40.6 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ ព្រមទាំង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

លោក អាង ឧត្តម មេធាវី​ម្នាក់​របស់​លោក កឹម សុខា ដែល​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​ចេញពី​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា តុលាការ​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ស្ដីពី​ការ​ដាក់​ទោស​លើ​លោក កឹម សុខា រយៈពេល ២៧​ឆ្នាំ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ។ តុលាការ​ក៏​បាន​ដក​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​ពី​លោក កឹម សុខា គឺ​គាត់​មិន​អាច​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

លោក​មេធាវី​រូប​នេះ​អះអាង​ថា ការ​សម្រេច​របស់​តុលាការ​ជា​រឿង​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​ថា ក្រុម​មេធាវី​ចង់​ប្តឹង​ជំទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍ តែ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​លោក កឹម សុខា ជា​កូនក្ដី​សិន។

សូម​រំលឹក​ថា លោក កឹម សុខា ត្រូវ​ចោទប្រកាន់​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មក ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​តាំងពី​ឆ្នាំ​២០១៩ មក បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

តុលាការ​ចំណាយ​ពេល​អស់​រយៈពេល ៥​ឆ្នាំ​កន្លះ ទម្រាំ​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​នា​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស