38 C
Phnom Penh

រដ្ឋាភិបាល​ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ខណៈ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទិញ​ទឹក​ធ្វើ​ស្រែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​ទៅ​ថ្ងៃ​អនាគត។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចេញ​លិខិត​អបអរ​សាទរ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​០៨ រហូត​ដល់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត» ថា ពិធីបុណ្យ​ទន្លេ​គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ពិធីបុណ្យ​ទន្លេ​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​ប្រកប​ដោយ​និរន្តរភាព​ថែម​ទៀត។

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បញ្ជាក់​ថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការ​ចិញ្ចឹម​បីបាច់​ជីវិត និង​ជា​កន្លែង​បណ្តុះបណ្តាល​នូវ​វប្បធម៌ និង​អរិយធម៌​តាំងពី​បុរាណ​មក ហើយ​ទន្លេ​ក៏​ជា​អំណោយ​ពី​ធម្មជាតិ​ដែល​ជា​ទី​បង្អែក​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ខេត្ត​កំពង់ធំ គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ប្រទេស​កម្ពុជា និង​មាន​ព្រំប្រទល់​ជាប់​បឹង​ទន្លេសាប​វែង​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ទាំង ៥ ផ្សេង​ទៀត ដូចជា​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ឆ្នាំង ហើយ​ក៏​ជា​ខេត្ត​ដែល​ជា​អតីត​រាជធានី​ពី​បុរាណ​ដែល​បាន​កប់​ទុក​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​រាប់​មិន​អស់​ផង​ដែរ។

បឹង​ទន្លេសាប គឺជា​អាង​ស្តុក​ទឹក​ធម្មជាតិ និង​ជា​ជម្រក​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ទំហំ​សរុប​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា និង​ជា​មជ្ឈមណ្ឌល​នេសាទ​មួយ​យ៉ាង​ធំ។ ពោល​គឺជា​មជ្ឈមណ្ឌល​ត្រី​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ផង​ដែរ ដោយសារតែ​បឹង​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សុខសាន្ត និង​ជា​អាហារ​ដ៏​សម្បូរ​បែប​សម្រាប់​មច្ឆជាតិ​គ្រប់​ប្រភេទ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បឹង​ទន្លេសាប​ដែល​ត្រូវ​រដ្ឋាភិបាល​ចាត់ទុក​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ទាំង​ត្រី និង​ទឹក​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​ប្រកប​របរ​កសិកម្ម មិន​ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ជាក់ស្តែង នៅ​រដូវវស្សា ពលរដ្ឋ​ត្រូវ​រងគ្រោះ​ដោយ​ជន់​ទឹកទន្លេ ប៉ុន្តែ​នៅ​រដូវប្រាំង ពលរដ្ឋ​ត្រូវ​រងគ្រោះ​ដោយសារតែ​ខ្វះ​ទឹក​ទៅវិញ ខណៈ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​នៅឡើយ​ទេ ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​ជាង ៤០​ឆ្នាំ​មក​នេះ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ស្រុក​កំពង់ស្វាយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​តំបន់​របស់​ពួកគេ​តែង​រង​នូវ​ការ​ជន់​លិច​ពី​ទឹក​បឹង​ទន្លេសាប​នៅ​រដូវវស្សា​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​នៅ​រដូវប្រាំង ពួកគេ​ត្រូវ​ទិញ​ទឹក​ពី​ក្រសួង​ធនធាន​ទឹក ដើម្បី​ធ្វើ​ស្រែ​ប្រាំង​ដែល​តម្រូវ​ឲ្យ​ពួកគេ​បង់​លុយ​ទៅ​ឱ្យ​មន្ទីរ​កសិកម្ម​ទៅវិញ។

ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ស្រុក​កណ្ដៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដែរ​ថា ពួកគេ​មិន​អាច​ធ្វើ​ស្រែ​នៅ​រដូវវស្សា​បាន​ទេ ព្រោះ​មិន​អាច​ទប់ទល់​នឹង​ជំនន់​ទឹកទន្លេ​បាន ដូច្នេះ​ពួកគេ​ត្រូវ​ប្តូរ​មក​ធ្វើ​ស្រែ​នៅ​រដូវប្រាំង​វិញ ប៉ុន្តែ​ត្រូវ​បង់​លុយ​ឱ្យ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ទឹក​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ ដើម្បី​ទទួល​បាន​ទឹក​បង្ហូរ​ចូល​ក្នុង​ស្រែ​របស់​ពួកគេ។

សារព័ត៌មាន The Cambodia Daily បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដែល​ត្រូវ​ប្រកប​របរ​ធ្វើ​ស្រែ​ប្រាំង​សព្វថ្ងៃ​នេះ ត្រូវតែ​ទិញ​ទឹក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក ឬ​ត្រូវ​បង់​លុយ​ឲ្យ​ទៅ​មន្ទីរ​កសិកម្ម ជាដើម ដើម្បី​ទទួល​បាន​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​របស់​ខ្លួន។ បញ្ហា​នេះ ជា​ភស្តុតាង​មួយ​បង្ហាញ​ថា បឹង​ទន្លេសាប​មិនមែន​ជា​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​កម្ពុ​ជាទូទៅ​នោះ​ទេ ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​សម្រាប់​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា បឹង​ទន្លេសាប គឺជា​ទ្រព្យ​ដ៏​មហាសាល​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទប់ស្កាត់​ការ​នេសាទ​ខុស​ច្បាប់ និង​ការពារ​នូវ​ការ​គោក​រាក់​របស់​បឹង​ទន្លេសាប​នេះ​ឱ្យ​បាន​ទាន់​ពេល​ទេ នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។ ក្រៅពី​នេះ ក៏​មិន​អាច​ធានា​នូវ​ទំហំ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​បាន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស