អ្នកស្រី ជា សិរី កូនស្រី​របស់​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា។

ព័ត៌មានជាតិ

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​តែងតាំង​កូន​ក្នុង​ស្ថាប័ន​ខ្លួន​ថា​ជា​របប​ដឹកនាំ​ដែល​សម្លាប់​មរតក​និង​ព្រលឹង​ជាតិ

By ឌឹ ខេមបូឌា ដេលី

March 14, 2023

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​តែងតាំង​កូនចៅ​របស់​ខ្លួន​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ ថា​ជា​របប​ដឹកនាំ​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​សម្លាប់​មរតក និង​ព្រលឹង​ជាតិ មុន​នឹង​ពួកគេ​កម្ទេច​ពូជសាសន៍​ឯង​ជា​ចុងក្រោយ​ដោយសារ​មាន​លោក ហ៊ុន សែន ធ្វើ​ជា​គំរូ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​តែងតាំង​កូនស្រី​របស់​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា ឲ្យ​ទៅ​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា។

ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​អ្នកស្រី ជា សិរី ជា​អគ្គទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ការ​ត្រាស់​បង្គាប់​តែងតាំង​កូនស្រី​របស់​លោក ជា ចាន់តូ នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ពី​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ការ​តែងតាំង​កូន​ជា​អនុប្រធាន ប្រពន្ធ​ជា​ប្រធាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ហើយ​សាច់ញាតិ​ជា​សេនាធិការ ខណៈ​ឪ​ជា​ប្រធាន​ស្ថាប័ន វា​ជា​របប​ដឹកនាំ​សង្គម​ដែល​សម្លាប់​មរតក និង​ព្រលឹង​ជាតិ មុន​កម្ទេច​ពូជសាសន៍​ឯង​ជា​ចុងក្រោយ។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​លោក អ៊ុំ សំអាន ក៏​បាន​លើកឡើង​ដែរ​ថា ការ​តែងតាំង​អ្នកស្រី ជា សិរី ក្នុង​តួនាទី​ជា​អគ្គទេសាភិបាល​រង ខណៈ​លោក ជា ចាន់តូ ជា​ឪពុក​មាន​តួនាទី​ជា​ទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា​នេះ វា​បង្ហាញ​ពី​ការ​ប្រមូល​គ្រួសារ​របស់​ខ្លួន​កាន់​តំណែង​ក្នុង​កន្លែង​ខ្លាញ់​ដើម្បី​កុំ​ឲ្យ​បែក​ទ្រព្យ។

លោក​ចាត់ទុក​ការ​តែងតាំង​កូនៗ​ក្នុង​ស្ថាប័ន​ដែល​ពួកគេ​កំពុង​ដឹកនាំ​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​ពី​ការ​កាន់​តំណែង​ត​ពូជ​តាំងពី​ថ្នាក់​កំពូល​រហូត​ដល់​ថ្នាក់​ក្រោម ដោយ​មាន​លោក ហ៊ុន សែន ធ្វើ​ជា​គំរូ​ក្នុង​ការ​បន្ត​តំណែង​ត​ពូជ​ត​ត្រកូល​នេះ។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏​បាន​រិះគន់​ករណី​នេះ​ដែរ ហើយ​ពួកគេ​បាន​នាំគ្នា​ប្រៀបធៀប​ថា កូន​កសិករ​ទោះបី​មាន​សមត្ថភាព​ប៉ុនណា ក៏​មិន​អាច​បាន​តួនាទី និង​កាន់​តំណែង​បែប​នេះ​ឡើយ។

ការ​តែងតាំង​កូន គ្រួសារ និង​សាច់ញាតិ​ត​ពូជ​ត្រកូល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន មេដឹកនាំ​ដែល​កាន់​អំណាច​ចំនួន ៣៨​ឆ្នាំ​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​លោក​កំពុង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន។

ពួកគេ​និយាយ​ថា ដោយសារតែ​ការ​ដឹកនាំ​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន បែប​នេះ​ហើយ បាន​ជា​មន្ត្រី​គ្រាក់ៗ​របស់​គាត់​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ធំៗ កំពុង​ប្រជែង​គ្នា​ដាក់​កូនចៅ គ្រួសារ និង​សាច់ញាតិ​របស់​ពួកគេ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ។

ជាក់ស្ដែង ដូចជា​កូន​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក ខណៈ​លោក កែវ បេងវឌ្ឍន៍ អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​ដាក់​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ កែវ បេងវី ធ្វើ​ជា​អគ្គនាយករង ហើយ​កូន​បង្កើត​ឈ្មោះ កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវ​បាន​លោក កែវ បេងវឌ្ឍន៍ ដាក់​ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទី​៣ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច។

ក្រៅពី​ការ​តែងតាំង​កូនស្រី​របស់​លោក ជា ចាន់តូ នា​ពេល​ថ្មីៗ​នេះ ការ​តែងតាំង​សែស្រឡាយ និង​បក្ខពួក​របស់​ខ្លួន​ក៏​មាន​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ដែរ ខណៈ​អំពើពុករលួយ​នៅ​កម្ពុជា​នេះ​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ស្ថាប័ន​នីមួយៗ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ចាត់​ចំណាត់ថ្នាក់​អំពើពុករលួយ​ឆ្នាំ​២០២២ នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​លេខ​រៀង​១៥០ ក្នុង​ចំណោម ១៨០​ប្រទេស ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅតែ​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បន្ទាប់ពី​ប្រទេស​មីយ៉ាន់ម៉ា បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕