30 C
Phnom Penh

លោក សម រង្ស៊ី ទាយ​ថា​សវនាការ​លោក កឹម សុខា នឹង​មិន​មាន​ការ​ប្រែប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្យាករ​ថា សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក កឹម សុខា នេះ គឺជា​រឿង​ក្តី​ដែល​ទៅ​មុខ​មិន​រួច និង​ថយ​ក្រោយ​មិន​បាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សំណុំរឿង​លោក កឹម សុខា ដែល​លោក ហ៊ុន សែន ចោទប្រកាន់​ថា​បាន​រួម​គំនិត​ក្បត់​ជាមួយ​រដ្ឋ​បរទេស កំពុងតែ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ​រហូត​មក ដូច្នេះ​លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​គ្មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​អ្វី​ទាំងអស់។

លោក សម រង្ស៊ី លើកឡើង​ថា ករណី​របស់​លោក កឹម សុខា រួម​ជាមួយ​នឹង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដែល​មិន​ប្រកប​ដោយ​សេរី និង​មិន​យុត្តិធម៌ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាត់បង់​ភាព​ស្រប​ច្បាប់​ទាំងស្រុង ហើយ​ក្នុង​ស្ថានការណ៍​បែប​នេះ លោក ហ៊ុន សែន ក៏​មិន​អាច​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​របស់​គាត់​បាន​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៩ មក បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ហើយ​សំណុំរឿង​នេះ​នឹង​ត្រូវ​តុលាការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មីនា នេះ​ថា សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​សុក្រ​នេះ​គ្មាន​ភាព​រីកចម្រើន​ទៅ​មុខ​ទេ។ លោក​បន្ថែម​ថា បើ​ទោះបីជា​ការ​បន្ធូរបន្ថយ​ដោយ​ប្រការ​ណា​មួយ​នោះ ក៏​មិន​បាន​ធំ​ទូលាយ​ដែរ ហើយ​ការ​បន្ធូរបន្ថយ​នោះ គឺជា​ល្បែង​ដែល​លោក ហ៊ុន សែន រៀបចំ​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​គាត់​ប៉ុណ្ណោះ។

សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ​ត្រូវ​គេ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ត្បិត​តុលាការ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដែល​លម្អៀង និង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច។

ជុំវិញ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ រួច។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា កម្ពុជា​គួរ​តែ​ត្រូវ​បាន​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ឡើងវិញ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ស្ដារ​សិទ្ធិ​នយោបាយ និង​ការ​បើក​លំហ​សេរីភាព​របស់​លោក កឹម សុខា ឱ្យ​អាច​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ចាប់តាំងពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ មក សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក​ចំនួន ៦៤​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​បើក​សវនាការ​លើ​សំណុំរឿង​នេះ ត្រូវ​ផ្អាក​ច្រើន​លើក​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​២០២០ មក ប៉ុន្តែ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២២ តុលាការ​បាន​បើក​ដំណើរការ​សវនាការ​របស់​លោក​សាជាថ្មី​ឡើងវិញ​រហូត​ដល់​ពេលនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស