28 C
Phnom Penh

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​៨​មីនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហព័ន្ធ​សហជីព​មួយ​ចំនួន​ធ្វើការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា នៅ​ថ្ងៃ​ពុធ នេះ តែ​ហាម​មិន​ឱ្យ​យក​កម្មវិធី​នេះ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​អនុញ្ញាត​នៅ​ថ្ងៃទី​៧ ខែ​មីនា នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ ៨​មីនា ចាប់ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ១២​កន្លះ​ថ្ងៃ​ត្រង់ ដែល​មាន​អ្នក​ចូលរួម​ចំនួន ៥០០​នាក់ ប៉ុន្តែ​មិន​ត្រូវ​ប្រើប្រាស់​កម្មវិធី​ខាង​លើ​នេះ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។

លោក ស ខេង បញ្ជាក់​ថា តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហព័ន្ធ​សហជីព ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ស្រប​តាម​ខ្លឹមសារ​ក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ដែល​បាន​ឯកភាព​គ្នា និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ត្រូវ​បាន​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

ការ​ចេញ​លិខិត​អនុញ្ញាត​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ប្រមូលផ្ដុំ​គ្នា​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី នៅ​ថ្ងៃទី ៨​មីនា នេះ។

កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (Central) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ថា ពួកគេ​នឹង​ប្រារព្ធ​កម្មវិធី​ខួប​លើក​ទី​១១២ នៃ​ទិវា​អន្តរជាតិ​នារី​នៅ​ថ្ងៃ ៨​មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «គាំពារ​ស្ត្រី និង​ក្មេងស្រី ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា» ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ​អះអាង​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​កម្មវិធី​នេះ គឺ​ដើម្បី​រម្លឹក​ដល់​ការ​តស៊ូ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ត្រី ក្មេងស្រី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី​នៅ​គ្រប់​វិស័យ។ ជាង​នេះ​ទៀត ក៏​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​អំពី​តម្រូវការ បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ក្មេងស្រី ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់ ទុក្ខ​កង្វល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ភាព​អយុត្តិធម៌​សម្រាប់​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន តែង​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ជានិច្ច​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី រហូត​បង្កើត​បាន​ជា​ពាក្យ​ស្លោក​ថា «ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ» សព្វថ្ងៃ​នេះ។

បែប​នេះ​ក្តី សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តែង​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​រដ្ឋាភិបាល​ជានិច្ច។ ជាក់ស្តែង ក្រុម​ស្ត្រី​ដែល​ធ្វើការ​តស៊ូ​មតិ ស្ត្រី​ជា​សកម្មជន​ដីធ្លី ស្ត្រី​ជា​សកម្មជន​បរិស្ថាន និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ជាដើម តែង​រង​នូវ​ការ​រំលោភ​បំពាន ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ទី​សាធារណៈ រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ពួកគេ​ធ្វើការ​សម្ដែង​មតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ប៉ុណ្ណោះ។

ជាក់ស្តែង សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព​នៃ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​បន្ទាប់ពី​ពួកគេ​ចេញ​មុខ​ទាមទារ​ឱ្យ​កម្មករ និង​ពលរដ្ឋ​រងគ្រោះ។ ជាង​នេះ​ទៀត សកម្មជន​នយោបាយ ដូចជា​កញ្ញា កឹម តុលា ដែល​ជា​អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ រួម​ជាមួយ​សកម្មជន​ដែល​ជា​ស្ត្រី​ជាច្រើន​ផ្សេង​ទៀត។

លើស​ពី​នេះ ស្ត្រី​អ្នក​សារព័ត៌មាន​ដែល​ជា​បុគ្គលិក​របស់​អង្គភាព​សារព័ត៌ វីអូឌី ដែល​ត្រូវ​បាន​បិទ ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ​កេរ្តិ៍​ខ្មាស​ពី​អ្នក​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកាហ្គោ និង​ញ៉ីវយ៉ក សហរដ្ឋ​អាមេរិក បាន​សាមគ្គី​គ្នា​ក្រោក​ឈរ​ឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បាន​ទទួល​ការ​គាបសង្កត់​យ៉ាង​ពេញ​ទំហឹង ត្រូវ​គេ​ចាប់​ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​ការងារ​ជាដើម។

ប៉ុន្តែ​ក្រោម​ការ​តស៊ូ​ដ៏​ស្វិតស្វាញ ការ​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ជា​បន្តបន្ទាប់ រហូត​ដល់​ឆ្នាំ​១៩៩៥ អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្រោម​ប្រធានបទ «សមភាព វឌ្ឍនភាព និង​សន្តិភាព» ដែល​ពិភាក្សា​នូវ​កង្វល់​យ៉ាង​ច្រើន​របស់​ស្ត្រី ដូចជា​ភាព​ក្រីក្រ ការ​អប់រំ អំពើ​ហិង្សា នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច សិទ្ធិ​នារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បញ្ហា​កុមារី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស