33 C
Phnom Penh

ចិន​សន្យា​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន​ទៀត​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ថាមពល​ស្អាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ថាមពល​ស្អាត ឬ​ហៅថា Clean Energy ដើម្បី​ឱ្យ​កម្ពុជា​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិធាន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ កុម្ភៈ ថា ចំពោះ​វិស័យ​ថាមពល ភាគី​ចិន​នឹង​បន្ត​លើក​ទឹកចិត្ត​សហគ្រាស​ដែល​មាន​លទ្ធភាព​មក​វិនិយោគ​នូវ​វិស័យ​ថាមពល​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ផ្ដោត​លើ​វិស័យ​ថាមពល​វារីអគ្គិសនី ថាមពល​ដើរ​ដោយ​ពន្លឺ និង​ប្រភព​ថាមពល​ស្អាត​ដទៃ​ទៀត។

ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​លើកឡើង​ថា កម្ពុជា​មាន​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ធ្ងន់ធ្ងរ​នៅ​រដូវប្រាំង ហើយ​ប្រទេស​ចិន​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​នេះ និង​ផ្តល់​នូវ​ប្រភព​ថាមពល​ប្រកប​ដោយ​ស្ថិរភាព​ផង​ដែរ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ភាគី​ទាំង​ពីរ​កំពុង​ពិគ្រោះ និង​ពិភាក្សា​អំពី​គម្រោង​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ទុកចិត្ត​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន រយៈពេល ៣​ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន​ផង​ដែរ ជាពិសេស​លើ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដែល​ជា​កម្ចី និង​ជំនួយ​នានា​របស់​ចិន។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ចិន​សន្យា​ថា​នឹង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​នេះ ជាពិសេស​ក្រោយ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ពេល​ចុងក្រោយ​នេះ។

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក សម្ដែង​ការ​ព្រួយបារម្ភ​ថា កម្ចី​និង​អំណោយ​នានា​ដែល​លោក ហ៊ុន សែន ទទួល​បាន​រាប់​សែន​លាន​ដុល្លារ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ អាច​ជា​ថ្នូរ​នឹង​ការ​ប្រគល់​សម្បត្តិ​ជាតិ​ខ្មែរ​ឲ្យ​ភាគី​ចិន ដើម្បី​ទូទាត់​បំណុល​ក្នុង​រូបភាព​បន្លំ​ជា​វិនិយោគ​នានា​នៅ​កម្ពុជា។

ប្រភព​ដដែល​លើកឡើង​ថា ពួកគេ​បាន​ទទួល​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ជុំវិញ​កម្ចី​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ចុងក្រោយ​នេះ ហើយ​ការ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ក៏​មាន​ភាព​សមហេតុ​សមផល​ដែរ ព្រោះ​ថា​បើ​ផ្អែកលើ​ស្ថានភាព​ដុនដាប​នៃ​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ ភាគី​ចិន​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លទ្ធភាព​សង​បំណុល​ឱ្យ​ចិន​វិញ​តាម​កំណត់​នោះ​ទេ គឺ​មាន​តែ​ខ្ចី​ថែម​ប៉ុណ្ណោះ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា តាម​ស្ថានភាព​កម្ពុជា​នៅ​ពេលនេះ គ្មាន​មូលហេតុ​សម​ទំនង​ណា​ដែល​អាច​ឲ្យ​ចិន​ផ្ដល់​អំណោយ និង​កម្ចី​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​របស់​គាត់​នោះ​ទេ។

ប្រភព​ដដែល​បន្ថែម​ថា ទាល់​តែ​លោក ហ៊ុន សែន យល់ព្រម​យក​ទ្រព្យ​របស់​កម្ពុជា​ធ្វើ​ជា​ថ្នូរ​ដើម្បី​សង​បំណុល​ក្នុង​រូបភាព​វិនិយោគ​នានា ដូចជា​ការ​វិនិយោគ​លើ​ព្រលាន​យន្តហោះ វិនិយោគ​លើ​កំពង់ផែ វិនិយោគ​លើ​រ៉ែ ដូចជា​នៅ​ខេត្ត​កែប ព្រះសីហនុ ខេត្ត​កោះកុង និង​ខេត្ត​ដទៃ​ទៀត ជាដើម។ ជាង​នេះ​ទៀត ការ​វិនិយោគ​ទាំងនោះ​នឹង​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​ចិន កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​កម្រាស់ ១៣៧​ទំព័រ​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ចិន និង​កម្ពុជា ដើម្បី​បង្កើន​ថាមពល​សម្រាប់​ប្រើប្រាស់ ដូចជា​នៅ​ទន្លេសេសាន​ក្រោម​២ ជាដើម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ​មិន​ទទួល​បាន​ការ​គិតគូរ​ពី​រដ្ឋាភិបាល។

អង្គការ​អន្តរជាតិ Human Rights Watch អះអាង​ថា ដោយសារតែ​គម្រោង​នេះ ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​គ្រួសារ​បាន​ផ្លាស់​ទី​ចាកចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ និង​មិន​ទទួល​បាន​សំណង​គ្រប់គ្រាន់​ចំពោះ​ការ​ខូចខាត​លើ​ទ្រព្យសម្បត្តិ និង​ការ​បាត់បង់​ប្រាក់ចំណូល​នោះ​ទេ ខណៈ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​ផ្នែក​ខាងលើ និង​ខាងក្រោម​នៃ​ទំនប់​វារីអគ្គិសនី​នោះ គឺ​មិន​ទទួល​បាន​សំណង ឬ​ជំនួយ​អ្វី​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស