30 C
Phnom Penh

លោក ហ៊ុន សែន ទាត់​ចោល​ការ​សុំទោស​របស់​លោក សុន ឆ័យ រឿង​ចោទ​លួច​សន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាត់​ចោល​ការ​បដិសេធ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ថា​ខ្លួន​មិន​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត ទោះ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​សូម​ទោស​ជា​សាធារណៈ​ក៏ដោយ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​តែង​គំរាម​ប្តឹង​អ្នក​ដែល​ចោទ​បក្ស​ខ្លួន​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក ហ៊ុន សែន ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ខ្លួន​ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ​ថា លោក​មិន​អាច​ទទួល​យក​ការ​សុំទោស​របស់​លោក សុន ឆ័យ បាន​ឡើយ ព្រោះ​លោក​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​លួច​សន្លឹកឆ្នោត​បាន​ទេ។

លោក ហ៊ុន សែន បន្ថែម​ថា លោក​ចង់​បញ្ចប់​វប្បធម៌​លាប​ពណ៌ និង​ការ​ប្រមាថ​នេះ​ឱ្យ​អស់​ពី​ឆាក​នយោបាយ​នៅ​កម្ពុជា។

បុរស​ខ្លាំង​ខាង​ចាប់​ចង​តែ​ខ្មែរ​គ្នា​ឯង​រូប​នេះ លើកឡើង​ថា លោក​ធ្លាប់​ទុក​ឱកាស​ឱ្យ​ពួកគេ​សុំទោស​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​រឿង​ច្រំដែល​នៅតែ​កើតមាន​ដដែល ដូច្នេះ​ជម្រើស​គឺ​មាន​តែ​បញ្ចប់​វប្បធម៌​ច្រំដែល​នេះ និង​ទុក​ឱ្យ​ពួកគេ​សូមទោស​តាម​ផ្លូវ​តុលាការ​ទៅ​ចុះ ដើម្បី​ឲ្យ​មនុស្យ​អាក្រក់​រាងចាល​ទៅ​ថ្ងៃ​ក្រោយ។

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​គំរាម​ក្រុម​ប្រឆាំង​លោក ហ៊ុន សែន រំលឹក​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៉ី ក៏​ធ្លាប់​សូមទោស​លោក ហើយ​លោក​ក៏​ធ្លាប់​លើកលែង​ទោស​ឱ្យ​ដែរ ប៉ុន្តែ​នៅ​ទីបំផុត មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​ប្រើ​វប្បធម៌​លាប​ពណ៌​របស់​ខ្លួន​ដដែល។

លោក ហ៊ុន សែន បញ្ជាក់​ថា អ្នកគាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​ចរិត​មិន​ខុស​គ្នា​នោះ​ទេ ដូច្នេះ​លោក​ត្រូវតែ​ប្រើ​ផ្លូវច្បាប់​ដើម្បី​បញ្ចប់​រឿង​ច្រំដែល​នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ចេញ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​លោក ហ៊ុន សែន ដោយ​បដិសេធ​នូវ​ការ​ចោទប្រកាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចោទ​ថា លោក​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត​នោះ គឺជា​រឿង​មិន​ពិត​ទាល់តែសោះ។

លោក សុន ឆ័យ លើកឡើង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាត់ទុក​សម្ដី​របស់​លោក​ដែល​បាន​លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា​បាន​ចោទ​បក្ស​កាន់​អំណាច​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក​សុខចិត្ត​ចេញ​មុខ​សុំទោស​ចំពោះ​រឿង​នេះ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា លោក​មិន​ដែល​មាន​ចេតនា​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត​ទេ ហើយ​ក៏​នឹង​មិន​មាន​បំណង​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត​នៅ​ពេល​អនាគត​នោះ​ដែរ។

ការ​អះអាង​របស់​លោក សុន ឆ័យ បែប​នេះ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្តឹង​រូបលោក​ទៅ​តុលាការ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ធ្ងន់ធ្ងរ ជុំវិញ​ការ​លើកឡើង​របស់​លោក សុន ឆ័យ ទាក់ទិន​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​លោក​បាន​ប្រៀបធៀប​ថា​ដូច​គ្នា​ទៅ​នឹង​ចោរ​លួច​គោ​លួច​ក្របី​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ។

ក្រោយ​ការ​លើកឡើង​របស់​លោក សុន ឆ័យ បាន​ប៉ុន្មាន​ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្តឹង​រូបលោក​ពី​បទ បរិហារ​កេរ្តិ៍ ក្នុង​នោះ​តុលាការ​ក្រុង​ភ្នំពេញ​ចាប់តាំងពី​សាលាដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​កាត់​ក្តី​ឱ្យ​រូបលោក​ចាញ់​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ និង​ពិន័យ​ជា​ប្រាក់​តាំងពី ៧៥​ម៉ឺន​ដុល្លារ​អាមេរិក​រហូត​ដល់ ១​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​សង​ជំងឺចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​រឹបអូស​ផ្ទះ ២​កន្លែង​របស់​លោក សុន ឆ័យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ជា​បណ្ដោះអាសន្ន​ផង​ដែរ ក្រោម​ហេតុផល​ថា លោក សុន ឆ័យ មិន​បាន​អើពើ​ចំពោះ​ការ​សម្រេច​ក្តី​របស់​តុលាការ ដែល​សម្រេច​ឲ្យ​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​សង​ជំងឺចិត្ត​ទៅ​គណបក្ស​កាន់​អំណាច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស