លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

នយោបាយ

សភា​អឺរ៉ុប​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា​ករណី​លោក កឹម សុខា

By ឌឹ ខេមបូឌា ដេលី

March 15, 2023

សភា​អឺរ៉ុប នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា ករណី​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃទី​១៦ ខែ​មីនា ខាងមុខ​នេះ បន្ទាប់ពី​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​កាត់ទោស​ឲ្យ​លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

បើ​យោង​តាម European Parliament in ASEAN កាលពី​ថ្ងៃទី​១៣ មីនា បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ក្នុង​សប្តាហ៍​នេះ នឹង​ធ្វើ​នៅ​ទីក្រុង Strasbourg ប្រទេស​បារាំង ដោយ​ការ​រៀបចំ​កិច្ចប្រជុំ​អន្តរ​សភា​សហភាព​អឺរ៉ុប-ឥណ្ឌូនេស៊ី លើក​ទី​១២។

ប្រភព​ដដែល​បញ្ជាក់​ថា កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៦ ខែ​មីនា នេះ សភា​អឺរ៉ុប​ក៏​នឹង​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្ដីពី​កម្ពុជា ករណី​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា ផង​ដែរ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ទាំង​គ្មាន​ភស្តុតាង និង​ជា​ការ​ប្រឌិត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​អាវុធ ចេតនា​នយោបាយ ដើម្បី​បំបិទ​មាត់​លោក កឹម សុខា និង​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣។

ពួកគេ​ចាត់ទុក​សាលក្រម​កាត់ទោស​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ VOD ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​បង្អស់​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​កាលពី​ខែ​កុម្ភៈ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​បរិបទ​នៃ​ការ​បន្ត​ការ​គំរាមកំហែង និង​ការ​យាយី​ចំពោះ​ជន​ណា​ដែល​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មាន​អ្នកទោស​នយោបាយ​ជាច្រើន​នៅតែ​កំពុង​ជាប់​ពន្ធនាគារ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា កម្ពុជា​ជា​រដ្ឋ​ឯក​បក្ស​ចាប់តាំងពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង ដែល​ករណី​នេះ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ជា​អន្តរជាតិ​ដល់​លោក ហ៊ុន សែន និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក ហ៊ុន សែន ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​គាបសង្កត់​អ្នក​ប្រជាធិបតេយ្យ ដោយសារ​មិន​មាន​វិធានការ​ជាក់ស្ដែង​ដើម្បី​ឲ្យ​គាត់​ត្រឡប់​មក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ។

ជាមួយ​គ្នា​នេះ ពួកគេ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព និង​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ និង​ត្រូវតែ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

មួយ​វិញ​ទៀត ត្រូវ​ស្ដារ​នីតិសម្បទា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ដោយ​ផ្អែក​លើ​ការ​ចោទប្រកាន់​ដោយ​ប្រឌិត​មក​លើ​លោក កឹម សុខា ឡើងវិញ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ដែល​កំពុង​និរទេស​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។

ប៉ុន្តែ​បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិន​ព្រម​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត ព្រមទាំង​មិន​អនុញ្ញាត​ឲ្យ​សារព័ត៌មាន VOD បើក​ដំណើរការ​វិញ​ទេ ពួកគេ​ថា​សភា​អឺរ៉ុប សហគមន៍​អន្តរជាតិ គួរតែ​អនុម័ត​វិធានការ​រឹត​បន្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​នៃ​កងកម្លាំង​សន្តិសុខ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ការ​រំលាយ និង​ការ​គាបសង្កត់​គណបក្ស​ប្រឆាំង។ ដូច្នេះ ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​គួរតែ​ផ្អាក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ទ្វេភាគី​ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​ផ្ដោត​លើ​ការ​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​វិញ ខណៈ​ការ​ពន្យារ​ពេល​បន្ថែម​របស់​អន្តរជាតិ​ក្នុង​ការ​ធ្វើ​សកម្មភាព និង​ការ​ចាត់​វិធានការ​សម្របសម្រួល​ដើម្បី​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ នឹង​នាំ​ឲ្យ​មាន​ការ​បែកបាក់​ទាំងស្រុង​នូវ​គ្រឹះ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​កសាង​ឡើង​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​របប​ផ្ដាច់ការ​នឹង​ចំណេញ​បន្ថែម​ទៀត។

ការ​ចេញ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ស្រប​ពេល​ដែល​សភា​អឺរ៉ុប នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៦ ខែ​មីនា នេះ ដោយ​ក្នុង​កិច្ចប្រជុំ​នោះ ក៏​នឹង​លើក​យក​ករណី​លោក កឹម សុខា មក​ជជែក​ដែរ។

យ៉ាងណា ការ​ប្រជុំ​ដោយ​ភ្ជាប់​នឹង​រឿង​លោក កឹម សុខា របស់​អឺរ៉ុប​នេះ បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ​ចំនួន ២៧​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស» ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក។

ត្បិត​ទោស ២៧​ឆ្នាំ តុលាការ​កម្ពុជា​មិន​ដាក់​គុក​លោក កឹម សុខា ក៏​ពិត​មែន ប៉ុន្តែ​តុលាការ​បាន​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ដោយ​ហាម​ជួប​ខ្មែរ និង​ជួប​បរទេស​ដែល​ទំនង​សំដៅ​លើ​ស្ថានទូត​ប្រទេស​លោក​សេរី ដែល​កន្លងមក​តែង​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។

ក្រៅពី​កាត់ទោស ២៧​ឆ្នាំ និង​ហាមឃាត់​ខ្មែរ ព្រមទាំង​ជនបរទេស​ជួប​ហើយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ពេញ​មួយ​ជីវិត​ផង​ដែរ។

វិធាន​បន្តបន្ទាប់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​លោក ហ៊ុន សែន ដើម្បី​កាត់ទោស​លោក កឹម សុខា ហើយ​បិទ​សារព័ត៌មាន វីអូឌី ថ្មីៗ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​លើកឡើង​ថា​ជា​ការ​ត្រួសត្រាយ​ផ្លូវ​របស់​លោក ហ៊ុន សែន ដើម្បី​ផ្ទេរ​អំណាច​ត​ត្រកូល​ទៅ​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត៕