28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ប្រឡង​ចូល​ទាហាន​កុំ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុក​ម្តាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស​ក្នុង​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ដែល​ត្រៀម​ប្រឡង​ចូល​ជា​ទាហាន ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន មិន​ត្រូវ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុកម្ដាយ​នោះ​ឡើយ។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដែល​ញាំញី​ទៅ​ដោយ​ការ​គំរាមកំហែង​ផ្ទៃក្នុង​ខ្លួនឯង​រូប​នេះ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ពិនិត្យ​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន​ជំនាន់​ថ្មី​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ ថា បេក្ខជន​ទាំងអស់​ត្រូវតែ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង កុំ​ពឹង​ផ្អែក​លើ​អ្នកដទៃ កុំ​ពឹង​លើ​អ្នក​ជិតខាង និង​កុំ​ពឹង​លើ​ប្រ៊ីយ៉ុង​ឱ្យ​សោះ។

លោ ហ៊ុន ម៉ាណែត បន្ថែម​ថា ពួកគេ​ក៏​មិន​ត្រូវ​ពឹង​ទៅ​លើ​ឪពុកម្ដាយ អ៊ំ ពូ មីង ឬ​បងប្អូន​ឲ្យ​ជួយ​អន្តរាគមន៍​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពឹង​ទៅ​លើ​ការ​សូកប៉ាន់​នោះ​ដែរ។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដែល​មាន​ការ​អន្តរាគមន៍​ឪពុក​ខ្លួនឯង លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា បេក្ខជន​ទាំងអស់​ត្រូវតែ​ជឿជាក់​លើ​សមត្ថភាព​ចំណេះដឹង​របស់​ខ្លួន ជាជាង​ពឹង​អ្នកដទៃ ព្រោះ​ថា​ខ្លួនឯង​ប្រឡង​ជាប់ គឺ​ជាប់​ដោយ​មោទកភាព ជាប់​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន ដែល​ជា​ស្នាដៃ​របស់​ខ្លួនឯង​ផ្ទាល់។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មីនា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​បំផុត នៅ​ពេល​ដែល​ខ្លួន​គាត់​មុន​នឹង​បាន​ឡើង​តំណែង​ខ្ពង់ខ្ពស់​ដូច​សព្វថ្ងៃ​នេះ មិនមែន​ត្រឹមតែ​មាន​ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ​ទេ គឺ​មាន​ការ​គំរាម​បង្ក​សង្គ្រាម​ផ្ទៃក្នុង​បក្ស​ខ្លួនឯង​ថែម​ទៀត ដូច្នេះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត គឺ​ដូច​គ្នា​នឹង​សត្វ​គីង្គក់​លក់​ឡេ​ដូច្នោះ​ដែរ។

លោក គឹម សុខ លើកឡើង​ថា បើ​និយាយ​ពី​ការ​ប្រឡង​ដោយ​យុត្តិធម៌ និង​គ្មាន​ការ​អន្តរាគមន៍​ពី​ឪពុកម្ដាយ លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​គ្រាន់តែ​ជា​កូន​ទាហាន​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​លោក ហ៊ុន សែន ជា​ឪពុក​របស់​គាត់​ដែល​ហ៊ាន​រំលោភ​ច្បាប់ រំលោភ​សិទ្ធិ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច ទើប​អាច​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ក្នុង​តំណែង​ខ្ពង់ខ្ពស់​ដូច​សព្វថ្ងៃ​នេះ​បាន ដូច្នេះ​បើ​ផ្អែក​ទៅ​លើ​ភស្តុតាង​ទាំងនេះ គាត់​មិន​សក្ដិសម​មក​និយាយ​អំពី​ការ​ប្រឡង​ដោយ​ប្រើ​សមត្ថភាព​ទៅ​កាន់​បេក្ខជន​ទាំងនោះ​ឡើយ។

ក្រោយពី​លោក ហ៊ុន ម៉ាណែត បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៩៩ និង​នៅ​ប្រទេស​អង់គ្លេស ហើយ​ត្រឡប់​មក​ធ្វើការ​ក្នុង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​របស់​ខ្លួន លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​តំណែង​ទាំង​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ឆាប់​រហ័ស​ជា​បន្តបន្ទាប់ ក្រោម​ការ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​របស់​លោក។

ជាក់ស្តែង កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ថែម​ទៀត។

លុះដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អង្គការ​ចាត់តាំង​កំពូល​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​កាន់​តួនាទី​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ថែម​ទៀត។

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត កាន់កាប់​តំណែង​កំពូលៗ​ជា​បន្តបន្ទាប់​មក នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក​ថែម​ទៀត បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៨ ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កូនប្រុស​របស់​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​រូបលោក​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា អ្នក​ដែល​មាន​បំណង​ធ្លាប់​ចង់​សម្លាប់​រូបលោក​កាលពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​គាត់​បាន​ស្គាល់​អ្នក​ទាំងនោះ​អស់​ហើយ គ្រាន់តែ​គាត់​មិន​ធ្វើ​អ្វី​លើ​ពួកគេ​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដោយ​ផ្អែក​លើ​ភស្តុតាង និង​ហេតុផល​ដែល​លោក ហ៊ុន សែន គំរាម​អ្នកដទៃ និង​ការ​ធ្វើ​អន្តរាគមន៍​គ្រប់​បែប​យ៉ាង​កន្លងមក បង្ហាញ​ថា​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​តំណែង​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​សព្វថ្ងៃ​នេះ​ទេ បើ​គ្មាន​ការ​ចេញ​មុខ​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស