ប្រភពពីផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅកម្ពុជា បានលាតត្រដាងថា មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគយមួយនេះកំពុងបង្កើតចរន្តពន្យារអាយុ និងចរន្តជំរិតទារលុយពីក្រុមហ៊ុន និងអ្នករកស៊ីនាំទំនិញចេញចូលតូចធំដែលគ្មានខ្នងបង្អែក។
មន្ត្រីរាជការខាងពន្ធដារជាច្រើនបានលាតត្រដាងថា ក្រោយពេលចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករជំនួសលោក ប៉ែន ស៊ីម៉ន ជាង ៩ឆ្នាំ ឬជិតមួយទសវត្សរ៍កន្លងមកនេះ លោក គុណ ញឹម បានប្រព្រឹត្ត និងកំពុងតែប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការពេញចិត្តរហូតដល់បានប្រកាសប្រើអំណាចជានាយករដ្ឋមន្ត្រីពន្យារការចូលនិវត្តន៍ ឲ្យបន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។
ក្នុងឋានៈជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានបង្កើតឲ្យមានក្រុមពីរបែប ដើម្បីប្រព្រឹត្តអំពើពុករលួយស្របច្បាប់៖
- ទី១ ការបង្កើតក្រុមថ្មីឲ្យឈ្មោះថា «ក្រុមអនុលោម» ដើម្បីជំរិតទារលុយពីក្រុមហ៊ុន និងអ្នករកស៊ីនាំទំនិញចេញចូលតូចធំដែលគ្មានខ្នងបង្អែក។ អនុលោមមានន័យថា បណ្តោយតាម មិនទទឹងទាស់។ ក្រុមអនុលោម ទើបតែបានបង្កើតឡើងថ្មីៗនេះ ដែលដឹកនាំដោយលោក ប៉ោ សួន ជាអនុប្រធាននាយកដ្ឋានសវនកម្មនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
- ទី២ ក្រុមបង្កភាពគគ្រឹកគគ្រេងរឿងរត់ការពន្យារអាយុបន្តពេលកាន់តំណែងនៃក្រុមមន្ត្រីក្នុងស្ថាប័នគយ។
ប្រភពដដែលបានឲ្យដឹងទៀតថា «ក្រុមអនុលោម» នេះ គឺក្រុមជំនួយការ ឬក្រុមតាមស្តាប់សភាពការណ៍ដែលមានមុខនាទីចុះត្រួតពិនិត្យតាមសាខា-ការិយាល័យគយ និងរដ្ឋាករមាត់ច្រកចេញចូលទំនិញ ហើយធ្វើសេចក្តីរាយការណ៍ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីមានមូលដ្ឋានធ្វើសេចក្តីសម្រេចលើផែនការចំណូលពន្ធគយ។
ក្រុមអនុលោមរបស់លោក ប៉ោ សួន បានទទួលអំណាចដាវអាជ្ញាសឹកពីលោក គុណ ញឹម ហើយធ្វើសកម្មភាពចុះត្រួសត្រាយផ្លូវទៅដល់មាត់ច្រកចេញចូលទំនិញ និងកោះហៅក្រុមហ៊ុននាំចេញនាំចូលឲ្យទៅជួបធ្វើការចរចាឲ្យបង់លុយក្រៅឆាក ឬក្រៅផ្លូវការតាមជម្រើស ដូចជាបង់ប្រចាំសប្ដាហ៍ ឬបង់ប្រចាំខែ ឬតាមជើងនាំទំនិញចេញចូល ដែលភាសាម៉ូដឺប៉ាស់របស់មន្ត្រីគយថា «បង់តាមទឹកជ្រៅ ឬបង់តាមទឹករាក់»។
ប្រភពពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក ប៉ោ សួន ដែលជាប្រធានក្រុមអនុលោម កំពុងក្លាយជាសេនាធិការជំនួសមុខលោក គុណ ញឹម និងលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងល្បែងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដោយហ៊ានដើរបង្ខំទារលុយត្រង់ៗពីក្រុមហ៊ុន និងអ្នករកស៊ីតូចធំដែលគ្មានខ្នងបង្អែក ដើម្បីយកទៅចែកផលប្រយោជន៍ ចែកលាភគ្នាជាមួយមេៗស្ថាប័ន។
មន្ត្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សុទ្ធតែដឹងថា លោក ប៉ោ សួន ហ៊ានប្រើសម្ដីយ៉ាងអំនួតថា លោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រភពអំណាចបញ្ជាការងាររបស់ខ្លួនទៀតផង។
ប្រភពពីផ្ទៃក្នុងគយក៏បានឲ្យដឹងដែរថា អ្នកជំនួញ និងក្រុមហ៊ុននាំចេញ-នាំចូលភាគច្រើនលើសលប់បង់ពន្ធចូលរដ្ឋមិនបាន ៥០% នៃបរិមាណប្រាក់ពន្ធដែលពួកគេត្រូវបង់នោះទេ ដោយសារតែវប្បធម៌គប់គិតគ្នាប្រើអំណាចជំរិតស៊ីក្រោមតុរំលងច្បាប់ដូចករណីលោក ប៉ោ សួន ជាដើម ដែលចូលចិត្តប្រើអំណាចអាជ្ញារបស់មេ ប្រមូលលុយសំណូកពុករលួយយកទៅបែងចែកផលគ្នាតាមឋានានុក្រម។
មកដល់ពេលនេះ មិនទាន់មានប្រភពណាទម្លាយឲ្យដឹងថា នៅក្នុងមួយថ្ងៃ លោក ប៉ោ សួន ប្រមូលលុយបានប៉ុន្មាននោះទេ ប៉ុន្តែមន្ត្រីគយម្នាក់បានប្រាប់ The Cambodia Daily ថា គ្រាន់តែប្រធានគយចល័ត លោក កើត សុធារ៉ា ដែលនៅក្រោមការត្រួតពិនិត្យរបស់លោក ប៉ោ សួន នោះ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននិងអ្នករកស៊ីអត់ខ្នងបង្អែកត្របាញ់ជើងគ្នាយកលុយសំណូកទៅឲ្យដល់ផ្ទះ ហើយលោក កើត សុធារ៉ា អាចកើបប្រាក់បានយ៉ាងតិច ១០ម៉ឺនដុល្លារឯណោះក្នុងមួយថ្ងៃ ដើម្បីយកទៅចែកឲ្យមេៗ។
ប្រភពដដែលបានចោទជាសំណួរថា ចុះទម្រាំលោក ប៉ោ សួន ដែលជាប្រធាន «ក្រុមអនុលោម» ដែលមានមុខនាទីគ្រប់គ្រងគយចល័តខាងលោក កើត សុធារ៉ា ព្រមទាំងត្រួតលើសាខាគយទូទាំងប្រទេសផង តើក្នុងមួយថ្ងៃលោក ប៉ោ សួន ប្រមូលប្រាក់បានប៉ុន្មានសិបម៉ឺនដុល្លារទៅ? បើគេគិតអំពី ១០ម៉ឺន ឬ ១សែនដុល្លារក្នុងមួយថ្ងៃ គុណនឹង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ក្រុមនេះប្រមូលប្រាក់ក្រៅផ្លូវការក្រៅច្បាប់បានជិត ៣៧លានដុល្លារ។
កន្លងមក The Cambodia Daily ធ្លាប់ត្រូវបានប្រភពមន្ត្រីគយ ប្រាប់ឲ្យដឹងថា ការដូរប៉ុស្តិ៍ល្មមៗ ដូចជាកម្រិត ឬថ្នាក់ការិយាល័យ នាយកដ្ឋាន និងសាខាគយខណ្ឌជាដើម ក៏ត្រូវចំណាយប្រាក់សូកប៉ាន់យ៉ាងតិច ១០ម៉ឺនដុល្លារ។ រីឯប៉ុស្តិ៍មេគយរាជធានីភ្នំពេញ និងមេគយខេត្ត ដូចជាខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ដណ្ដើមគ្នាសូកប៉ាន់រកកន្លែងខ្លាញ់រហូតដល់ ១លាន ៥សែនទៅ ២លានដុល្លារ ហើយមានខ្នងក្រាស់ទើបដណ្ដើមឈ្នះគេយកតំណែងទាំងនេះបាន។
រីឯករណីនៃការពន្យារអាយុវិញ ស្ថាប័នគយកំពុងមានរឿងអាស្រូវនាំមុខគេ។ មិនខុសពីលោក គុណ ញឹម ទេដែលជាមេគយ លោក ប៉ោ សួន ដែលជាប្រធានក្រុមអនុលោមដ៏មានឥទ្ធិពល ល្បីខាងការប្រមូលប្រាក់ឲ្យមេៗនោះ ក៏បានរត់ការកែអាយុរួចហើយដែរ។
តាមអាយុក្នុងបញ្ជីជំរឿននៃគណៈរដ្ឋមន្ត្រី លោក ប៉ោ សួន កើតនៅឆ្នាំ១៩៦៤ គឺដល់ពេលចូលនិវត្តន៍នៅឆ្នាំ២០២៤ ខាងមុខនេះហើយ ប៉ុន្តែគាត់ត្រូវរ៉ូវគ្នាជាមួយអគ្គនាយកគយ លោក គុណ ញឹម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងមន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ លួចក្លែងឯកសារសាធារណៈ គឺកែអាយុគាត់ពីឆ្នាំកំណើត ១៩៦៤ មកកើតឆ្នាំ១៩៧៤ វិញ។ ក្នុងគល់បញ្ជីនៅគណៈរដ្ឋមន្ត្រី លោក ប៉ោ សួន មានកូដឆ្នាំកំណើត ១៩៦៤ តែក្នុងតារាងបៀវត្សរ៍កែដាក់ថាកើតឆ្នាំ១៩៧៤ គឺពន្យារបានរហូតដល់ទៅ ១០ឆ្នាំឯណោះ។
ប្រភពផ្ទៃក្នុងគយ បានឲ្យដឹងទៀតថា លោក ប៉ោ សួន ថែមទាំងបានប្រើលុយស្លចិត្តចៅក្រមឲ្យសម្រេចកែអាយុរបស់គាត់ដោយជោគជ័យ ហើយគាត់អាចរំលោភច្បាប់ងាយៗបែបនេះក៏ដោយសារតែលោកជាមនុស្សជំនិតនឹងលោក ហ៊ីង ប៊ុនហៀង ដែលជាមេកងពលតូចអង្គរក្សរបស់លោក ហ៊ុន សែន ដែរ។
លោក គុណ ញឹម ដែលជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវគ្រប់អាយុចូលនិវត្តន៍តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្ល៉េះ ប៉ុន្តែត្រូវលោក ហ៊ុន សែន ប្រកាសឲ្យបន្តតំណែងរហូតដល់ឆ្នាំ២០២៥ ដោយសារតែជាមនុស្សដែលលោក ហ៊ុន សែន ជឿទុកចិត្តផង និងជាមនុស្សជំនិតរបស់លោក អូន ព័ន្ធមុនីរត្ន័ ផង។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រើឆន្ទានុសិទ្ធិជានាយករដ្ឋមន្ត្រីពន្យារការចូលនិវត្តន៍ដល់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។
លោក ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់លោក គុណ ញឹម ក្នុងការកែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលគយ ជាពិសេសការបង្កើតឲ្យមានសាលាជាតិគយ ដែលជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សសម្រាប់វិស័យគយ។
ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករជំនួសលោក ប៉ែន ស៊ីម៉ន រួចមក លោក គុណ ញឹម បានប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាព។ ជាក់ស្ដែង ជារៀងរាល់ដើមខែ លោក គុណ ញឹម តែងបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធានទីស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ច្នៃជាឱកាសឲ្យលោក គុណ ញឹម ប្រមូលផលប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានទីស្នាក់ការ និងប្រធានការិយាល័យគយផងដែរ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោមសំបុត្រពីមេគយគ្រប់ច្រកគ្រប់ប៉ុស្តិ៍មិនតិចជាង ១០ម៉ឺនដុល្លារនោះទេ គឺមេគយតាមប៉ុស្តិ៍បង់លុយតាមតូចតាមធំ តាមតិចតាមច្រើនចាប់ពី ១០០០ ដល់ ៥០០០ ឬ ១០០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ បើមេគយច្រកណាមិនសូវមានរឿងអាស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុស គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ក្រែលជាងមុន។ នេះមានន័យថា លោក គុណ ញឹម តាមអ្នករាជការឲ្យដឹង ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ ៣ដង។
ប្រភពពីឈ្មួញម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ីដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន ដែលពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យត្រឹមតែ ៣០០០ ទៅ ៥០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម័យលោក គុណ ញឹម គេត្រូវចំណាយពី១០០០០ ទៅ ២០០០០ដុល្លារ។
ប្រភពពីមន្ត្រីគយបានឲ្យដឹងថា ប្រពន្ធរបស់លោក គុណ ញឹម ជាអ្នកកំពុងលូកដៃចូលកិច្ចការពីក្រោយខ្នងប្តី សូម្បីតែគណៈចាត់តាំងគយជានាយរងអគ្គនាយកដ្ឋានគយណាមួយ ក៏គ្មានសិទ្ធិហ៊ានស្មើដោះដូរបាន។ បើមន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវតែធ្វើទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ហើយប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួន។
ក្រុមមន្ត្រីគយធំៗដែលដល់អាយុត្រូវចូលនិវត្តន៍ ហើយនាំគ្នារត់ការពន្យារអាយុ មិនមែនមានតែអគ្គនាយកគយ លោក គុណ ញឹម ប្រធានក្រុមអនុលោម លោក ប៉ោ សួន តែពីរនាក់នេះទេ តែក៏នៅមានមន្ត្រីគយជាច្រើនរូបទៀតដែរ ក្នុងនោះមានទាំងលោក ផា អេងវ៉េង ដែលជាអគ្គនាយករងគយផងដែរ។ លោក ផា អេងវ៉េង ដែលមានអត្តលេខ ០៥៩៣ កើតនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៦៣។ ដូច្នេះគាត់គ្រប់អាយុ ៦០ឆ្នាំចូលនិវត្តន៍តាំងពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះម្ល៉េះ ប៉ុន្តែមកដល់ពេលនេះ គាត់នៅតែកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករដដែល។
អ្នកវិភាគនយោបាយ លោក គឹម សុខ បានអះអាងថា «ប្រសិនបើរដ្ឋាភិបាលប្រមូលបានត្រឹមត្រូវ ទាំងពន្ធគយ និងពន្ធដារ កុំឲ្យជ្រុះបាត់ច្រើនហួសហេតុពេក ក្នុងអំពើពុករលួយ នោះកម្ពុជាអាចអភិវឌ្ឍជាតិបានដោយមោទកភាព មិនចាំបាច់ខ្ចីលុយបរទេសប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំឲ្យប្រជាពលរដ្ឋខ្មែរដ៏ក្រីក្របន្តកំណើនជំពាក់បំណុលបរទេសវ័ណ្ឌកនោះទេ»។
អ្នកវិភាគនយោបាយ លោក គឹម សុខ បានលើកឡើងថា «ក្លិនស្អុយនៃអំពើពុករលួយនេះ ទំនងជាគ្មានស្ថាប័នណា ឬអ្នកណាហ៊ានលូកមាត់និយាយជំរុញឲ្យធ្វើសវនកម្មត្រឹមត្រូវឡើយ ព្រោះការប្រព្រឹត្តជាប្រព័ន្ធបណ្ដាញបែបនេះ អាចធ្វើទៅបាន លុះត្រាតែមានការផ្ដល់ឥទ្ធិពលអំណាចពីមេ ឬនាយក្រសួងសេដ្ឋកិច្ច និងមេគយ ឬក៏អាចជាល្បែងរបស់មេគយ និងមេក្រសួងសេដ្ឋកិច្ច បង្កើតក្រុមថ្មីឲ្យមនុស្សជំនិតរបស់ខ្លួនទៅដឹកនាំ ងាយស្រួលប្រមូលលុយឲ្យមូលតែមួយច្រក ងាយយកទៅចែកគ្នាធ្វើសេដ្ឋី»។
លោក គឹម សុខ ពន្យល់ថា «ករណីខ្លះមេៗស្ថាប័នមិនហ៊ានចេញមុខប្រមូលលុយពុករលួយដោយខ្លួនឯង ហើយក៏ប្រើល្បិចបង្កើតក្រុមការងារថ្មី ផ្ដល់អំណាចភ្លឺផង ងងឹតផង ជាឧទាហរណ៍ ក្រុមអនុលោមនេះជាដើម ឲ្យទៅរកលុយជំនួសមុខមេៗ យកលុយទៅចែកឲ្យមេធំៗ»។
លោក គឹម សុខា ថា «ករណីបែបនេះ វាក្លាយទៅជាវប្បធម៌នៃការប្រើអំណាចរបស់ប្រធានស្ថាប័ននីមួយៗនៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ទៅហើយ ហើយនេះនៅមិនទាន់រាប់ការសូកលុយចូលក្របខ័ណ្ឌរដ្ឋ ការសូកលុយដូរប៉ុស្តិ៍ការងារ និងការសូកលុយពន្យារអាយុជាដើមផង»។
អ្នកវិភាគនយោបាយរូបនេះបានប្រាប់ The Cambodia Daily ថា «ស្ថាប័ននីមួយៗ គួរបង្ហាញឈ្មោះមន្ត្រីដែលត្រូវចូលនិវត្តន៍ឲ្យបាន ១ឆ្នាំមុន ឬយ៉ាងហោចណាស់ ៦ខែមុនថ្ងៃចូលនិវត្តន៍ ដើម្បីត្រៀមរៀបចំអ្នកជំនួសការងារ ប៉ុន្តែស្ថាប័នទាំងអស់នៅតែលាក់លៀមឈ្មោះមន្ត្រីត្រូវចូលនិវត្តន៍ ដែលមេៗស្ថាប័នទុកករណីពន្យារអាយុធ្វើជាមុខរបរប្រមូលលុយពុករលួយ»។
លោក គឹម សុខ កត់សម្គាល់ថា «អគ្គនាយកគយក្លាយទៅជាស្ថាប័ននាំមុខគេទៅហើយក្នុងរឿងអាស្រូវពន្យារអាយុមន្ត្រី ហើយការពន្យារអាយុមន្ត្រីនេះ កំពុងតែក្លាយទៅជាជំងឺមហារីកក្នុងផ្ទៃរាជរដ្ឋាភិបាល»។
The Cambodia Daily ពុំអាចទាក់ទងលោក គុណ ញឹម ដើម្បីធ្វើការអត្ថាធិប្បាយចំពោះការចោទប្រកាន់ពីមន្ត្រីគយមួយចំនួននោះបានទេរហូតដល់ម៉ោងចេញផ្សាយសេចក្តីរាយការណ៍នេះ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០២១។
ប្រទេសកម្ពុជាត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងប្រទេសប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១២ មក ក្នុងនោះឆ្នាំ២០១៦ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់លេខ១៦១ ខណៈឆ្នាំ២០១៩ ជាប់លេខ១៦២ ឆ្នាំ២០២០ ជាប់លេខ១៦០ និងឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ១៥៧។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលមានចំណុចមួយចំនួនដំណើរការ ប៉ុន្តែលោកថាសម្រាប់ការអនុវត្តច្បាប់នៅខ្សោយ និងមិនមានតម្លាភាព ចំណែកការបង្កើតច្បាប់សំខាន់ៗមួយចំនួនដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅមានភាពយឺតយ៉ាវនៅឡើយ។
លោក ប៉ិច ពិសី បញ្ជាក់ថា នៅប្រទេសកម្ពុជា ការប្រព្រឹត្តអំពើពុករលួយខ្នាតតូចទាក់ទងនឹងការផ្តល់សេវាសាធារណៈតាមមូលដ្ឋាន មានតិចជាងមុន ប៉ុន្តែសម្រាប់អំពើពុករលួយធំៗដែលពាក់ព័ន្ធនឹងបក្ខពួក សែស្រឡាយ ការឃុបឃិតគ្នារវាងអ្នកមានអំណាច អ្នកមានលុយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
មាត្រា១ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ចែងថា ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ៕