មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន ប្រកាសចាក់ផ្សាយខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាប្រវត្តិផ្ទាល់របស់លោកក្នុងរយៈពេល ១០ថ្ងៃទៀត ដែលនឹងចាក់ផ្សាយតាមទូរទស្សន៍ផង និងបង្ហោះតាមប្រព័ន្ធតេឡេក្រាមផង ដើម្បីឲ្យប្រជាពលរដ្ឋមើលរឿងនេះឲ្យបានកាន់តែច្រើន។
មេដឹកនាំអតីតបក្សកុម្មុយនីស្តវៀតណាម លោក ហ៊ុន សែន លើកឡើងក្នុងពិធីពិនិត្យការសាងសង់ទំនប់វារីអគ្គិសនីនៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះថា ខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាប្រវត្តិផ្ទាល់ខ្លួនរបស់លោក នឹងចាក់បញ្ចាំងជាផ្លូវការតាមទូរទស្សន៍បាយ័ន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រកាសចាក់ផ្សាយខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ធ្វើឡើងបន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មីនា នេះថា ខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះ មិនមានតម្លៃស្មើនឹងប្រលោមលោករឿង កុលាបប៉ៃលិន ឬរឿងសុផាត ឡើយ ព្រោះរឿងនេះគ្រាន់តែជារឿងដែលផលិតឡើងដើម្បីឃោសនានយោបាយឲ្យបក្សកាន់អំណាច និងលើកតម្កើងលោក ហ៊ុន សែន ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោក ហ៊ុន សែន អស់អំណាច គ្មានអ្នកណាមើលរឿងនេះទេ ក្រៅតែពីក្រុមគ្រួសាររបស់គាត់នោះ។
លោក ម៉ែន ណាត អះអាងថា សាច់រឿងក្នុងខ្សែភាពយន្តនេះមិនដូចប្រវត្តិដែលលោក ហ៊ុន សែន ដឹកនាំជាក់ស្តែងទេ ព្រោះថាក្នុងរឿងនេះ គេមិនបានបញ្ចូលនូវការឃុបឃិតដែលលោក ហ៊ុន សែន បានអនុវត្តក្រោមបញ្ជារបស់វៀតណាម ដើម្បីសម្លាប់ខ្មែរក្នុងផែនការ «ក៥» និងការចុះហត្ថលេខាខុសច្បាប់នានាដែលបានកាត់ទឹកដីឲ្យវៀតណាមតាំងពីឆ្នាំ១៩៨២ មកនោះទេ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ខ្សែភាពយន្តនេះនឹងត្រូវមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាសើចចំអកគ្រប់គ្នា ព្រោះថានៅពេលដែលលោក ហ៊ុន សែន រត់ទៅប្រទេសវៀតណាម មិនមែនមានបំណងដើម្បីរំដោះជាតិទេ គឺរត់យកតែរួចជីវិតប៉ុណ្ណោះ ប៉ុន្តែដំណើររបស់គាត់គឺត្រូវនឹងផែនការឈ្លានពានប្រទេសកម្ពុជារបស់វៀតណាម ដែលបានត្រៀមទុកនៅពេលនោះ។
លោក ម៉ែន ណាត គូសបញ្ជាក់ថា ហេតុផលមួយដែលថាលោក ហ៊ុន សែន រត់ទៅត្រូវនឹងផែនការរបស់វៀតណាម គឺការបង្កើតរណសិរ្សរំដោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ប៉ុន្តែក្រោយការបង្កើតរណសិរ្សនេះបានតែ ១ខែ ៥ថ្ងៃ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ស្រាប់តែក្រុមរណសិរ្សនេះអាចវាយលុកយកឈ្នះលើកងទ័ពខ្មែរក្រហមតែម្តង។ លោកបន្ថែមថា ក្រោមហេតុផលបែបនេះ បើវៀតណាមមិនត្រៀមផែនការទុកមុនទេ ពួកគេក៏មិនអាចឈ្លានពានទឹកដីកម្ពុជាបានលឿនបែបនេះដែរ ហើយសាច់រឿងដែលមានហេតុផលបែបនេះ គេនឹងមិនដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះឡើយ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ក្រោមស្នាដៃដឹកនាំដោយល្បិចទុច្ចរិតនៃនយោបាយប្រឌិតប្រវត្តិសាស្ត្ររបស់លោក ហ៊ុន សែន គួរតែកែចំណងជើងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ទៅជារឿង កូនប្រុសក្រោមពន្លឺផ្កាយចោរវិញ ទើបត្រូវនឹងស្ថានភាពខ្ទេចខ្ទាំជាក់ស្តែងនៃប្រទេសខ្មែរដែលលោក ហ៊ុន សែន កំពុងដឹកនាំសព្វថ្ងៃនេះ ព្រោះថាឈាមស្រស់ និងទឹកភ្នែកឈឺចាប់ដ៏អយុត្តិធម៌របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានហូរធ្លាក់មករាប់លានតំណក់ក្រោមការប្រព្រឹត្តអំពើទុច្ចរិតរបស់កងកម្លាំងក្រោមការបញ្ជារបស់លោក ហ៊ុន សែន ដោយផ្ទាល់តាំងពីគាត់ឡើងកាន់អំណាចដែលត្រូវវៀតណាមលើកបន្តុបរហូតដល់ពេលនេះ។
ប្រភពដដែលបញ្ជាក់ថា សាច់រឿងដែលអាចបង្ហាញខ្លឹមសារពិតទាំងស្រុង ទើបចាត់ទុកជាតម្លៃនៃឯកសារប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយ និងមនុស្សជាតិទូទៅពិតប្រាកដបាន ដើម្បីឱ្យពួកគេឈ្វេងយល់កាន់តែច្បាស់ថា តើអំណាចនាយករដ្ឋមន្ត្រីខ្មែរដែលដឹកនាំតាមចរិតផ្ដាច់ការហិង្សានិយមរបស់លោក ហ៊ុន សែន នេះ បានរុញឱ្យកម្ពុជាធ្លាក់អន់ថយ និងនាំអន្តរាយដល់ទឹកដី និងពូជសាសន៍ខ្មែរដល់កម្រិតណាក្នុងពេលបច្ចុប្បន្ននេះ។
កម្ពុជាដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ត្រូវគេរកឃើញថា បានសម្លាប់យុវជនខ្មែរប្រមាណជា ១០ម៉ឺននាក់ក្នុងផែនការ «ក៥» របស់រដ្ឋការក្រុងហាណូយ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាថ្នូរនឹងការជួយជ្រោមអំណាចរបស់វៀតណាម ឱ្យលោក ហ៊ុន សែន ឡើងកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីខ្មែរដល់សព្វថ្ងៃនេះ ដូច្នេះខ្សែភាពយន្តដែលលោក ហ៊ុន សែន ប្រឌិតឡើងនេះគ្រាន់តែជារឿងភូតកុហកប៉ុណ្ណោះ៕