27.5 C
Phnom Penh

កម្ពុជា​ថា​ការ​ថ្លែង​របស់​អ្នក​ជំនាញ​UN​ជុំវិញ​ការ​បិទ​VOD​គ្មាន​មូលដ្ឋាន​និង​មាន​លក្ខណៈ​នយោបាយ​ខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) ច្រានចោល​ការ​លើកឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចំនួន ៣​រូប ជុំវិញ​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​លក្ខណៈ​នយោបាយ ដោយ​ចាត់ទុក​ចំណាត់ការ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ស្រប​ច្បាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ នា​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ចោទប្រកាន់​ទៅ​លើ​អ្នក​រាយការណ៍​ពិសេស UN ទាំង ៣​រូប ថា​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដោយ​លម្អៀង និង​មាន​ការ​រើសអើង​ពាក់ព័ន្ធ​ស្ថានីយ​វិទ្យុ VOD។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ UN បាន​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចំនួន ៣​រូប​ប្រចាំ​កម្ពុជា ដែល​ថា​វិធានការ​បិទ​សារព័ត៌មាន​វីអូឌី​នេះ នឹង​ធ្វើ​ឲ្យ​លែង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ថា​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ​ខ្ពស់។

ទោះបីជា​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីអូឌី​ភ្លាមៗ​បន្ទាប់ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន ក៏ដោយ ក៏​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ UN ក៏​បាន​ចេញ​មុខ​ការពារ​ពី​វិធានការ​បិទ​សារព័ត៌មាន VOD ថា​ជា​ចំណាត់ការ​ដែល​ធ្វើឡើង​ស្រប​ច្បាប់​ទៅវិញ ខណៈ​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​សារព័ត៌មាន VOD ដោយ​ប្រើ​ពេលវេលា​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ ដែល​វិធានការ​នេះ​ធ្វើឡើង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ ព្រមទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង​ដែរ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ UN ដដែល​ថា កម្ពុជា​គាំពារ​សារព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​រំលោភ​សិទ្ធិ​របស់​អ្នក​ដទៃ និង​មិន​បំភ្លៃ​ការពិត ហើយ​កម្ពុជា​ប្ដេជ្ញា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ ដែល​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

ទោះបីជា​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ UN បាន​ចេញ​មុខ​ការពារ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ក៏​ពិត​មែន ប៉ុន្តែ​កាលពី​ខែ​មករា កន្លងទៅ​នេះ ក្រសួង​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​ថា ការ​ឃុំ​ខ្លួន និង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ជា​រឿង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ»

ក្រោយពី​មាន​ការ​ចុះផ្សាយ​បែប​នេះ គណបក្ស​ភ្លើង​ទៀន​ក៏​បាន​ចេញ​ប្រតិកម្ម ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​នា​ពេល​នោះ​ថា​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ទោះបីជា​ក្រសួង​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ច្បាប់​ទៅ​លើ​ក្រសួង​ឡើយ។

តែ​យ៉ាងណាក៏ដោយ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ UN ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ឡើងវិញ ដើម្បី​បើក​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​និយាយ​អំពី​ការ​រិះគន់​នានា​នៅ​មុន​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ទាំង ៣​រូប បាន​បង្ហាញ​ក្ដី​បារម្ភ និង​ចាត់ទុក​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ថា​ធ្វើឡើង​ដោយ​គ្មាន​ដំណើរការ​ត្រឹមត្រូវ ហើយ​មាន​ឥទ្ធិពល​ភ្លាមៗ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ដែល​មាន​សារសំខាន់​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

ពួកគេ​ថា ការ​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ភ្លាមៗ​នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​កម្ពុជា សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​នេះ គឺ​មិន​មាន​ទៀត​ទេ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា​ដែល​ហ៊ាន​និយាយ និង​រាយការណ៍​រិះគន់​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ត្រូវ​បាន​បិទ​ដែល​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស