27.5 C
Phnom Penh

យុវជន​មួយ​ក្រុម​នាំគ្នា​ចេញ​វាយប្រហារ​សារព័ត៌មាន​ឯករាជ្យ​បន្ទាប់ពី​ចូលរួម​ជាមួយ​បក្ស​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន​មួយ​ក្រុម​បាន​នាំគ្នា​ចេញ​វាយប្រហារ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស ដូចជា​វិទ្យុ​អាស៊ីសេរី (RFA) សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​សកម្ម​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​រឿង​បញ្ហា​ដីធ្លី សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម អំពើពុករលួយ និង​នយោបាយ បន្ទាប់ពី​ពួកគេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​សេចក្តី​អំពាវនាវ​មួយ​ចុះ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៣ អប​ជាមួយ​នឹង​រូបភាព​ផង​នោះ ក្រុម​យុវជន​ដែល​ទើប​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួកគេ​សម្រេច​ចូល​បម្រើ​ការងារ​ជាមួយ​លោក ហ៊ុន សែន នា​ពេលនេះ​ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ។ ដូច្នេះ ពួកគេ​បាន​ប្ដេជ្ញា​ចិត្ត​ឈប់​រិះគន់ និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា បច្ចុប្បន្ន លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ពោរពេញ​ដោយ​សន្តិភាព។

ក្រៅពី​សរសើរ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ហើយ ពួកគេ​ក៏​បាន​នាំគ្នា​ចេញ​វាយប្រហារ​លើ​ស្ថាប័ន​ព័ត៌មាន «RFA, The Cambodia Daily និង​អ្នក​នយោបាយ​ក្រៅ​ប្រទេស» បន្ទាប់ពី​ពួកគេ​ឈប់​ធ្វើ​ការងារ​សង្គម​ជាមួយ​សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​អង្គការ​សង្គម​ស៊ីវិល។

មិន​ត្រឹមតែ​ចុះចូល និង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ឡើយ ពួកគេ​ក៏​បាន​នាំគ្នា​អូស​ទាញ​យុវជន​ផ្សេងៗ​ទៀត​ឲ្យ​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ផង​ដែរ ខណៈ​ថ្មីៗ​នេះ អតីត​សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក ម៉េង ហេង ហើយ​អតីត​សកម្មជន​បរិស្ថាន​កូនភ្លោះ​ពីរ​នាក់ គឺ​លោក ជុំ ហួត និង​លោក ជុំ ហួរ ព្រមទាំង​អតីត​សកម្មជន ១០០​រាត្រី លោក មួង សូនី និង​លោក មួង សុភ័ក្រ ជាដើម ក៏​បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​គាំទ្រ​ចំពោះ​ចំណាត់ការ​លោក ហ៊ុន សែន បិទ​សារព័ត៌មាន វីអូឌី ដែរ។

ការ​អូស​ទាញ និង​នាំគ្នា​ចេញ​វាយប្រហារ​ស្ថាប័ន​ព័ត៌មាន RFA, The Cambodia Daily ខណៈ​ដែល​សារព័ត៌មាន​ទាំង​ពីរ​នេះ​បច្ចុប្បន្ន​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ហា​សង្គម នយោបាយ ដែល​កំពុង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។ បញ្ហា​សង្គម​ទាំងនោះ​មាន​ដូចជា រឿង​ជម្លោះ​ដីធ្លី វិបត្តិ​អត់​ការងារ​របស់​ប្រជាពលរដ្ឋ បញ្ហា​អំពើពុករលួយ ធនធាន​ធម្មជាតិ និង​បរិស្ថាន ព្រមទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន VOD ជាដើម។

ការ​ចេញ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន RFA, The Cambodia Daily ធ្វើឡើង​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​ការពារ​ក្រុម​យុវជន​ទាំងនោះ និង​ស្នើ​ទៅ​អ្នក​នយោបាយ​ប្រឆាំង និង​សង្គម​ស៊ីវិល​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ដោយ​បញ្ឈប់​ការ​រិះគន់​លើ​យុវជន​ចុះចូល​ជាមួយ​លោក​ទៀត។

បើ​តាម​លោក ហ៊ុន សែន បញ្ជាក់​កាលពី​ម្សិលមិញ​ថា ក្រុម​យុវជន​ដែល​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​វិញ​នេះ ដោយសារ​កន្លងមក​ពួកគេ​គាំទ្រ​បក្ស​ប្រឆាំង មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​គណបក្ស​ប្រឆាំង។

ជារឿយៗ គេ​សង្កេត​ឃើញ​ថា យុវជន​ក្ដី និង​បញ្ញវន្ត​ក្ដី បន្ទាប់ពី​ពួកគេ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគច្រើន​នៃ​ពួកគេ​តែងតែ​នាំគ្នា​ចេញ​មក​វាយប្រហារ ជេរប្រមាថ​លើ​ស្ថាប័ន​ចាស់​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ការងារ ជា​ថ្នូរ​បាន​តួនាទី​មុខតំណែង ជាដើម ទោះបីជា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ បាន​រំលោភ​ដីធ្លី សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏ដោយ។

ទោះបីជា​ក្រុម​យុវជន​ចេញ​វាយប្រហារ RFA, The Cambodia Daily ក្រោម​ហេតុផល​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​នាំ​មក​នូវ​សន្តិភាព​ក្ដី ប៉ុន្តែ​បើ​តាម​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ចុងឆ្នាំ​២០២២ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ដោយ​ក្នុង​នោះ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១២១ ក្នុង​ចំណោម ១៦៧​ប្រទេស​នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស