រាប់​ឆ្នាំ​២០២២ នេះ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ ដែល​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស