28 C
Phnom Penh

បណ្ដា​ប្រទេស​លោក​សេរី​ថា​ការ​កាត់ទោស​លោក កឹម សុខា ជា​កំហុស​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ សម្ដែង​ការ​សោកស្ដាយ​ដោយ​ចាត់ទុក​ការ​កាត់ទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ និង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​នេះ ថា​ដើម្បី​បំបិទ​សំឡេង​លោក កឹម សុខា និង​ជា​រឿង​ប្រឌិត ហើយ​ក៏​ជា​កំហុស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ប្រទេស​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នៅ​ថ្ងៃ​សុក្រ ទី​៣ មីនា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ ២៧​ឆ្នាំ​ក្នុង​សំណុំរឿង «សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ក្បត់​ជាតិ» ប៉ុន្តែ​មិន​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ទេ។ ក្រៅពី​កាត់ទោស​ហើយ លោក កូយ សៅ ក៏​បាន​សម្រេច​ដក​សិទ្ធិ​លោក កឹម សុខា មិន​ឲ្យ​ធ្វើ​នយោបាយ និង​ហាម​មិន​ឲ្យ​ជួប​ជនបរទេស និង​ខ្មែរ​ផង​ដែរ​ក្រៅពី​គ្រួសារ​របស់​លោក។

ក្រោយពី​កាត់ទោស​លោក កឹម សុខា ហើយ រដ្ឋមន្ត្រី​ក្នុង​ក្រសួង​នីមួយៗ និង​ក្រុម​ឧកញ៉ា​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​លោក ហ៊ុន សែន បាន​នាំគ្នា​ចេញ​ញត្តិ​បន្ទរ​តាម​ក្រោយ ដោយ​គាំទ្រ​ចំពោះ​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ខណៈ​បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​អន្តរជាតិ​សម្ដែង​ការ​សោកស្ដាយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​តុលាការ ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​កាត់ទោស​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​នយោបាយ​មួយ​រូប​នៅ​កម្ពុជា ដែល​ទទួល​បាន​នូវ​ការ​គោរព។

លោក​ចាត់ទុក​ការ​កាត់ទោស និង​ដក​សិទ្ធិ​នយោបាយ​លោក កឹម សុខា ក្រោម​បទ​ចោទប្រកាន់ «សន្ទិដ្ឋភាព​ជាមួយ​បរទេស» នោះ ថា​ជា​រឿង​ប្រឌិត ហើយ​ក៏​ជា​កំហុស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែរ។

លោក W. Patrick Murphy បន្ត​ថា ការ​មិន​ផ្តល់​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​លោក កឹម សុខា និង​ឥស្សរជន​នយោបាយ​ដទៃ​ទៀត​នេះ ជា​ការ​បំផ្លាញ​រដ្ឋធម្មនុញ្ញ និង​ការ​ប្ដេជ្ញា​ចិត្ត​ជា​អន្តរជាតិ ព្រមទាំង​ដំណើរ​ជឿនលឿន​កន្លងមក​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​សង្គម​មួយ​ដែល​មាន​ពហុបក្ស និង​ការ​ចូលរួម​ទាំងអស់​គ្នា។

ជាមួយ​គ្នា​នេះ ស្ថានទូត​អូស្ត្រាលី ក៏​បាន​សម្ដែង​ការ​ខកចិត្ត​ខ្លាំង​ចំពោះ​ការ​ប្រកាស​សាលក្រម​កាត់ទោស​លោក កឹម សុខា នៅ​ថ្ងៃទី​៣ មីនា នេះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ។ អូស្ត្រាលី​អំពាវនាវ​ឲ្យ​កម្ពុជា ត្រូវ​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​តម្លាភាព​ក្នុង​ករណី​នេះ ខណៈ​អូស្ត្រាលី​នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​កម្ពុជា ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​លំហ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួតប្រជែង​ពិតប្រាកដ ព្រមទាំង​គាំទ្រ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ចំណែក​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា វិញ ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ និង​លទ្ធផល​នៃ​សំណុំរឿង​លោក កឹម សុខា ដោយ​ថា​ការ​កាត់ទោស​លោក កឹម សុខា នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ប្រទេស​កម្ពុជា។

ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​គាំទ្រ និង​ការពារ​តម្លៃ​ប្រជាធិបតេយ្យ និង​បន្ត​ការ​លើក​កម្ពស់​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​នេះ ចក្រភព​អង់គ្លេស​នឹង​ពិចារណា​ពី​ផល​ប៉ះពាល់ គោលជំហរ​របស់​ខ្លួន​ដោយ​ស្ថិត​នៅ​ជាមួយ​គ្រួសារ​លោក កឹម សុខា ក្នុង​គ្រា​ដ៏​លំបាក​នេះ​ផង​ដែរ។

ដោយឡែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ផ្ដន្ទាទោស​ក្រោម​ហេតុផល​នយោបាយ​នេះ ហើយ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

នាយករង​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក Phil Robertson បាន​ចាត់ទុក​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា គឺ​គ្មាន​អ្វី​ក្រៅតែ​ពី​ឧបាយកល​នយោបាយ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដើម្បី​កុំ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កម្ពុជា​ធ្វើ​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

លោក​ថា តុលាការ​របប​លោក ហ៊ុន សែន កាត់ទោស​លោក កឹម សុខា មិនមែន​គ្រាន់តែ​ជា​ការ​បំផ្លាញ​គណបក្ស​នយោបាយ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​ជា​ការ​បំផ្លាញ​ក្តី​សង្ឃឹម​ដែល​ថា​ការ​បោះឆ្នោត​សកល​ពិតប្រាកដ​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ការ​កាត់​ឲ្យ​លោក កឹម សុខា ជាប់​ទោស «ក្បត់​ជាតិ ឬ​គប់គិត​ជាមួយ​រដ្ឋ​បរទេស» នា​ពេលនេះ អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្ស័យធន និង​វ័ណ្ឌក​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ឪពុក​ប្រកាស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន ខណៈ​អាមេរិក និង​អឺរ៉ុប ជាដើម ត្រូវ​បាន​លោក ហ៊ុន សែន ទុក​ជា​សត្រូវ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​ចោទប្រកាន់​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មក ពី​បទ សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​តាំងពី​ឆ្នាំ​២០១៩ មក បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

តុលាការ​ក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ពី​លោក ហ៊ុន សែន បាន​ចំណាយ​ពេល​អស់ ៥​ឆ្នាំ​កន្លះ ទម្រាំ​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស