31.8 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖ លោក សម រង្ស៊ី វាយប្រហារ​អាមេរិក​ថា​ពុករលួយ​រឿង​ការ​សិក្សា​នៅ​West Point

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត អះអាង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​វាយប្រហារ​សហរដ្ឋ​អាមេរិក​ថា​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​ទៅ​នឹង​ការ​សិក្សា​របស់​លោក​នៅ​សាលា West Point។

កូនប្រុស​ច្បង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នៃ​យោធភូមិភាគ​ទី​៥ កងទ័ព​ជើងគោក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ជុំវិញ​ការ​សិក្សា​របស់​លោក​នៅ​សាលា West Point របស់​អាមេរិក គឺ​ដោយសារតែ​គាត់​មិន​យល់​ពី​ប្រព័ន្ធ​គ្រប់គ្រង​នូវ​ដំណើរការ​របស់​សាលា​នេះ និង​ដើម្បី​វាយប្រហារ​មក​លើ​រូបលោក​ប៉ុណ្ណោះ។

កូនប្រុស​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា សម្រាប់​ជនបរទេស​ដែល​ចង់​ចូល​រៀន​នៅ​សាលា​នេះ ត្រូវតែ​ដាក់​ពាក្យ​នៅ​តាម​ស្ថានទូត​អាមេរិក​ដែល​មាន​នៅ​ប្រទេស​របស់​ខ្លួន ដើម្បី​ឲ្យ​ស្ថានទូត​ធានា​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ប្រឡង​ចូល​រៀន​នៅ​សាលា​នេះ ខណៈ​ជនជាតិ​អាមេរិកាំង​ក៏​ត្រូវ​មាន​ការ​ធានា​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​អាមេរិក​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា អ្នក​ដែល​គ្មាន​ការ​ធានា​ពី​ស្ថានទូត​អាមេរិក និង​ឬ​មន្ត្រី​ជាន់ខ្ពស់​របស់​អាមេរិក ទោះ​ពួកគេ​ពូកែ​ប៉ុនណា​ក៏ដោយ ក៏​មិន​មាន​សិទ្ធិ​សូម្បី​តែ​ចូល​ប្រឡង​នៅ​សាលា​នេះ​ឡើយ កុំ​ថា​ឡើយ​ដល់​ទៅ​ចូល​រៀន​នោះ ដូច្នេះ​ពាក្យ​ដែល​លោក​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​កាន់​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​ថា​ទាល់តែ​មាន​អ្នក​ជួយ​នោះ គឺ​សំដៅ​ដល់​ការ​ធានា​ដែល​តម្រូវ​ដោយ​សាលា West Point បែប​នេះ​ឯង មិនមែន​ជា​ការ​ជួយ​ឲ្យ​ជាប់​បាន​ចូល​រៀន​នោះ​ទេ។

កូនប្រុស​ច្បង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រូប​នេះ​បញ្ជាក់​ថា បើ​លោក សម រង្ស៊ី ចោទ​លោក​ថា បាន​ចូល​រៀន​នៅ​សាលា​នេះ​ព្រោះ​តែ​មាន​អ្នក​ជួយ​ដោយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ នោះ​មាន​ន័យ​ថា លោក សម រង្ស៊ី កំពុង​វាយប្រហារ​អាមេរិក​ថា​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដែរ​ចំពោះ​បញ្ហា​នេះ។

នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ជា​ឪពុក​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ថា​បើ​ខ្លួន​ចាស់​ហើយ សូម​ឲ្យ​ច្បាស់​ជាង​ក្មេង បើ​មិន​ច្បាស់ គួរ​ទៅ​សួរ​នៅ​សាលា West Point ឲ្យ​ច្បាស់​ទៅ ប្រយ័ត្ន​ខ្មាស​ក្មេង។

កាលពី​ថ្ងៃទី​១២ ខែ​មីនា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​លិខិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​សរសេរ​ទៅ​កាន់​លោក ហ៊ុន សែន កាលពី ៣០​ឆ្នាំ​មុន​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ចំណេះដឹង​អ្វី​ក្រៅតែ​ពី​តោង​ជើងខោ​លោក ហ៊ុន សែន និង​ឡើង​ឋានៈ​តាម​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ​ទេ។

លោក សម រង្ស៊ី លើកឡើង​ថា ដូច​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​ប្រាប់​ទៅ​ឪពុក​របស់​គាត់​អ៊ីចឹង​ថា គាត់​បាន​ចូល​រៀន​សាលា​ទាហាន​នៅ​សហរដ្ឋ​អាមេរិក ដោយសារតែ​មាន​ការ​យោគយល់ និង​ការ​ជំរុញ​ពី​លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី និង​ជា​មេទ័ព ទើប​គាត់​អាច​ចូល​រៀន​សាលា​នេះ​បាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា បើ​នៅ​ស្រុក​គេ ពេល​លោក ហ៊ុន ម៉ាណែត ចេញពី​សាលា​នេះ ហើយ​បើ​គាត់​មាន​សញ្ជាតិ​អាមេរិកកាំង​ផង​នោះ គាត់​អាច​ធ្វើ​ត្រឹមតែ​កូន​ទាហាន​ពាក់​ស័ក្តិ​១ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​ដែល​មាន​លោក ហ៊ុន សែន ជា​ឪពុក​របស់​គាត់​អាច​ឡើង​ធ្វើ​ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​៣ ភ្លាមៗ​មួយ​រំពេច​ក្រោយពី​ចេញពី​សាលា​នេះ។

ក្រោយពី​លោក ហ៊ុន ម៉ាណែត បញ្ចប់​ការ​សិក្សា​នៅ​អាមេរិក​កាលពី​ឆ្នាំ​១៩៩៩ និង​នៅ​ប្រទេស​អង់គ្លេស ហើយ​ត្រឡប់​មក​ធ្វើការ​ក្នុង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​របស់​ខ្លួន លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​តំណែង​ទាំង​ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ឆាប់​រហ័ស​ជា​បន្តបន្ទាប់ ក្រោម​ការ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​របស់​លោក។

ជាក់ស្តែង កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​តែងតាំង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ថែម​ទៀត។

លុះ​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សមាជិក​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អង្គការ​ចាត់តាំង​កំពូល​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​កាន់​តួនាទី​ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ថែម​ទៀត។

ក្រោយពី​លោក ហ៊ុន ម៉ាណែត កាន់កាប់​តំណែង​កំពូលៗ​ជា​បន្តបន្ទាប់​មក​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក​ថែម​ទៀត បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៨ ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កូនប្រុស​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​រូបលោក​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស