គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា អំពីការអនុវត្តច្បាប់ ការអនុវត្តសិទ្ធិនយោបាយ និងការលើកកម្ពស់សិទ្ធិមនុស្សក្នុងកិច្ចប្រជុំស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២២ កុម្ភៈ។
ក្រុមសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រាជរដ្ឋាភិបាលកម្ពុជាតែងខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងយុទ្ធសាស្ត្រនានា រួមទាំងការអនុវត្តដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិជានិច្ច។
ប្រភពដដែលលើកឡើងថា សមាជិកនៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស និងបានផ្ដល់ជាអនុសាសន៍សម្រាប់ការអនុវត្តបន្ថែមទៀត ដើម្បីជំរុញឱ្យវិស័យសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត។
ក្រុមនេះបញ្ជាក់ថា ការការពាររបាយការណ៍នេះជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តងសម្រាប់តាមដាន និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ដែលជាសមាជិករបស់ខ្លួន។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំលើកទី៧៣ នៅទីក្រុងហ្សឺណែវ ដោយពិភាក្សាលើប្រធានបទ ៤ផ្នែកសំខាន់ៗ រួមមាន៖
- ផ្នែកទី១ ផ្ដោតទៅលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ជនជាតិដើមភាគតិច ការចុះបញ្ជីដីធ្លីរបស់ជនជាតិដើមភាគតិច វិធានការប្រឆាំងអំពើពុករលួយ វិធានការ ឬគោលនយោបាយប្រឆាំងនឹងការរើសអើង និងសិទ្ធិស្ត្រី និងសមភាពយេនឌ័រ។
- ផ្នែកទី២ គឺផ្ដោតទៅលើសិទ្ធិការងារ ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ សិទ្ធិសហជីព និងមូលនិធិសន្តិសុខសង្គម។
- ផ្នែកទី៣ គឺលើកឡើងអំពីការប្រឆាំងអំពើជួញដូរមនុស្ស សន្តិសុខស្បៀង សណ្ដាប់ធ្នាប់សាធារណៈ និងលំនៅឋាន ការបណ្តេញចេញ និងការផ្លាស់ទីលំនៅដោយបង្ខំ និងក្របខ័ណ្ឌច្បាប់ស្ដីពីសុខភាពផ្លូវចិត្តផងដែរ។
- ផ្នែកទី៤ គឺផ្ដោតលើសិទ្ធិទទួលការអប់រំ និងសិទ្ធិវប្បធម៌ថែមទៀត។
ក្នុងរយៈពេលចុងក្រោយនេះ មុននឹងការបោះឆ្នោតឆ្នាំ២០២៣ មកដល់ ត្រូវគេមើលឃើញថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានគំរាមកំហែងសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិនយោបាយ សេរីភាពសារព័ត៌មាន សិទ្ធិការងារ និងបន្តចាប់ខ្លួនសកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស មេដឹកនាំសហជីព និងសកម្មជននយោបាយដែលរិះគន់ការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួនជាបន្តបន្ទាប់។
កាលពីចុងឆ្នាំ២០២២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែល ព្រោះថាលំហសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែកម្ពុជាស្ថិតក្នុងការគ្រប់គ្រងតាមបែបឯកបក្សសព្វថ្ងៃនេះ។
ចំណែកអង្គការ Freedom House បានចេញសេចក្តីរាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានលោក ហ៊ុន សែន គ្រប់គ្រងផ្តាច់មុខទាំងស្រុង ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា៕