ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ បានចេញមុខថ្កោលទោសអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ពីបទប្រមាថអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី ម្តងហើយម្តងទៀត។
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ព្រះមហាក្សត្រខ្មែរជាព្រះនិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយព្រះអង្គតែងតែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយរបស់កម្ពុជា។ ជាងនេះទៅទៀត ព្រះអង្គតែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរផងដែរ។
ការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានចោទជាសំណួរជាច្រើនទៅកាន់ព្រះមហាក្សត្រខ្មែរកាលពីពេលថ្មីៗនេះ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រសួងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា បាននាំគ្នាចេញលិខិតថ្កោលទោសអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះចោទសួរសំណួរទៅកាន់ព្រះមហាក្សត្រ ដែលមានខ្លឹមសារធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិយសរបស់ព្រះអង្គកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។
លោក សម រង្ស៊ី បានចោទសួរថា៖
- តើហេតុអ្វីបានជាព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទនរោត្តម សីហមុនី យល់ព្រមធ្វើតាមបញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ដោយ បិទព្រះនេត្រមិនទទួលស្គាល់ការពិត ហើយមិនខ្វល់ព្រះទ័យពីទុក្ខសោករបស់ប្រជារាស្ត្រ?
- តើព្រះអង្គជ្រាបទេថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាសភាពតាមការចាត់ចែងរបស់បក្សកាន់អំណាចសព្វថ្ងៃ ហើយធ្វើតាមតែបញ្ជារបស់គណបក្សនេះក្នុងការជួយលួចបន្លំសន្លឹកឆ្នោតតាមតែទំនើងចិត្តរហូតមកនោះ?
- តើព្រះអង្គជ្រាបទេថា ការបោះឆ្នោតមុនៗរហូតមកដល់ថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការលួចបន្លំសន្លឹកឆ្នោត ដែលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជារាស្ត្រខ្មែរដែលចង់បានការផ្លាស់ប្ដូរនោះ?
មាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រខ្មែរមិនអាចនរណារំលោភបំពានបានឡើយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើលោក សម រង្ស៊ី នៅមានគំនិតថាខ្លួនឯងជាអ្នកប្រជាធិបតេយ្យដឹកនាំនយោបាយដើម្បីជាតិ ដើម្បីទឹកដីបន្តទៀតនោះ គាត់មិនគួរធ្វើសកម្មភាពនយោបាយដោយការរំលោភបំពានច្បាប់ និងរំលោភព្រះមហាក្សត្រខ្មែរដូចលោក ហ៊ុន សែន ធ្លាប់ធ្វើនោះទេ ហើយថាលោក សម រង្ស៊ី គួរតែធ្វើជាគំរូល្អសម្រាប់ពលរដ្ឋ និងកែប្រែរបៀបដឹកនាំនយោបាយរបស់ខ្លួនឱ្យស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ នោះទើបជារឿងត្រឹមត្រូវ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលតែងប្រមាថព្រះមហាក្សត្រមិនចាញ់លោក សម រង្ស៊ី ប៉ុន្មាននោះដែរ គឺមានតែខ្លាំងជាង ព្រោះថាលោក ហ៊ុន សែន មិនត្រឹមតែមិនគោរពព្រះរាជកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រខ្មែរបច្ចុប្បន្នដែលកំពុងគ្រងរាជ្យនេះទេ តែគាត់តែងតែប្រឆាំងនឹងព្រះរាជគំនិតរបស់ព្រះអង្គរហូតដល់រំលោភព្រះរាជតួនាទីរបស់ទ្រង់ថែមទៀត។
ជាក់ស្តែង កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើសម្ដេចព្រះបាទ នរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្ដីពីព្រំដែនកម្ពុជា-វៀតណាម ដើម្បីឱ្យបក្សកាន់អំណាចអាចចុះកិច្ចព្រមព្រៀងខុសច្បាប់នានាជាមួយរដ្ឋាភិបាលវៀតណាម បានបន្តទៀតទេនោះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ការលើកឡើងពីព្រះមហាក្សត្រ មិនមែនដើម្បីគ្រាន់តែប្រមាថកាតទានលើព្រះអង្គនោះទេ តែដើមហេតុ គឺអ្នកមានអំណាច និងស្ថាប័នរដ្ឋពាក់ព័ន្ធមិនបានឲ្យតម្លៃដល់ព្រះរាជសិទ្ធិ និងអំណាច ព្រមទាំងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដូចមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ៕