តុលាការកំពូលក្រុងភ្នំពេញ សម្រេចប្រកាសបណ្តឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅសប្តាហ៍ក្រោយ ជុំវិញបណ្តឹងលើសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ជីវ កេង បើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយមានវត្តមានមេធាវីការពារក្តីគណបក្សប្រជាជនកម្ពុជា និងមេធាវី គ.ជ.ប ព្រមទាំងមានវត្តមានលោក សុន ឆ័យ និងមេធាវីការពារក្តី ២រូបរបស់លោកផងដែរ។ ប៉ុន្តែក្រោយដំណើរសវនាការពេញមួយព្រឹក តុលាការសម្រេចថានឹងប្រកាសបណ្តឹងសារទុក្ខរបស់អនុប្រធានបក្សភ្លើងទៀនរូបនេះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ក្រោយពីសាលាដំបូង និងសាលាឧទ្ធរណ៍កាត់ក្តីឲ្យលោកចាញ់ក្នុងសំណុំរឿងដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប កាលពីពេលកន្លងទៅ។
កាលពីអំឡុងឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ទាក់ទិននឹងការលើកឡើងជុំវិញភាពមិនប្រក្រតីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងទៅ ដោយលោកប្រៀបធៀបថាដូចជាចោរលួចគោលួចក្របី។
ក្រោយការប្តឹងផ្តល់របស់បក្សកាន់អំណាច និង គ.ជ.ប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងនេះ ដោយសម្រេចផ្ដន្ទាទោសលោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀលចូលថវិការដ្ឋ និងតម្រូវឲ្យធ្វើលិខិតសុំទោសទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសាធារណៈថែមទៀតសម្រាប់សំណុំរឿងដែលប្តឹងដោយ គ.ជ.ប។
ចំណែកសំណុំរឿងដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវតុលាការសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀលចូលថវិការដ្ឋ និងបង្គាប់ឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តទៅភាគីដើមបណ្ដឹង គឺគណបក្សប្រជាជនកម្ពុជាចំនួន ៣ពាន់លានរៀលផងដែរ ដែលស្មើនឹងប្រមាណជា ៧៥ម៉ឺនដុល្លារអាមេរិក។
ក្រោយប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ បានសម្រេចប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញបន្តទៀត ប៉ុន្តែនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ ទុកជាបានការដដែល។
ជាងនេះទៀត សាលាឧទ្ធរណ៍បានសម្រេចពិន័យជាទឹកប្រាក់កាន់តែច្រើនបន្ថែមទៀតលើលោក សុន ឆ័យ ទៅវិញ ក្នុងនោះការសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ ៨លានរៀលនៅសាលាដំបូង ត្រូវបន្ថែមទៅជា ១០លានរៀលវិញ និងការពិន័យសងជំងឺចិត្ត ៣ពាន់លានរៀលរបស់សាលាដំបូង ត្រូវបន្ថែមទៅជា ៤ពាន់លានរៀលវិញ ដែលស្មើនឹងប្រមាណជា ១លានដុល្លារអាមេរិក។
ក្រោយការសម្រេចរបស់សាលាឧទ្ធរណ៍ លោក សុន ឆ័យ បានសម្រេចប្តឹងទៅតុលាការកំពូលបន្តទៀតកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែក្រោយការសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី១៧ កុម្ភៈ នេះ ដែលគ្រោងនឹងប្រកាសបណ្តឹងសារទុក្ខរបស់លោកនៅសប្តាហ៍ក្រោយ ត្រូវគេកត់សម្គាល់ឃើញថា ប្រហែលជាពុំមានសញ្ញាវិជ្ជមានសម្រាប់រូបលោកនោះទេ។
ជុំវិញបញ្ហានេះ ក្រោយពីតុលាការកាត់ឲ្យចាញ់ក្ដីជាបន្តបន្ទាប់ កាលពីខែធ្នូ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាសម្រេចរឹបអូសផ្ទះ ២កន្លែងរបស់លោក សុន ឆ័យ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបជាបណ្ដោះអាសន្នផងដែរ ក្រោមហេតុផលថា លោក សុន ឆ័យ មិនបានអើពើចំពោះការសម្រេចក្តីរបស់តុលាការដែលសម្រេចឲ្យអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាលរូបនេះសងជំងឺចិត្តទៅគណបក្សកាន់អំណាច។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីពិនិត្យដំណើរការនៃការសាងសង់មន្ទីរពេទ្យថ្មីមួយនៅរាជធានីភ្នំពេញ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានថា អ្នកដែលចោទថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត គឺត្រូវតែប្តឹង ដោយគ្មានករណីលើកលែងដាច់ខាត។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ក្រោយផុតពីតួនាទីជាប្រធានអាស៊ាន លោក ហ៊ុន សែន បានបង្កើននូវការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពសារព័ត៌មាន និងសេរីភាពនយោបាយកាន់តែខ្លាំង ក្នុងនោះមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ដូចជាលោក សុន ឆ័យ លោក គង់ គាំ និងលោក ថាច់ សេដ្ឋា សុទ្ធតែត្រូវរងនូវបន្តឹង និងត្រូវលោក ហ៊ុន សែន រឹបអូសទ្រព្យសម្បត្តិថែមទៀត ដែលគេអាចសម្គាល់បានថាជាផែនការបង្ក្រាបបក្សក្រៅរដ្ឋាភិបាលមុននឹងការបោះឆ្នោតជាតិឈានចូលមកដល់នាពេលខាងមុខនេះ៕