30 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ច្រានចោល​ការ​ចុះផ្សាយ​របស់ Fresh News ដែល​ចោទ​លោក​ជា​ភ្នាក់ងារ​CIA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន Fresh News ដែល​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ថា​លោក​គ្មាន​គំនិត និង​ផែនការ​ដូច​ការ​ចោទប្រកាន់​ដូច​ដែល​បាន​ចុះផ្សាយ​ថា​លោក​ជា​ភ្នាក់ងារ​សម្ងាត់ CIA នោះ​ទេ។

នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក មាជ សុវណ្ណារ៉ា ចេញ​វីដេអូ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ខាង​លើ​ថា ពិត​ជា​ហួសហេតុ​ពេក​ហើយ​ដែល​អង្គភាព​សារព័ត៌មាន FRESH NEWS ចុះផ្សាយ​ពី​រូបលោក​ដោយ​មិន​ផ្តល់​ឱកាស​ឱ្យ​សាមី​ខ្លួន​បាន​បកស្រាយ​ជា​មុន ស្រប​ពេល​ដែល​លោក​គ្មាន​គំនិត និង​ផែនការ​ដូច​ការ​ចោទប្រកាន់​ដែល​ខ្លួន​បាន​ចុះផ្សាយ​នោះ​ទាល់តែសោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា លោក​មាន​គោលការណ៍​នយោបាយ​ជាតិ​និយម អហិង្សា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី មិន​បង្ក​ឲ្យ​ជាតិ​សាសន៍​ខ្មែរ​គ្រប់​និន្នាការ​ឈឺចាប់​ឡើយ។ ជាង​នេះ​ទៀត កិច្ចការ​របស់​លោក គឺ​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​ជាតិ​ខ្មែរ និង​ស្វែងរក​សេចក្តី​សុខ​សន្តិភាព​ជូន​មាតុភូមិ​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា លោក​មិន​គាំទ្រ​ដាច់ខាត​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ទៅ​រក​ភាព​វឹកវរ​ដល់​សង្គម​ជាតិ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា កិច្ចការ​របស់​លោក​ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ​នយោបាយ (POLICY RESEARCH INSTITUTE) ដែល​មាន​ច្បាប់​ត្រឹមត្រូវ គ្រាន់តែ​ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ធនធាន​មនុស្ស​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ និង​ស្វែងរក​ផល​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា នេះ អង្គភាព​សារព័ត៌មាន Fresh News ដែល​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចោទ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ថា​ជា​ភ្នាក់ងារ​សម្ងាត់ CIA ដែល​គ្រោង​នឹង​រៀប​ផែនការ​បង្ក​ចលាចល​នៅ​ពេល​តុលាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​៣ មីនា។

អង្គភាព​សារព័ត៌មាន FRESH NEWS បាន​ដកស្រង់​សម្ដី​ពី​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​មួយ​ឈ្មោះ «ខ្ញុំ​ជា សម រង្ស៊ី» ថា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel ដែល​ជ្រក​ក្រោម​ស្លាក​វិទ្យាស្ថាន​ស្រាវជ្រាវ​នយោបាយ (POLICY RESEARCH INSTITUTE) ស្ថិត​នៅ​ទីក្រុង​ឡងប៊ិច (Long Beach) កំពុង​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ចលាចល​នៅ​ពេល​តុលាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​សុក្រ​នេះ។

ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​បែប​នេះ ធ្វើឡើង​ផ្ទុយ​ស្រឡះ​ពី​ការ​អះអាង​របស់​លោក មាជ សុវណ្ណារ៉ា ទាំងស្រុង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ត្រឡប់​ពី​រស់នៅ​ក្នុង​នាម​ជា​ជនភៀសខ្លួន​តាម​ព្រំដែន​ខ្មែរ-ថៃ លោក មាជ សុវណ្ណារ៉ា បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់តាំងពី​ឆ្នាំ​២០១៣ មក ប៉ុន្តែ​បន្ទាប់ពី​ឈាន​ជើង​ចូល​ក្នុង​ឆាក​នយោបាយ លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ២​ដង៖

  • លើក​ទី​១ នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ប្រកាន់​ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ដដែល​នោះ ប៉ុន្តែ​ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ៥​ខែ នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៤ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​វិញ។
  • លើក​ទី​២ លោក​ត្រូវ​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ម្តង​ទៀត​នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ពី​បទ​ចោទ​ដដែល ហើយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស និង​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨។

ក្រោយពី​មាន​សេរីភាព​តាំងពី​ឆ្នាំ​២០១៨ រហូត​ដល់​ពេលនេះ លោក មាជ សុវណ្ណារ៉ា នៅតែ​បន្ត​កិច្ចការ​នយោបាយ​របស់​លោក​ដោយ​រក្សា​គោល​ជំហរ​អហិង្សា បង្រួបបង្រួម​សាមគ្គី​ជាតិ ផ្សះផ្សា​ជាតិ មិន​យក​ខ្មែរ​គ្រប់​ភាគី​ជា​សត្រូវ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​មក​លើ​លោក មាជ សុវណ្ណារ៉ា គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញមតិ​ផង​ដែរ ដើម្បី​ទប់ស្កាត់​នូវ​ការ​រិះគន់​ដែល​អាច​នឹង​កើតមាន​ឡើង​ក្រោយ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស