អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៦នាក់ក្នុងចំណោម ២៨នាក់ ត្រូវបានសម្រេចឲ្យចូលធ្វើជាមន្ត្រីរាជការ ខណៈអតីតបុគ្គលិក ២នាក់ផ្សេងទៀតបានបដិសេធមិនទទួលយកឲ្យចូលក្របខ័ណ្ឌរដ្ឋ ព្រោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់។
បើតាមរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធាននៃគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងជានិពន្ធនាយកទូរទស្សន៍ PNN លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នេះថា អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៦នាក់ក្នុងចំណោម ២៨នាក់ ត្រូវបានសម្រេចឲ្យចូលធ្វើជាមន្ត្រីរាជការ ហើយពីរនាក់ទៀត គណៈកម្មការបានបដិសេធ ដោយសារតែម្នាក់ដែលដាក់ពាក្យចូលក្របខ័ណ្ឌនោះបានឈប់ពីវិទ្យុ VOD មុនការបិទបញ្ចប់របស់វិទ្យុ ខណៈម្នាក់ទៀតមិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ VOD។
បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា បានផ្តល់ក្របខ័ណ្ឌដល់បុគ្គលិក VOD បន្ទាប់ពីលោកបានបញ្ជាទៅក្រសួងព័ត៌មាន ឲ្យដកអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ដោយការបិទនេះមិនបានធ្វើឡើងស្របទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានឡើយ។
ក្រៅពីបិទហើយ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈដោយកុំឲ្យអន្តរជាតិលូកដៃពាក់ព័ន្ធនឹងរឿងដែលលោកបិទសារព័ត៌មាន VOD ក្រោមហេតុផលថា កម្ពុជាមិនមែនជាប្រទេសរបស់ជនបរទេសទាំងនោះឡើយ។
វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្កើតឱ្យមានតុល្យភាពសារព័ត៌មាន និងផ្ដល់ចំណេះដឹងទាក់ទិននឹងជីវភាពសង្គម សេដ្ឋកិច្ច និងនយោបាយសំខាន់ៗ។ វិទ្យុវីអូឌីបានផ្ដល់នូវសំឡេងទៅដល់អ្នកដែលគ្មានមធ្យោបាយ អ្នកដែលគ្មានឱកាសបញ្ចេញសំឡេងឱ្យអ្នកមានតួនាទីធ្វើសេចក្តីសម្រេចនៅថ្នាក់ជាតិ និងមូលដ្ឋានបានដឹងបានឮ និងឆ្លើយតបសមស្រប និងទាន់ពេលវេលា។
ទាក់ទងទៅនឹងការបិទវិទ្យុ VOD នេះ កន្លងមកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទទូចឲ្យតំណាងរាស្ត្រកោះហៅរដ្ឋាភិបាលទៅសាកសួរជុំវិញការបិទសារព័ត៌មាន វីអូឌី ដើម្បីឆ្លុះបញ្ចាំងអំពីការគោរព និងអនុវត្តនូវសិទ្ធិទទួលបានព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានឲ្យដឹងថា ការស្នើសុំឲ្យតំណាងរាស្ត្រអាណត្តិទី៦ កោះហៅរដ្ឋាភិបាល ដោយមើលឃើញថា ការសម្រេចភ្លាមៗលុបចោលអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំនេះ បង្ហាញពីមន្ទិលសង្ស័យ ខណៈស្ថាប័នសារព័ត៌មានVOD មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាជាច្រើន៕