កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ។ (រូបថត​ពី​វេបសាយ Cambonomist)

កសិកម្ម

មជ្ឈមណ្ឌល​មួយ​គ្រោង​ទទួល​ទិញ​កសិផល​ពី​សហគមន៍​ខេត្ត​ជាប់​ភ្នំពេញ​ដើម្បី​ធានា​តម្លៃ​របស់​កសិករ

By ឌឹ ខេមបូឌា ដេលី

February 24, 2023

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា គ្រោង​បើក​ផ្សារ​សុភ័ក្ត្រមិត្ត ដើម្បី​ទទួល​ទិញ​បន្លែ ផ្លែឈើ និង​កសិផល​ផ្សេងៗ​ពី​បណ្តា​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ជាប់​ទីក្រុង​ភ្នំពេញ ឱ្យ​បាន​ប្រមាណ ៥០០​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ជូន​កសិករ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​បណ្ដាញ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម​នៅ​សហគមន៍​ជនបទ​ឱ្យ​មាន​និរន្តរភាព។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា ចេញ​សេចក្ដី​ជូនដំណឹង​នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថា បច្ចុប្បន្ន​នេះ កសិករ​តែងតែ​ត្អូញត្អែរ​អំពី​បញ្ហា​ទីផ្សារ​កសិកម្ម​ក្នុង​ការ​លក់​កសិផល​ដែល​កសិករ​ផលិត​បាន ផ្សារ​សុភ័ក្ត្រមិត្ត​នឹង​ប្រមូល​ទិញ​បន្លែ ផ្លែឈើ និង​កសិផល​ផ្សេងៗ​ពី​បណ្តា​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្ត​គោលដៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងនេះ។

ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខាងលើ មជ្ឈមណ្ឌល​បាន​ប្ដេជ្ញា​ចិត្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​កសិកម្ម ក្នុង​បំណង​ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិតផល​ក្នុង​ស្រុក ពង្រីក​ទីផ្សារ​កសិកម្ម​ជូន​កសិករ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​បណ្ដាញ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម​នៅ​សហគមន៍​ជនបទ ឱ្យ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​មុខ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា បញ្ជាក់​ថា បេសកកម្ម​របស់​ខ្លួន​មាន​ទិសដៅ​សំខាន់​មួយ​ចំនួន ដូចជា​គ្រប់​អាជីវករ​គោលដៅ​ត្រូវ​បាន​ពង្រឹង​សមត្ថភាព​ឲ្យ​យល់ដឹង​អំពី​ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​ឌីជីថល បញ្ជ្រាប និង​លើក​កម្ពស់​សមភាព​យេនឌ័រ​តាមរយៈ​នៃ​ការ​ផ្តល់​ចំណេះដឹង​អភិវឌ្ឍន៍​អាជីវកម្ម និង​គំនិត​ផ្ដួចផ្ដើម​បង្កើត​សហគមន៍​បៃតង ជាដើម នៅ​ថ្ងៃ​អនាគត។

ជា​រៀងរាល់​ឆ្នាំ កសិផល​មួយ​ចំនួន​ដូចជា ផ្លែ​ល្ពៅ ដំឡូងមី ពោត និង​កសិផល​ផ្សេងៗ​ទៀត ត្រូវ​បាន​ចាក់​គរ​ទុក​ចោល​តាម​ដងផ្លូវ​ក្នុង​ចម្ការ និង​តាម​ទីផ្សារ​នានា ដើម្បី​រង់ចាំ​ឈ្មួញ​ប្រមូល​ទិញ ដោយ​រំពឹង​ថា​នឹង​អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យ ប៉ុន្តែ​ការ​រំពឹង​ទុក​របស់​កសិករ​តែងតែ​មិន​សម​តាម​បំណង​នោះ​ទេ គឺ​ឈ្មួញ​តែង​ទម្លាក់​តម្លៃ​កសិផល​ទាំងនោះ​តាម​តែ​អំពើ​ចិត្ត​ដែល​មិន​អាច​ឱ្យ​កសិករ​អាច​ទទួល​បាន​ប្រាក់​ចំណេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ធ្លាប់​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ទីផ្សារ​បន្លែ​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ទាប​ដែល​មិន​អាច​ធ្វើ​ឲ្យ​កសិករ​មាន​ចំណូល​រួច​នឹង​តម្លៃ​ដើម ខណៈ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត​នៅឡើយ។

លោក ថេង សាវឿន បញ្ជាក់​ថា បើ​ពិនិត្យ​ទៅ​លើ​វិធី និង​យុទ្ធសាស្ត្រ​នៃ​ការ​ផលិត និង​ដាំ​បន្លែ​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ​តាម​អ្វី​ដែល​គាត់​ចេះ​ពី​គ្រួសារ មិន​មាន​លក្ខណៈ​បច្ចេកទេស និង​មាន​ការ​គាំពារ​ពី​រដ្ឋ និង​អ្នក​ជំនាញ​កសិកម្ម​នោះ​ទេ ដូច្នេះ​ពួកគាត់​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ក្នុង​ការ​ផលិត​ដែល​ពិបាក​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ពី​មុខរបរ​នេះ។

ចំណែក​ប្រធាន​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ឆេង វណ្ណារិទ្ធិ ធ្លាប់​បាន​អះអាង​ថា បញ្ហា​ទីផ្សារ​សម្រាប់​បន្លែ​ផ្លែឈើ​របស់​កសិករ​ខ្មែរ គឺ​បណ្តាល​មកពី​កត្តា​មួយ​ចំនួន ដូចជា​កត្តា​បច្ចេកទេស​ផលិតកម្ម​នៅ​មាន​កម្រិត​ទាប និង​វត្ថុធាតុដើម​មាន​តម្លៃ​ខ្ពស់ ជាដើម ខណៈ​ទីផ្សារ​សម្រាប់​កសិផល​ទាំងនេះ​គ្មាន​ការ​កំណត់​ជាក់លាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ។

សព្វថ្ងៃ​នេះ កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ប្រមាណ​ជា ៩០០​តោន​ក្នុង​មួយ​ថ្ងៃ ខណៈ​បន្លែ​នាំចូល​ទាំងនោះ​មាន​តម្លៃ​ថោក​ជាង​បន្លែ​ក្នុង​ស្រុក ដែល​ធ្វើ​ឱ្យ​តម្លៃ​បន្លែ​ផ្លែឈើ​ក្នុង​ស្រុក​ពិបាក​រក​ទីផ្សារ​នៅ​ពេល​កសិករ​ខ្មែរ​ប្រមូល​ផល​ម្តងៗ៕