កូនប្រុសច្បងមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លើកឡើងថា កេរដំណែលក្រោមការដឹកនាំរបស់ឪពុកលោក គឺលោក ហ៊ុន សែន ក្រោយដឹកនាំប្រទេសជាង ៤០ឆ្នាំ បានបន្សល់ឱ្យកម្ពុជានូវសមិទ្ធផលដ៏ធំធេង គឺសុខសន្តិភាព និងការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត បានបញ្ចេញវីដេអូឃ្លីបមួយកាលពីថ្ងៃទី១៦ កុម្ភៈ ថា កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈពេល ៤៣ឆ្នាំ ទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះឪពុករបស់លោកនឹងមិនបំផ្លាញចោលនូវសមិទ្ធផលដែលជាស្នាដៃរបស់ខ្លួនដែលខិតខំកសាងកន្លងមកនោះទេ។
កូនប្រុសបង្កើតមេដឹកនាំក្រាញអំណាចបំផុតនៅកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា ការអភិវឌ្ឍ និងការរីកចម្រើននៅទីក្រុងភ្នំពេញ ដូចជាតំបន់កោះពេជ្រ និងទីតាំងផ្សេងទៀត សុទ្ធសឹងតែជាស្នាដៃនៃការដឹកនាំរបស់លោក ហ៊ុន សែន ទាំងអស់។
លោកបន្ថែមថា កាលពីមុនមិនមានការអភិវឌ្ឍអ្វីនោះទេនៅតំបន់ទាំងនេះ ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍ មានអគារទំនើប មានផ្សារទំនើបជាច្រើន ដែលការអភិវឌ្ឍទាំងនេះបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរច្រើនណាស់។
កូនប្រុសច្បងបុរសខ្លាំងខាងគំរាមសម្លាប់ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីកើតមានសមិទ្ធផលទាំងនេះ លោក ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចជួយកសាងជាតិគ្រប់កាលៈទេសៈទម្រាំមានថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងផ្ទុយស្រឡះពីការមើលឃើញរបស់មជ្ឈដ្ឋានទូទៅដែលរិះគន់ថា កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ មានតែបែកបាក់ជាតិ បាត់បង់ទឹកដី ជំពាក់បរទេស រំលោភច្បាប់ និងបង្កើតនូវអំពើនិទ្ទណ្ឌភាព ជាដើម។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កុម្ភៈ នេះថា បើមើលតែមួយជ្រុង ហើយនិងមានចេតនាភូតកុហកផងនោះ លោក ហ៊ុន ម៉ាណែត អាចនិយាយបានថា សមិទ្ធផលនានានៅកម្ពុជាសព្វថ្ងៃនេះជាស្នាដៃរបស់លោក ហ៊ុន សែន ប៉ុន្តែសំណួរមួយដែលគេត្រូវតែសួរថា ហេតុអ្វីនៅមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ លោក ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាតាំងឆ្នាំ១៩៨៥ ក្រោយវៀតណាមលើកបន្តុប ម្តេចក៏មិនកសាងប្រទេសកម្ពុជាឲ្យដូចសព្វថ្ងៃនេះ។
លោក គឹម សុខ លើកឡើងថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានទទួលការជួយជ្រោមជ្រែងច្រើនណាស់ពីសហគមន៍អន្តរជាតិក្រោមស្មារតី និងកិច្ចព្រមព្រៀងនៃកិច្ចសន្យាអន្តរជាតិមួយនេះ ក្នុងនោះមានទាំងជំនួយឥតសំណង កម្ចីមានការប្រាក់ទាប ជំនួយអនុគ្រោះសេដ្ឋកិច្ចពាណិជ្ជកម្ម ដូចជា GSP របស់សហរដ្ឋអាមេរិក និង EBA របស់សហភាពអឺរ៉ុប ជាដើម។
លោកបន្ថែមថា ជំនួយមនុស្សធម៌ដ៏ធំធេងបែបនេះ កម្ពុជាមិនដែលបានទទួលទេនៅមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះលោក ហ៊ុន ម៉ាណែត គួរសិក្សាពីប្រវត្តិសាស្ត្រឡើងវិញ។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ការពិតលោក ហ៊ុន សែន ទៅវិញទេដែលជាមេរោគធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍរបស់កម្ពុជា ព្រោះតែការដឹកនាំតាមបែបរដ្ឋប្រហារអចិន្ត្រៃយ៍រំលោភច្បាប់គ្រប់បែបយ៉ាង ទើបត្រូវសហគមន៍អន្តរជាតិដកសេចក្តីទុកចិត្តកាត់បន្ថយជំនួយមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកម្ពុជាត្រឡប់ទៅវិញ។
លោក គឹម សុខ គូសបញ្ជាក់ថា បើមិនមានមេដឹកនាំដូចលោក ហ៊ុន សែន កម្ពុជានឹងមានការរីកចម្រើនដូចប្រទេសម៉ាឡេស៊ី ក្នុងពេលបច្ចុប្បន្ននេះ បើគិតចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មក។ តែផ្ទុយទៅវិញ កម្ពុជាបានធ្លាក់ដុនដាបទៅជាប្រទេសក្រីក្រ ដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់លោក ហ៊ុន សែន អស់រយៈពេលជាង ៤០ឆ្នាំមកនេះ។
កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្រោយវៀតណាមលើកបន្តុបធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ ត្រូវគេមើលឃើញថា ប្រទេសដ៏កម្សត់នេះបានធ្លាក់ទៅក្នុងគ្រោះថ្នាក់ដែលអាចនឹងបាត់បង់ប្រទេសទាំងមូលនៅថ្ងៃអនាគត ដូចជា៖
- ការចុះហត្ថលេខាឱ្យជនជាតិវៀតណាមឱ្យទៅរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់
- ការចុះហត្ថលេខាកំណត់ព្រំដែនទឹក និងគោកជាមួយវៀតណាមដោយខុសច្បាប់
- ការកែប្រែផែនទីដោយខុសច្បាប់
- និងការកាត់កោះត្រល់ រួមទាំងចង្កោមកោះនានាឱ្យវៀតណាមដោយខុសច្បាប់ ជាដើម៕