31 C
Phnom Penh

បទវិភាគ៖ មេដឹកនាំ​ផ្ដាច់ការ​បេឡារុស​អាយ៉ង​របស់​លោក ពូទីន ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​រុស្ស៊ី​ស្ថិត​នៅ​លើ​ផ្លូវ​ចាញ់​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​នៃ​ប្រទេស​បេឡារុស ដែល​ឡើង​កាន់​អំណាច​ដោយសារ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយ​មិន​ពុះកញ្ជ្រោល​ចិត្ត​ចង់​វាយ​លុក​ប្រទេស​អ៊ុយក្រែន ទៀត​នោះ​ទេ គឺ​ខុសពី​រយៈពេល ៦​ខែ​ដំបូង​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ជន​ផ្ដាច់ការ​បេឡារុស Alexander Lukashenko បាន​ដូរ​ជំហរ​របស់​ខ្លួន​ជាច្រើន​ក្នុង​ដំណាក់កាល​នេះ​ចំពោះ​សង្គ្រាម​ដែល​ចៅហ្វាយ​របស់​លោក គឺ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។

លោក Lukashenko អះអាង​ថា លោក​មិន​ដែល​មាន​ផែនការ​ចង់​ជួយ​កងទ័ព​រុស្ស៊ី វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន នោះ​ទេ។ លោក​បញ្ជាក់​ថា សម្រាប់​រូបលោក​ផ្ទាល់ ក៏​មិន​ដែល​រង​សម្ពាធ​ពី​លោក ពូទីន ម្ដង​ណា​ដែរ​ចំពោះ​ការ​ស្នើ​ឱ្យ​បេឡារុស ជួយ​រុស្ស៊ី​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន។

ការ​កែប្រែ​ពាក្យ​សម្ដី ឬ​ជំហរ​របស់​បុរស​ខ្លាំង​បេឡារុស រូប​នេះ ដែល​លោក​ខាងលិច​ចាត់ទុក​ថា​ជា​អាយ៉ង ឬ​ជា​កូនអុក​របស់​លោក ពូទីន ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ជន​ផ្ដាច់ការ​ម្នាក់​នេះ​កំពុង​មើល​ឃើញ​លោក ពូទីន ឆ្ពោះ​ទៅ​រក​ការ​បាត់បង់​អំណាច ហើយ​កំពុង​ដើរ​លើ​ផ្លូវ​ទៅ​រក​ការ​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ភាព​ស្ងប់ស្ងាត់ និង​ការ​ដូរ​ជំហរ​របស់​លោក Lukashenko នៅ​ពេលនេះ គឺ​ផ្ទុយ​ស្រឡះ​បើ​គេ​រំលឹក​ជំហរ​របស់​លោក​កាលពី​រយៈពេល ៦​ខែ​ដំបូង​នៃ​សង្គ្រាម​របស់​លោក ពូទីន ឈ្លានពាន​អ៊ុយក្រែន។

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ទ័ព​រុស្ស៊ី ២៥​ម៉ឺន​នាក់​វាយលុក​ចូល​ប្រទេស​អ៊ុយក្រែន ដោយ​មាន​អន្តរាគមន៍​រថក្រោះ រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ​រាប់​ពាន់​គ្រឿង​ដោយ​ការ​បាញ់​ស្រោច​គ្រាប់​មីស៊ីល លោក Lukashenko បាន​ថ្លែង​គាំទ្រ​លោក ពូទីន ដោយ​ចាត់ទុក​ថា​សង្គ្រាម​របស់​លោក ពូទីន គឺ​ត្រឹមត្រូវ ព្រោះតែ​អ៊ុយក្រែន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក វូឡូឌីមៀរ ហ្សេឡេនស្គី ជា​អ្នក​បង្ក​អសន្តិសុខ​ទៅ​លើ​ប្រទេស​រុស្ស៊ី ដោយសារតែ​ចង់​ក្លាយ​ជា​សមាជិក​យោធា​ណាតូ ដែល​កម្លាំង​ប្រជែង​នឹង​រុស្ស៊ី។ មិន​តែប៉ុណ្ណោះ លោក​ព្រមាន​ថា កងទ័ព​បេឡារុស នឹង​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ក្នុង​ភាព​ជា​សម្ព័ន្ធភាព​នឹង​រុស្ស៊ី។

ក្នុង​ស្ថានភាព​សង្គ្រាម​ដែល​រុស្ស៊ី​មាន​ប្រៀប​ជាង​អ៊ុយក្រែន បុរស​ខ្លាំង​បេឡារុស តែងតែ​ទៅ​ជួប​លោក ពូទីន ដោយ​មាន​កិច្ចព្រមព្រៀង​ជួយ​រុស្ស៊ី​ក្នុង​ករណី​ចាំបាច់។ ក្នុង​ជំនួប​នោះ បេឡារុស​បាន​យល់ព្រម​ឱ្យ​រុស្ស៊ី​បន្ត​វត្តមាន​កងទ័ព និង​បន្ថែម​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​បេឡារុស ថែម​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត លោក​យល់ព្រម​ឱ្យ​លោក ពូទីន ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅ​លើ​ទឹកដី​ប្រទេស​បេឡារុស ទៀត​ផង រហូត​មាន​ការ​ធ្វើ​សមយុទ្ធ​ទ័ព​រុស្ស៊ី និង​ទ័ព​បេឡារុស នៅ​តាម​ព្រំដែន​បេឡារុស ជាប់​នឹង​អ៊ុយក្រែន ថែម​ទៀត។

ចារកម្ម​របស់​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា លោក Lukashenko បាន​សន្យា​បញ្ជូន​ទ័ព​ជួយ​ទ័ព​រុស្ស៊ី ដោយ​ប្រើ​ទង់ជាតិ​រុស្ស៊ី នៅ​ពេល​ដែល​រុស្ស៊ី​បើក​ការ​វាយប្រហារ​ចេញពី​ព្រំដែន​បេឡារុស ចូល​ទៅ​ទឹកដី​អ៊ុយក្រែន។

គេ​នៅ​ចាំ​បាន​ទៀត​ថា នៅ​ពេល​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​រុស្ស៊ី និង​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន គឺ​បេឡារុស ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ជិត ១០​ប្រទេស​ទៀត​ដែល​បោះឆ្នោត​ជំទាស់​ទៅ​នឹង​ដំណោះស្រាយ​របស់​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​នេះ​តែងតែ​ប្រកាន់​ជំហរ​បែប​នេះ​គ្រប់​ដំណាក់កាល​នៃ​វិធានការ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ។

តែ​ដល់​ដំណាក់កាល​នេះ ដែល​រុស្ស៊ី​អាច​នឹង​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​ក្រុម​ណាតូ​សម្រុក​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​ក៏​ចំ​ពេល​ដែល​រុស្ស៊ី មិន​អាច​ពង្រីក​ទឹកដី​បាន​ទៀត គេ​សង្កេត​ឃើញ​មេដឹកនាំ​ផ្ដាច់ការ​បេឡារុស​ម្នាក់​នេះ​ផ្លាស់ប្ដូរ​ជំហរ​មិន​បង្ក​ជម្លោះ​នឹង​អ៊ុយក្រែន ដូច​មុន​ទៀត​នោះ​ទេ។

តើ​កត្តា​អ្វី​ខ្លះ​នៅ​ពីក្រោយ​លោក Lukashenko ដែល​ដូរ​ជំហរ​បែប​នេះ?

ទី​មួយ គេ​អាច​គិត​ថា​មេដឹកនាំ​បេឡារុស​រូប​នេះ​បារម្ភ​អំពី​លោក ពូទីន អស់​អំណាច​ដោយសារ​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ទី​២ លោក​អាច​គិត​ថា​ពេលវេលា​ដែល​លោក ពូទីន អស់​អំណាច គឺ​មាន​ច្រើន​ដូចជា​ផ្ទៃក្នុង​រុស្ស៊ី​បែកបាក់ និង​អាច​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ពូទីន ដោយសារតែ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ហើយ​ការ​ងើប​បះបោរ​របស់​រុស្ស៊ី ក៏​ផ្ទុះឡើង​ទន្ទឹម​នឹង​ដំណើរ​ទៅ​រក​ការ​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ក៏​អាច​នឹង​កើត​មាន​នៅ​ពេល​ខាងមុខ​នេះ។

ទី​៣ គេ​អាច​និយាយ​បាន​ទៀត​ថា លោក Lukashenko ដែល​ប្ដូរ​ជំហរ​មិន​លើក​ទ័ព​បេឡារុស ជួយ​រុស្ស៊ី វាយប្រហារ​លើ​អ៊ុយក្រែន ព្រោះតែ​លោក​បារម្ភ​អំពី​ប្រទេស​សមាជិក​ណាតូ ដែល​នៅ​ជុំវិញ​បេឡារុស អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​របស់​លោក ហើយ​ចង់​មិន​ចង់ សង្គ្រាម​ណាតូ និង​បេឡារុស​អាច​ផ្ទុះឡើង ហើយ​ទីបំផុត របប​របស់​លោក​អាច​នឹង​គ្រោះថ្នាក់​នាំ​ឲ្យ​ក្រុម​ប្រឆាំង​ឡើង​កាន់​អំណាច។

ទី​៤ លោក​គិត​ថា​អ៊ុយក្រែន​មាន​លទ្ធភាព​វាយ​ខ្ទប់​កងទ័ព​រុស្ស៊ី ដោយ​វាយ​រុល​ចូល​ទឹកដី​បេឡារុស ទៀត​ផង ក្រោម​កិច្ច​អន្តរាគមន៍​របស់​ក្រុម​ណាតូ។

សរុប​ទៅ កត្តា​ទាំងអស់​នេះ​អាច​នាំ​ឲ្យ​បុរស​ខ្លាំង​នៅ​បេឡារុស​ម្នាក់​នេះ​ចាប់ផ្ដើម​ដោះដូរ​ជំហរ​របស់​ខ្លួន​ក្នុង​ភាព​ជា​អាយ៉ង​របស់​មេដឹកនាំ​រុស្ស៊ី លោក ពូទីន ចំពោះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ បើ​លោក​ធ្លាក់​ក្នុង​ការ​ទាញ​របស់​រុស្ស៊ី ក្នុង​សង្គ្រាម​អ៊ុយក្រែន ក៏​នាំ​ឱ្យ​អំណាច​របស់​លោក​ផុយ​ស្រួយ ហើយ​ក្រុម​បក្សពួក​របស់​លោក​ទាំងអស់ ក៏​នឹង​គ្រោះថ្នាក់​ជាមួយ​នឹង​ការ​អស់​អំណាច​របស់​លោក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស